+855 23 43 00 63

25

Jul, 2014

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត

ដោយ៖: | Tags: | មតិយោបល់: 0

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដោយមាន​ការចូលរួម​ពី​អគ្គនាយក​ និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ​ថ្នាក់ក្រោម​ជាតិ ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ដែល​មកពី​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទីប្រឹក្សា ២រូប​ដែល​ធ្វើការងារ​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។

សិក្ខាសាលា​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​ជា​លើកចុងក្រោយ​នៃ​មុខងារ​នីមួយៗការផ្គូផ្គង​រវាង​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន និង​អនាគត លំហូរ​នៃ​នីតិវិធី​អនុវត្ត​ការងារ​អនាគត ការវិភាគ​លើ​ចន្លោះ​ខ្វះខាត (Fit-Gap Analysis) និង​វិសាលភាព​នៃ​ការកែតម្រូវ​ទៅតាម​អ្វីដែល​អ្នកប្រើប្រាស់​ប្រព័ន្ធ​ចង់បាន ជូន​ដល់​ក្រុមការងារ FMWG ដែល​ពាក់ព័ន្ធ​ទាំងអស់ ឱ្យបាន​យល់​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​កែសម្រួល​ផ្សេងៗ។
ក្រុមការងារ​ជំនាញ​ផែ្នក​នីតិវិធី​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​មុខងារ​នីមួយៗ ដោយ​ក្នុងនោះ​លោក  Manas K.Mohapatra បានបង្ហាញ​ពីមុខ​ងារ​សៀវភៅធំ និង​វិភា​ជន៏​ថវិកា អ្នកនាង Siew Lin Koay បង្ហាញ​ពីមុខ​ងារ​គ្រប់គ្រង​សាច់ប្រាក់ និង​គណនី​ត្រូវ​ទារ និង​លោក Pradeep Kumar Vaila ​បង្ហាញ​ពីមុខ​ងារ​បញ្ជាទិញ និង​គណនី​ត្រូវ​សង។ ជាមួយគ្នា​ដែរ សិក្ខាសាលា​នេះ​បានផ្តល់​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​សួរ​ជា​សំណួរ ពិភាក្សា និង​ផ្តល់​ជាមតិយោបល់​ផ្សេងៗទៅលើ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​នៃ​មុខងារ​នីមួយៗរបស់​ប្រព័ន្ធ FMIS និង​លើ​រាល់​ឯកសារ​ដែល​បានផ្តល់​ជូន​ដល់​សិក្ខាកាម​មុនពេល​បើក​សិក្ខាសាលា​នេះ។ ការយល់ដឹង​គ្រប់ជ្រុងជ្រោយ និង​ការផ្តល់​មតិ​ឆ្លើយតប និង​យោបល់​ទាំងឡាយ​របស់​សិក្ខាកាម​គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់​បំផុត​សម្រាប់​ដំណាក់កាល​រៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​សម្រាប់​ដាក់ចូល​ក្នុង​ប្រព័ន្ធ FMIS។ រាល់​មតិយោបល់​ដែល​ទទួលបាន​ក្នុងពេល និង​ក្រោយពេល​ធើ្វ​សិក្ខាសាលា​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​ការរៀបចំ​ចងក្រង​ឯកសារ​នីតិវិធី​អនុវត្ត​ការងារ​អនាគត (To-be materials)ដែលជា​ជំហាន​ចាំបាច់​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពិនិត្យ ពិ​ភា​គ្សា និង​សម្រេច ដើម្បី​ឈានទៅរក​ការរៀបចំ​ការវាយតម្លៃ​លើ​ផលប៉ះពាល់ និង រៀបចំផែនការ​កសាង​សមត្ថភាព​ដល់​មន្រ្តី​ដែល​នឹងត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS។

សិក្ខាសាលា​នេះ​បានបញ្ចប់​ទៅដោយ​រលូន ដោយ​អ្នកចូលរួម​ទាំងអស់​យល់ដឹង​អំពី​គោលបំណង​នៃ​សិក្ខាសាលា ហើយ​មន្រ្តី​ដែល​ពាក់ព័ន្ធ​សន្យាថា​នឹង​បន្ត​ពិនិត្យឡើងវិញ​បន្ថែមទៀត​លើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​សម្រាប់​ការកែសម្រួល​នានា​ឱ្យបាន​ឆាប់រហ័ស​តាមកាល​កំណត់​ដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានគ្រោង​ទុក។

ទាញយកឯកសារ៖ ឯកសារសិក្ខាសាលាលើកទី២ស្តីអំពីនីតិវិធីអនុវត្ដការងារអនាគត