
26
Jan, 2018
យុគសម័យថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពី ក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ សរុបជាង ៤០០ នាក់ នាព្រឹកថ្ងៃសុក្រទី២៦ ខែ មករា ឆ្នាំ ២០១៨។
ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ នេះ មានក្រសួងចំនួន ១០ ដែលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ រួមមាន៖
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២. ក្រសួងអប់រំ យុវជន និងកីឡា
៣. ក្រសួងសុខាភិបាល
៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៦. ក្រសួងបរិស្ថាន
៧. ក្រសួងមុខងារសាធារណៈ
៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
១០. ក្រសួងកិច្ចការនារី ។
ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាមបែបវិមជ្ឈការដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ពោលគឺការកត់ត្រា, គ្រប់គ្រង, បែងចែក, អនុវត្តថវិកា និង កៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ។
ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ FMIS ឱ្យអនុវត្តក្នុងជំហានទី ១ នៅក្នុងអគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធ FMIS បានដើរតួនាទីជា កាតាលីករសកម្ម ក្នុងការនាំយកមកនូវប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព ក្នុងការងារគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ទន្ទឹមនេះ ការអនុវត្តគម្រោង FMIS នឹងដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងអំពីលទ្ធភាព និង តម្រូវការជាក់ស្ដែង ក្នុងការកែលម្អជាជំហានៗនូវនីតិវិធីអនុវត្តការងារហិរញ្ញវត្ថុ ដែលមានភាពស្មុគស្មាញ និង មិនផ្ដល់តម្លៃបន្ថែម ក្នុងគោលដៅពង្រឹងវិន័យថវិកា, កាត់បន្ថយពេលវេលា និង ធនធានមិនចាំបាច់ និងជួយសម្រាលបន្ទុកការងាររបស់មន្ត្រីអនុវត្តថវិកា និង កិច្ចការហិរញ្ញវត្ថុ ។
លើសពីនេះទៅទៀត ប្រព័ន្ធ FMIS ក៏ជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលត្រូវបានវាយតម្លៃខ្ពស់ដោយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍនានា ដូចជា សហភាពអឺរ៉ុប, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ ជាដើម ថាជា ឆ្អឹងខ្នងមិនអាចខ្វះបាន ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍សេដ្ឋកិច្ចឆ្ពោះទៅមុខឥតឈប់ឈររបស់ប្រទេសកម្ពុជា ។
ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍ ដែលគាំទ្រការអនុវត្តគម្រោង FMIS កន្លងមកបានលើកឡើងក្នុងពិធីនៅព្រឹកនេះថា ទាំងដៃគូអភិវឌ្ឍ និងរាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគពេលវេលា និងធនធានយ៉ាងច្រើនក្នុងការបង្កើតប្រព័ន្ធ FMIS នេះឡើង ហើយដៃគូអភិវឌ្ឍនឹងនៅដើរតែដើរទៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្តថា ប្រព័ន្ធ FMIS គឺជាឳកាសមួយ ដែលប្រសើរបំផុតក្នុងការរៀបចំពង្រឹងនីតិវិធីអនុវត្តការងារ និងកាត់បន្ថយការិយាធិបតេយ្យមិនចាំបាច់មួយចំនួនចេញ ដែលក្រសួង-ស្ថាប័នគួរតែជាអ្នកចូលរួមឱ្យបានច្រើនក្នុងការងារនេះ ដើម្បីធ្វើយ៉ាងណាឱ្យមានការកាត់បន្ថយជំហាននៃនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ ក្នុងគោលដៅបង្កើតឱ្យមានប្រព័ន្ធរដ្ឋបាលទំនើប និងជឿនលឿនមួយសម្រាប់ប្រទេសកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានប្រកាសពីការបន្តពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានី-ខេត្តទូទាំងប្រទេស និង សមាសភាពក្រសួង-ស្ថាប័នចំនួន ១០ ផ្សេងទៀត ដែលនឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បងក្នុងឆ្នាំ ២០១៨ រួមមាន ៖
១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
២. ក្រសួងសាធារណការ និងដឹកជញ្ជូន
៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៤.ក្រសួងពាណិជ្ជកម្ម
៥. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
៦. ក្រសួងធនធានទឹក និងឧតុនិយម
៧. ក្រសួងអភិវឌ្ឍន៍ជនបទ
៨. ក្រសួងព័ត៌មាន
៩. ក្រសួងទេសចរណ៍
១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។
ប្រទេសកម្ពុជា គឺជាប្រទេសដែលមានប្រព័ន្ធ FMIS ប្រើប្រាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានមុខគេ ក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់ ដូច-ជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី ។ ក្នុងន័យនេះ ប្រសិនបើការអនុវត្តគម្រោងប្រព័ន្ធ FMIS ធ្វើឡើងដោយជោគជ័យតាមការគ្រោងទុក ដោយការដាក់ពង្រីកដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ នោះកម្ពុជានឹងទទួលបាននូវមុខមាត់ថ្មីលើឆាកអន្តរជាតិ,ការទុកចិត្តពីប្រជាពលរដ្ឋ និងអត្ថប្រយោជន៍នៃភាពប្រកួតប្រជែងឈ្នះ ក្នុងការស្រូបទាញការវិនិយោគ និង លទ្ធភាពព្យាករកាន់តែប្រសើរជាងមុននៃរបត់សេដ្ឋកិច្ចរបស់កម្ពុជា ។
ជាចុងក្រោយ ឯកឧត្តម ហ៊ាន សាហ៊ីប បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួងចំនួន ១០ និង ប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ២០១៨ និងបានចាត់ទុកថា ថ្ងៃនេះគឺជាចំណុចចាប់ផ្ដើមនៃយុគសម័យថ្មីមួយទៀតនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា និង ជាចំណុចបន្តទៅមុខយ៉ាងសកម្មនៃការពង្រឹងអភិបាលកិច្ចល្អ និង ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅកម្ពុជា។