
16
Dec, 2016
សិក្ខាសាលាស្ដីអំពីការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS
មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន៥២រូបបានចូលរួម សិក្ខាសាលាស្ដីអំពីការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត ដែលរៀបចំឡើងដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នេះ។
នៅក្នុងសិក្ខាសាលានេះ ប្រធានរតនាគារ និងមន្ត្រីបង្គោលដែលប្រើប្រាស់ប្រព័ន្ធ FMIS បានលើកឡើងអំពីវឌ្ឍនភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃជាមួយប្រព័ន្ធ FMIS បញ្ហាប្រឈមដែលជួបប្រទះផ្ទាល់ក្នុងកំឡុងពេលអនុវត្តការងារអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ ក៏ដូចជាសំណូមពរមួយចំនួនផងដែរ។
ជាក់ស្ដែង រតនាគារជាច្រើនបានថ្លែងសរសើរអំពីសមត្ថភាពក្នុងការគ្រប់គ្រងព័ត៌មាននៅក្នុងប្រព័ន្ធ ដែលរតនាគារពុំធ្លាប់នឹកស្មានដល់ពីមុនមក។ ជាឧទាហរណ៍ រតនាគារអាចតាមដានឥណទានគ្រប់ពេលវេលា សម្រាប់អង្គភាពចំណាយនៅតាមរាជធានី-ខេត្ត មិនឱ្យមានការខុសឆ្គង ឬការទូទាត់ចំណាយដោយពុំមានឥណទានត្រឹមត្រូវនោះទេ។ ទោះជាយ៉ាងណា មន្ត្រីមកពីរាជធានី-ខេត្តនីមួយៗ ក៏បានលើកឡើងនៅបញ្ហាប្រឈមសេសសល់នានា ដែលរតនាគាររបស់ខ្លួនបានជួបប្រទះផ្ទាល់ ដើម្បីឱ្យក្រុមការងារជួយសម្រួល និងដោះស្រាយទាន់ពេលវេលា ទាំងក្នុងកម្រិតបច្ចេកទេស និងនីតិវិធីអនុវត្តការងារ។
សិក្ខាសាលាលើកនេះដើរតួនាទីជាវេទិកាដ៏សំខាន់មួយ សម្រាប់ឱ្យគ្រប់ភាគីរតនាគាររាជធានី-ខេត្តដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ បានជួបពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងប្រព័ន្ធដោយផ្ទាល់ ដើម្បីពិភាក្សាទាញយកធាតុចូលបន្ថែម និងដោះស្រាយបញ្ហារួមគ្នា ត្រៀមសម្រាប់ការបន្តអនុវត្តប្រព័ន្ធ FMIS នៅឆ្នាំ២០១៧ ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រុមការងារគ្រប់គ្រងគម្រោងមើលឃើញពីការលំបាកផ្សេងៗ ព្រមទាំងកោតសរសើរការខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់មន្ត្រីរតនាគារទាំងអស់ឱ្យបន្តស្វែងយល់ និងប្រើប្រាស់ប្រព័ន្ធ FMIS ដែលជាមធ្យោបាយមួយមិនអាចខ្វះបាន គាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។