
28
Jul, 2020
អត្ថប្រយោជន៍របាយការណ៍តាមចំណាត់ថ្នាក់គម្រោង មូលនិធិ ភូមិសាស្ត្រ និងមុខងារ
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)មានលទ្ធភាពផលិតរបាយការណ៍ចំណូល-ចំណាយតាមចំណាត់ថ្នាក់ថវិកា ជាប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និង ប្រចាំឆ្នាំ ដែលមានសុក្រឹតភាព ។ របាយការណ៍តាមចំណាត់ថ្នាក់ថវិកាផ្តល់នូវមូលដ្ឋានទិន្នន័យសម្រាប់ការគ្រប់គ្រងធនធានឱ្យកាន់តែប្រសើរឡើង, មានតម្លាភាព និង គណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាជាតិ ។ ជាក់ស្តែងរបាយការណ៍តាមចំណាត់ថ្នាក់គម្រោង មូលនិធិ ភូមិសាស្ត្រ និងមុខងារ បានផ្តល់ព័ត៌មានលម្អិត ច្បាស់លាស់ និងកាន់តែស៊ីជម្រៅបន្ថែមទៀតទៅលើមុខសញ្ញាចំណាយ។ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំ អាចប្រើប្រាស់របាយការណ៍ចំណាយតាមចំណាត់ថ្នាក់ថវិកា សម្រាប់ការវាស់វែងលទ្ធផល ឬសមិទ្ធកម្ម តាមស្ថាប័នសាមី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
- ចំណាត់ថ្នាក់គម្រោង៖ ផ្តល់ព័ត៌មានលម្អិតអំពីគម្រោងនីមួយៗដែលអនុវត្តដោយក្រសួង-ស្ថាប័ន ឬ អន្តរក្រសួង ។ ចំណាត់ថ្នាក់គម្រោងនៅក្នុងប្រព័ន្ធ FMIS ផ្តល់ទិន្នន័យចំណាយលើគម្រោង ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការតាមដានលើចំណាយក្នុងការអនុវត្តគម្រោងនីមួយៗ ។
- ចំណាត់ថ្នាក់មូលនិធិ៖ ផ្តល់ព័ត៌មានលម្អិតអំពីប្រភពមូលនិធិ ដោយបញ្ជាក់ចំណូល ឬ ចំណាយបានមកជាប្រភេទ (ចំណូលក្នុងស្រុក ជំនួយឥតសំណង និង ការខ្ចី) និងពីប្រភព (ក្នុងស្រុក និង ក្រៅស្រុក) ។ ចំណាត់ថ្នាក់នេះ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវិភាជចំណាយ, ការរៀបចំគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ជាពិសេសសម្រាប់គោលនយោបាយ និង យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងបំណុល ។ ឧទាហរណ៍៖ ការចំណាយលើការអនុវត្តគម្រោងវិនិយោគផ្សេងៗ ដែលជាជំនួយឥតសំណង ឬ ការខ្ចី ពីធនាគារពិភពលោក (World Bank), មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund), និង ធនាគារអភិវឌ្ឍអាស៊ី (ADB) ជាដើម ។
- ចំណាត់ថ្នាក់ភូមិសាស្ត្រ៖ ផ្តល់ព័ត៌មានលម្អិតអំពីទីតាំងភូមិសាស្ត្រ ដែលប្រមូលចំណូល និងទីកន្លែងដែលទទួលផលប្រយោជន៍ពីចំណាយថវិកា ឬការអនុវត្តគម្រោង ។ ចំណាត់ថ្នាក់នេះ កត់ត្រាឈ្មោះរាជធានី/ខេត្ត, ក្រុង/ស្រុក/ខណ្ឌ, ឃុំ/សង្កាត់ ឬអាចដល់កម្រិតភូមិ ដែលចំណូលត្រូវបានប្រមូល ឬផលប្រយោជន៍នៃចំណាយបានកើតមានឡើ់ង តែមិនមែនជាការកត់ត្រាអំពីថ្នាក់នៃថវិកា (ថវិកាថ្នាក់ជាតិ ឬថវិកាថ្នាក់ក្រោមជាតិ) នោះទេ ។ ចំណាត់ថ្នាក់ភូមិសាស្ត្រ ផ្តល់ព័ត៌មានដ៏មានសារះសំខាន់សម្រាប់ការវិភាគ និងប្រៀបធៀបធនធានដែលបានចាយ ឬប្រមូលចំណូលនៅទីកន្លែងខុសគ្នា ។ ឧទាហរណ៍៖ ការចំណាយលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិ ឬ ផ្លូវជនបទណាមួយ គឺយើងអាចដឹងអំពីរាជធានី/ខេត្ត, ក្រុង/ស្រុក/ខណ្ឌ, ឃុំ/សង្កាត់ ដែលទទួលផលពីគម្រោងវិនិយោគនេះ តាមរយៈការគណនាចំណាយដែលផ្លូវថ្នល់ឆ្លងកាត់ជាដើម ។
- ចំណាត់ថ្នាក់មុខងារ៖ ផ្តល់ព័ត៌មានលម្អិតអំពីគោលបំណងនៃការប្រមូលចំណូល ឬការចំណាយតាមវិស័យ ឬ អនុវិស័យ ។ ព័ត៌មាននេះ មានសារៈសំខាន់សម្រាប់ការវិភាគ ការប្រៀបធៀប និងការរៀបចំគោលនយោបាយ ជាពិសេស ការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការវិភាជធនធាន ។ បន្ថែមពីលើនេះទៀត ចំណាត់ថ្នាក់មុខងារ ផ្តល់ភាពងាយស្រួលដល់ការប្រៀបធៀបចំណាយសាធារណៈរវាងបណ្តាក្រសួង-ស្ថាប័ននៅក្នុងប្រទេស ក៏ដូចជារវាងបណ្តាប្រទេសនានានៅលើពិភពលោកជាលក្ខណៈអន្តរជាតិ តាមរយៈរបាយការណ៍ស្តង់ដារមុខងាររបស់អង្គការសហប្រជាជាតិ (COFOG-Classification of the Functions of the Government) ។