+855 23 43 00 63

17

Oct, 2023

មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS (AM-FMIS) កំពុងត្រៀមដាក់ឱ្យអនុវត្តទៅកាន់ក្រសួង-ស្ថាប័ន

ដោយ៖: | Tags: | មតិយោបល់: 0

មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុង FMIS ត្រូវបានអភិវឌ្ឍរួចរាល់ និង ត្រៀមដាក់ឱ្យដំណើរការទៅកាន់ក្រសួង-ស្ថាប័នចំនួន ៥ នាពេលឆាប់ៗខាងមុខនេះ បើតាមការលើកឡើងរបស់ក្រុមការងារបច្ចេកទេស FMIS នៅក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យបច្ចុប្បន្នភាពលើការអភិវឌ្ឍមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុង FMIS (AM-FMIS) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ ដែលដឹកនាំដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរ

ញ្ញវត្ថុ និង មានការចូលរួមពីទីប្រឹក្សាបច្ចេកទេស លោកស្រី Marie Sainclairនិង លោក Orgur Dedeoglu ប្រចាំគម្រោង FMIS និង ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS នឹងអភិវឌ្ឍឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានទិដ្ឋភាពប្រទាក់ក្រឡាតាំងពីដំណើរការរៀបចំផែនការថវិកា ផែនការលទ្ធកម្ម រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់ ពោលគឺមានសុខុដុមនីយកម្មទិន្នន័យគ្នារវាង មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និង ការធ្វើសវនកម្មតាមប្រព័ន្ធតែមួយ ដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា (One Single Data Entry) ។ បច្ចុប្បន្ននេះក្រុមការងារ FMIS បានសហការជាមួយទីប្រឹក្សាប្រចាំគម្រោង FMIS បាន អភិវឌ្ឍនូវរំហូរនីតិវិធី និង ពិនិត្យលើកម្រិតបច្ចេកទេសមួយចំនួនបានបញ្ចប់ជាស្ថាពរ និង ត្រៀមលក្ខណៈរួចជាស្រេចក្នុងការដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័នចំនួន ៥ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ក្រសួងសុខាភិបាល និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខឆាប់ៗនេះ។

ក្រុមការងារនឹងរៀបចំឱ្យមានការបញ្ជ្រាបការយល់ដឹង និង ការបណ្តុះបណ្តាលជូនដល់ការដ្ឋាននៃក្រសួង-ស្ថាប័នទាំង៥ ទៅតាមផែនការដែលបានដាក់ចេញនៅក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។