+855 23 43 00 63

4

Dec, 2016

ប្រកាសព័ត៌មាន លេខ ៣២ (ខែ វិច្ឆិកា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមប្រតិភូ International Monetary Fund (IMF) បានជួបពិភាក្សាជាមួយមន្ត្រីមកពីក្រុមផ្សេងៗ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃ និងអំពីបច្ចេកទេសនៃប្រព័ន្ធ FMIS ផ្ទាល់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣0 ខែវិច្ឆិកា នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំនេះផងដែរក្រុមប្រតិភូ IMF ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ បានពិភាក្សាអំពីចំណាត់ថ្នាក់ថវិកា និង មាតិកាគណនីនៃប្លង់គណនេយ្យ ដែលកំពុងប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS និងនីតិវិធីអនុវត្តការងារនានានៅក្រៅប្រព័ន្ធ ។

នៅក្នុងខែវិច្ឆិកានេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS  បានត្រួតពិនិត្យច្បាប់ថវិកា ជាមួយរបាយការណ៍ក្នុងប្រព័ន្ធ FMIS ឡើងវិញសម្រាប់ថ្នាក់កណ្ដាល និង ថ្នាក់មន្ទីរជំនាញរាជធានី-ខេត្តទាំង ២៥ ។ ជាមួយគ្នានេះក្រុមការងារក៏បាននិងកំពុងរៀបចំគោលការណ៍ណែនាំរួមស្តីអំពីការកំណត់ឈ្មោះអ្នកផ្គត់ផ្គង់ ឱ្យមានសង្គតិភាពសម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS  និង កំពុងបញ្ចប់ការបញ្ចូលសមតុល្យដើមគ្រា ឆ្នាំ២០១៦ ឱ្យរួចរាល់ ទៅក្នុងប្រព័ន្ធ FMIS សម្រាប់រតនាគាររាជធានី-ខេត្ត ។ បន្ថែមពីលើនេះក្រុមការងារ កំពុងជួយសម្របសម្រួល និង ជ្រោមជ្រែង ជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងឯកសារនីតិវិធីអនុវត្តស្តង់ដារឱ្យបានមុនថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ។

ដោយឡែក ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងបន្តការងារចុះទៅដំឡើងឧបករណ៍បច្ចេកទេស សម្រាប់ មន្ត្រីប្រើប្រាស់ប្រព័ន្ធបន្ថែម នៅរតនាគាររាជធានី-ខេត្តចំនួន៦ និង កំពុងរៀបចំផែនការ ធើ្វការបន្តដំឡើងម៉ាស៊ីនភ្លើង, ឧបករណ៍សម្រួលចរន្តអគ្គីសនី និង ឧបករណ៍ភ្ជាប់ចរន្តអគ្គីសនីដោយស្វ័យប្រវត្តិ ជូនរតនាគារខេត្ត ដែលពុំទាន់បានដំឡើងក្នុងកំឡុងពេលចុះដំឡើងឧបករណ៍បច្ចេកទេសបន្ថែមក្នុងខែមុន ។

ក្រុមការងារមុខងារប្រព័ន្ធ FMIS និងផ្នែកបច្ចេកទេសនៅតែបន្តជួយគាំទ្រដល់មន្ត្រីប្រើប្រាស់ប្រព័ន្ធតាមរតនាគារាជធានី-ខេត្ត ដូចជាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការចុះប្រតិបត្តិការ, ការអនុវត្តការងារនានាទាំងក្នុង និង ក្រៅប្រព័ន្ធ និងការងារបច្ចេកទេសពាក់ព័ន្ធនានាដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធកាន់តែរលូន និង មានប្រសិទ្ធភាព ។

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្ដូរ បានទទួលការអនុម័តពីថ្នាក់ដឹកនាំលើនិមិត្តសញ្ញា (Logo) FMIS និង បានបញ្ចប់ការផលិតវីដេអូ ស្តីពីសារៈប្រយោជន៏នៃការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ប្រើប្រាស់ការផ្សព្វផ្សាយ ។ ជាមួយគ្នានេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS និងតំណាងធនាគារពិភពលោកបានជួបពិភាក្សា ក្នុងការការជ្រើសរើសពង្រីកការដាក់ឱ្យអនុវត្តប្រព័ន្ធទៅកាន់ក្រសួង-ស្ថាប័នមួយចំនួនសម្រាប់គម្រោង FMIS ជំហានទី២ នៅឆ្នាំ ២០១៧ ខាងមុខនេះ។

ស្ថិតក្នុងដំណាក់កាលនេះ ក្រុមការងារសំណូមពរ និងបន្តលើកទឹកចិត្តដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំប្រើប្រាស់ប្រព័ន្ធ  FMIS ប្រកបដោយបុរេសកម្ម និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន។ ក្រុមការងារ FMWG នឹងបន្តការជួយគាំទ្រ និងសម្របសម្រួលគ្រប់ពេលវេលា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធ FMIS ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។

សូមទាញយក ប្រកាសព័ត៌មាន លេខ ០៣២ (ខែវិច្ឆិកា ឆ្នាំ២០១៦) នៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2017/01/170103RD_FMIS-Bulletin-32_Kh.pdf