+855 23 43 00 63

24

Jul, 2020

ក្រសួងចំនួន ០៧ នឹងបើកប្រាក់បៀវត្សជូនមន្ត្រីរាជការតាមប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

ក្រោយពីការអនុវត្តបានជោគជ័យ និងទទួលបានលទ្ធផលយ៉ាងប្រសើរនៅក្នុងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងពង្រីកវិសាលភាពក្នុងការអនុវត្តនីតិវិធីតម្រង់ទិសថ្មីនៅក្នុងប្រព័ន្ធ FMIS ទៅលើការចុះប្រតិបត្តិការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការទៅកាន់ក្រសួង-ស្ថាប័នចំនួន ០៧ ដែលរួមមាន ក្រសួងអប់រំយុវជននិងកីឡា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍,  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមុខងារសាធារណៈ, ក្រសួងប្រេសណីយ៏ និង ទូរគមនាគមន៍ និងក្រសួងសុខាភិបាល ព្រមទាំងអង្គភាពក្រោមឱវាទ។

ជាក់ស្តែង នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំការបញ្ជ្រាបការយល់ដឹងស្តីពី “ការតម្រង់ទិសនីតិវិធីសម្រាប់ការបើកផ្ដល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់តាមប្រព័ន្ធ FMIS” ទៅកាន់ស្ថាប័នទាំង០៧ ដើម្បីឱ្យស្ថាប័នបានជ្រាប និងត្រៀមខ្លួនសម្រាប់ការអនុវត្តទាំងស្រុងនៅក្នុងប្រព័ន្ធ FMIS នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ មានប្រសាសន៍នៅក្នុងកម្មវិធីបញ្រ្ជាបការយល់ដឹងនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា “ជារួម អត្ថប្រយោជន៍ជាច្រើនដែលនឹងទទួលបានពីការអនុវត្តនីតិវិធីថ្មីនេះ រួមមាន កាត់បន្ថយចំណាយរដ្ឋបាលប្រើប្រាស់ក្រដាសតិច, សម្ភារការិយាល័យតិច, ទឹកថ្នាំម៉ាស៊ីនបោះពុម្ភតិច (ចំណេញពេលវេលា មិនមានរត់ឯកសារខាងក្រៅ), កាត់បន្ថយថ្លៃធ្វើដំណើរ (បង្កើនប្រសិទ្ធភាពនិងផលិតភាពការងារប្រើប្រាស់ធនធានមនុស្សតិច) និងអាចធ្វើការងារបានច្រើន (បង្កើននូវតម្លាភាពនិងគណនេយ្យភាពនៃការអនុវត្តថវិកា) ដោយអាចតាមដានបានទាំងស្រុងអំពីស្ថានភាពនៃការអនុវត្តថវិកា និងអ្នកទទួលខុសត្រូវក្នុងដំណាក់កាលនីមួយៗ”។ ឯកឧត្តមក៏បានជំរុញ និង លើកទឹកចិត្តដល់ក្រសួងទាំង ៧ ចូលរួមអនុវត្តនីតិវិធីថ្មីនេះ ឱ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយកិច្ចការនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ក្នុងការតម្រង់ទិសនីតិវីធីដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដោយយើងនឹងបន្តដំណើរទៅមុខជាមួយគ្នាជាច្រើនបន្ថែមទៀតបន្ទាប់ពីជោគជ័យលើនីតិវិធីដែលមានកម្រិតហានិភ័យឬវេទយិតភាពទាបនេះ ស្របតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីការងារតាមប្រព័ន្ធ FMIS ឆ្នាំ២០២០-២០២៥។