
2
Jan, 2020
សេចក្តីជូនដំណឹងស្តីពីការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និង NRMIS
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជូនដំណឹងដល់ក្រសួង-ស្ថាប័ន និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជ្រាបថា យោងតាមផែនការរួមដំណាក់កាលទី៣ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំរួចរាល់នូវប្រព័ន្ធសន្ធានកម្ម រវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ក្នុងន័យទាញបញ្ចូលទិន្នន័យ និង បង្កើតប្រតិបត្តិការដោយស្វ័យប្រវត្តិក្នុងប្រព័ន្ធ FMIS លើចំណូលថវិកា ដែលបានពីការប្រមូលចំណូលមិនមែនសារពើពន្ធ និង បានកត់ត្រារួចរាល់ក្នុងប្រព័ន្ធ NRMIS ។ ប្រព័ន្ធសន្ធានកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធ NRMIS នេះ នឹងដាក់ឱ្យដំណើរការអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ នេះតទៅ ។
ក្នុងន័យនេះ ក្រសួង-ស្ថាប័ន និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS មិនតម្រូវឱ្យធ្វើការកត់ត្រាសលាកបត្របង់ចំណូលថវិកាតាមប្រព័ន្ធ NRMIS លើកលែងតែមានករណីដោយឡែកនៅមានសលាកបត្របង់ចំណូលថវិកាដែលរៀបចំខាងក្រៅប្រព័ន្ធ NRMIS គឺនៅរក្សាចុះប្រតិបត្តិការចំណូលថវិកាតាមប្រព័ន្ធ FMIS ដដែល ។ ព័ត៌មាននៃការបង់ចំណូលថវិកាទាំងអស់ ដែលក្រសួង-ស្ថាប័ន ឬអង្គភាពប្រមូលចំណូលមិនមែនសារពើពន្ធ ធ្វើការកត់ត្រានៅក្នុងប្រព័ន្ធ NRMIS នឹងត្រូវផ្ទេរចូលប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិតាមប្រព័ន្ធសន្ធានកម្ម ។
អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ទាញយកឯកសារនៅទីនេ៖ https://fmis.mef.gov.kh/contents/uploads/2020/01/20191230_Announcement-From-Cabinet.pdf