
22
Dec, 2016
សហភាពអឺរ៉ុបគាំទ្រពេញទំហឹងលើផែនការសកម្មភាព និងថវិកាទ្រទ្រង់ការអនុវត្តគម្រោង FMIS នៅជំហានទី២
ទាំងនេះគឺជាសកម្មភាពមួយចំនួននៃកិច្ចប្រជុំរវាងក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា ជាមួយនឹង លោក ហ្សាវារ ខាស្ទីយូ-អាល់វ៉ាស្សេ ដែលជាអនុព័ន្ធ-ផ្នែកប្រសិទ្ធភាពជំនួយ ថវិកាគាំទ្រ និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃទីស្នាក់ការប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៦ ។
កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការផ្ដល់ព័ត៌មានទាក់ទងនឹងវឌ្ឍនភាពចុងក្រោយ នៃការដាក់អនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ជាពិសេសបង្ហាញនូវផែនការមេសម្រាប់អនុវត្តគម្រោង FMIS ក្នុងជំហានទី២ ទៅកាន់ដៃគូអភិវឌ្ឍន៍មួយនេះ ដើម្បីទទួលយកនូវធាតុចូលនានាសម្រាប់កែលម្អលើផែនការមេដែលបានរៀបចំ ក៏ដូចជាការគាំទ្រលើការអនុវត្តគម្រោង ។
នៅក្នុងកិច្ចប្រជុំនេះ លោក ហ្សាវារ បានលើកឡើងថា សហភាពអឺរ៉ុបគាំទ្រយ៉ាងពេញទំហឹង ទាំងផែនការសកម្មភាព និង ថវិកាទ្រទ្រង់ការអនុវត្តគម្រោង FMIS នៅជំហានទី ២ នេះ ទោះបីជាផែនការនេះ មានមហិច្ចតាធំយ៉ាងណាក៏ដោយ ហើយក្រសួង-ស្ថាប័នដែលត្រូវបានជ្រើសរើសអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០១៧ គឺជាក្រសួង-ស្ថាប័ន ដែលសហភាពអឺរ៉ុប បាននិងកំពុងសហការធ្វើការយ៉ាងជិតស្និទ្ធ ។ ជាងនេះទៅទៀត សហភាពអឺរ៉ុប បានសន្យាថា នឹងជួយផ្តល់នូវជំនួយបច្ចេកទេសតាមរយៈបេសកកម្ម ក្នុងការត្រួតពិនិត្យ និង ផ្តល់អនុសាសន៍លើការអនុវត្តគម្រោង FMIS ជំហានទី ២ ដើម្បីជំរុញនូវប្រសិទ្ធភាព និង ភាពជោគជ័យ តាមផែនការដែលបានគ្រោងទុក ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍មួយក្នុងចំណោមដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានគាំទ្រយ៉ាងសកម្មលើការអនុវត្តគម្រោង FMIS ។