+855 23 43 00 63

6

Jan, 2017

ប្រកាសព័ត៌មាន លេខ ៣៣ (ខែ ធ្នូ ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS គ្រោងរៀបចំកិច្ចប្រជុំស្តីពី “រៀបចំក្រុមការងារគ្រប់គ្រង និង អនុវត្តគម្រោង FMIS ជំហានទី២” ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នចំនួន១០ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ២០១៧នេះ ។ កិច្ចប្រជុំពិភាក្សានេះនឹងត្រូវដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានរៀបចំសិក្ខាសាលាស្តីពី “ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត”។ សិក្ខាសាលានេះ មានការចូលរួមពីប្រធានរតនាគារ និងមន្រ្តីបង្គោលដែលប្រើប្រាស់ប្រព័ន្ធ FMIS ហើយបានរៀបចំឡើងក្នុងគោលបំណងតាមដានពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS និងបញ្ហាប្រឈមដែលរតនាគារជួបប្រទះនាពេលកន្លងមក។

នៅក្នុងខែធ្នូនេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានត្រៀមរៀបចំអនុវត្តទៅតាមសកម្មភាពដែលបានដាក់ចេញនៅក្នុងផែនការ ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តគម្រោងជាផ្លូវការជាមួយក្រសួង-ស្ថាប័នចំនួន ១០ នៅដើមខកុម្ភៈ ឆ្នាំ២០១៧ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,ក្រសួងកិច្ចការនារី,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមុខងារសាធារណៈ, ក្រសួងបរិស្ថាន,ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងតែបន្តការជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារ មុននឹងចាប់ផ្តើមអនុវត្តគម្រោង FMIS ជំហានទី ២ ។ ជាមួយគ្នានេះ ក្រុមការងារក៏បានត្រៀមរៀបចំនូវ     ឯកសារ និងវីដេអូឃ្លីបរួចរាល់ សម្រាប់ធ្វើការចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាមួយក្រសួង-ស្ថាប័នទាំង ១០  នៅឆ្នាំ២០១៧ ព្រមទាំងរៀបចំយុទ្ធសាស្រ្ត និងកម្មវីធីទំនាក់ទំនង និងបន្តផ្សព្វផ្សាយពីវឌ្ឍនភាព និងព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់ភាគីពាក់ព័ន្ធ។

ដោយឡែក ក្រុមការងារមុខងារប្រព័ន្ធ FMIS កំពុងបន្តជួយគាំទ្រ និងដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដូចជាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការចុះប្រតិបត្តិការ, ការអនុវត្តការងារនានាទាំងក្នុង និង ក្រៅប្រព័ន្ធ និងការងារបច្ចេកទេសពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធកាន់តែរលូន និង មានប្រសិទ្ធភាពសម្រាប់ការអនុវត្តប្រព័ន្ធ FMIS ពេញលេញនៅឆ្នាំ ២០១៧ នេះ។ បន្ថែមពីលើនេះទៅទៀត ក្រុមមុខងារប្រព័ន្ធក៏កំពុងរៀបចំគម្រោងចុះទៅសិក្សាអំពីនីតិវិធីអនុវត្តការងារនៅតាមក្រសួង-ស្ថាប័នទាំង១០ ដើម្បីធានាឱ្យការអនុវត្តគម្រោង FMIS ជាមួយក្រសួង-ស្ថាប័នប្រកបដោយប្រសិទ្ធភាព។

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានកំពុងបន្តចុះទៅដំឡើងឧបករណ៍បច្ចេកទេសយ៉ាងមមាញឹក សម្រាប់មន្ត្រីប្រើប្រាស់ប្រព័ន្ធបន្ថែមនៅរតនាគាររាជធានី-ខេត្តចំនួន៦ និងកំពុងរៀបចំផែនការធើ្វការបន្តដំឡើងម៉ាស៊ីនភ្លើង, ឧបករណ៍សម្រួលចរន្តអគ្គិសនី និងឧបករណ៍ភ្ជាប់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិជូនរតនាគារខេត្តដែលនៅសេសសល់ ។

ស្ថិតក្នុងដំណាក់កាលនេះ ក្រុមការងារសំណូមពរ និងបន្តលើកទឹកចិត្តដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំប្រើប្រាស់ប្រព័ន្ធ  FMIS ប្រកបដោយបុរេសកម្ម និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន។ ក្រុមការងារ FMWG នឹងបន្តការជួយគាំទ្រ និងសម្របសម្រួលគ្រប់ពេលវេលា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធ FMISឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ សូមក្រសួងស្ថាប័នទាំង ១០ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS ត្រៀមខ្លួនដើម្បីអនុវត្តគម្រោង FMIS ជាមួយនឹងក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ ។