
5
Nov, 2020
សេចក្តីប្រកាសព័ត៌មានស្តីពី “ការដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ប្រព័ន្ធធនាគារស្ថាបនា”
នាថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ កត្តិក ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការរវាង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ប្រព័ន្ធធនាគារស្ថាបនា ជាផ្លូវការ ។ ការដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការនេះ គឺជាការសម្រេចបាននូវសមិទ្ធផលថ្មី លើការងារទំនើបកម្ម និង ស្វ័យប្រវត្តិកម្មនៃការចែករំលែកទិន្នន័យរបាយការណ៍ធនាគារ ពីធនាគារស្ថាបនាមកប្រព័ន្ធ FMIS ។
គួររំលឹកផងដែរថា ប្រព័ន្ធ FMIS ក៏បានតភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗជាច្រើនទៀតក្នុងនោះមាន ៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងប្រព័ន្ធអេឡិចត្រូនិកគយ,ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា និង របស់ធនាគារពាណិជ្ជដៃគូជាច្រើន, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និង ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ព្រមទាំង ប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ ។
ការធ្វើសន្ធានកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ប្រព័ន្ធធនាគារស្ថាបនា គឺជាភាពជោគជ័យនូវផែនការគន្លឹះមួយ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាចក្ខុវិស័យដ៍មោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រងសាច់ប្រាក់, ការកាត់បន្ថយនីតិវិធីស្មុគ្រស្មាញនានា, ចូលរួមបង្កើតផលិតភាពការងាររបស់មន្ត្រីរតនាគាររាជធានី-ខេត្ត និង ជាពិសេសការគ្រប់គ្រងព័ត៌មានស្តីពីលំហូរសាច់ប្រាក់របស់រដ្ឋ ។