
12
Jan, 2017
ក្រសួង១០ នឹងរៀបចំក្រុមការងារអនុវត្តគម្រោង FMIS
តំណាងក្រសួងចំនួន១០ នឹងរៀបចំក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតាមស្ថាប័នរបស់ខ្លួនដើម្បីត្រៀមខ្លួនទទួលយកប្រព័ន្ធទៅប្រើប្រាស់នៅក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៧នេះ។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រុមការងារគ្រប់គ្រងគម្រោង របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមកាងារគ្រប់គ្រងគម្រោង FMIS ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតំណាងក្រសួងចំនួន១០ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងទាំង ១០នេះ រួមមាន៖
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២. ក្រសួងអប់រំយុវជន និងកីឡា
៣. ក្រសួងសុខាភិបាល
៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
៦. ក្រសួងកិច្ចការនារី
៧. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៨. ក្រសួងមុខងារសាធារណៈ
៩. ក្រសួងបរិស្ថាន
១០. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថាការចូលរួមសហការពីសំណាក់មន្ត្រីគ្រប់កម្រិតទាំងអស់គឺពិតជា ការងារដែលចាំបាច់ជាទីបំផុត។ «បើសិនជាគ្មានការចូលរួមគ្រប់កម្រិតនោះទេ ការអនុវត្តគម្រោង FMIS គឺពិតជាមិនអាចទៅរួចនោះទេ។ រឿងបច្ចេកទេសគឺជារឿងមួយ ប៉ុន្តែរឿងសតិអារម្មណ៍គឺជារឿងលំបាកណាស់ដែលទាមទារ ឱ្យមានការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ ព្រោះរឿងនេះពាក់ព័ន្ធនឹងការសម្រេចចិត្ត និងទទួលខុសត្រូវខ្ពស់។»
ស្របគ្នានេះដែរ លោកជំទាវតំណាងក្រសួងសុខាភិបាលបានលើកឡើងស្រដៀងគ្នានេះដែរថា៖ «ខ្ញុំយល់ថាប្រព័ន្ធ FMIS មានសារសំខាន់ទាំងក្នុងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស។ ហើយបើទៅថ្ងៃអនាគតទៅ វាប្រហែលជាអាចអនុញ្ញាតឱ្យសាធារណជនអាចចូលទៅមើលបានអំពី ព័ត៌មានហិរញ្ញវត្ថុសាធារណៈក្នុងកម្រិតណាមួយបាននោះ វាក៏កាន់តែប្រសើរសម្រាប់ពួកយើងទាំងអស់គ្នា។»
ផលប្រយោជន៍មួយចំនួនដែលក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិនឹងទទួលបានពេលប្រើប្រាស់ប្រព័ន្ធ FMIS បានពេញលេញមានដូចជា៖
• ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា
• កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ
• តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន ទាំងថវិកាថ្នាក់ក្រសួង ថ្នាក់មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិនៅក្រោមឱវាទ តាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ និងថវិកាបានដោយខ្លួនឯង និងទាន់ពេលវេលា
• ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យាពេលដល់ការអនុវត្តថវិកា
• មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមាន ស្រាប់នៅក្នុងប្រព័ន្ធ
• មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកាសម្រាប់ថវិកាថ្នាក់ក្រសួង ថ្នាក់មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិបានដោយខ្លួនឯង និងទាន់ពេលវេលា
• ប្រើប្រាស់ប្រព័ន្ធដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារនានា។ ជាការពិតណាស់ ដែលនៅពេលដាក់ឱ្យអនុវត្តដំបូងនឹងមានត្រូវប្រើប្រាស់ឯកសារក្រដាសស្នាម ប៉ុន្តែជាបណ្ដើរៗ ការប្រើប្រាស់ ក្រដាសស្នាមនឹងត្រូវលុបបំបាត់បន្ដិចម្ដងៗ
• អាចតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមរយៈលំហូរការងារក្នុងប្រព័ន្ធ FMIS (ពេលបញ្ជូន ពេលពិនិត្យរួច និងពេលអនុម័តរួច)។
ដោយមើលឃើញអំពីសារសំខាន់ និងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការអនុវត្តការងារ និងកត់ត្រាព័ត៌មានហិរញ្ញវត្ថុនៅកម្ពុជា ក្រសួងទាំងអស់បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការទទួលយកប្រព័ន្ធ FMIS ទៅប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន។
ជាមួយគ្នានេះដែរ ក្រសួងទាំងអស់នឹងចេញសេចក្ដីសម្រេច ប្រកាសតែងតាំងសមាសភាពក្រុមការងារអនុវត្តគម្រោងនៅក្នុងស្ថាប័នរបស់ខ្លួន ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារគ្រប់គ្រងគម្រោងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានដូចជានាយកដ្ឋានព័ត៌មានវិទ្យា អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។
ជាក់ស្ដែងអ្នកតំណាងមកពី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងខ្លួនបានត្រៀមខ្លួនរួចជានិច្ច ហើយស្វាគមន៍ណាស់ ចំពោះវត្តមានប្រព័ន្ធ FMIS ព្រោះក្រសួងគឺជាដៃគូយ៉ាងជិតស្និទ្ធ ដែលយកចិត្ត ទុកដាក់ក្នុងរាល់ការងារកែទម្រង់នានា។ មួយវិញទៀត ក្រសួងអប់រំធ្លាប់មានបទពិសោធន៍ក្នុងការអនុវត្តគម្រោងស្រដៀងគ្នានេះដែរ ដែលវាផ្ដល់ភាពងាយស្រួលមួយក្នុងការទទួលយកគម្រោង FMIS ទៅអនុវត្តផងដែរ។
គួរបញ្ជាក់ថា ការអនុវត្តគម្រោង FMIS ក្នុងឆ្នាំ២០១៧ នឹងត្រូវធ្វើឡើងជាជំហានៗ ដោយចាប់ផ្ដើមក្នុងក្រសួងចំនួន៥ ជាមុន ហើយបន្តទៅក្រសួង៥ ទៀត មុនបន្តពង្រីកទៅកាន់ក្រសួងផ្សេងៗជាបន្តបន្ទាប់។
ទាញយកឯកសារបទបង្ហាញក្នុងកិច្ចប្រជុំ៖