
23
Mar, 2023
សេចក្តីប្រកាសព័ត៌មានពិធី“ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS, ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥”
នារសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣, នៅសាលាជាតិគយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធី “ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS, ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំ មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នទាំងអស់, រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍ ទាំងនៅកន្លែងប្រារព្ធពិធីផ្ទាល់ និង តាមប្រព័ន្ធវីដេអូអនឡាញប្រមាណជិត ១៤០០ នាក់ ។
ប្រព័ន្ធ FMIS គឺជាឧបករណ៍ស្នូលដែលមិនអាចខ្វះបានសម្រាប់ជួយគាំទ្រ និងជំរុញដល់ការសម្រេចបាននូវ គោលដៅ នៃដំណាក់កាលនីមួយៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមាន ការបង្កើនភាពជឿទុកចិត្តនៃថវិកា ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ការបង្កើនគណនេយ្យភាព សមិទ្ធកម្ម ព្រមទាំងជួយបង្កើនប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សមិទ្ធផលជាច្រើនបានកើតចេញពីការអនុវត្តគម្រោង FMIS តាំងពីជំហានទី ១ ក្នុងឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះដែលជាជំហានទី ៣ គឺមិនមែនកើតចេញដោយភ្លាមៗ និង ងាយៗនោះទេ គឺកើតចេញពីការប្ដេជ្ញាចិត្តខ្ពស់ និង កិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត មិនរាថយ របស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីតួអង្គដែលមានការពាក់ព័ន្ធនៅតាមក្រសួង-ស្ថាប័ន ស្របតាមឆន្ទៈនយោបាយ និង ការតម្រង់ទិសយ៉ាងម៉ឺងម៉ាត់ និង ឈ្លាសវៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានប្រកាសការដាក់ឱ្យអនុវត្ត និង ប្រើប្រាស់ជាផ្លូវការ៖
១).នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំង ស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ៥ បន្ថែម
២).នីតិវិធីចំណាយថិវកាទូទាត់សេវាបំណុលក្នុងជំពូក ៥០ និង ៦៦ តាមប្រព័ន្ធ FMIS ទាំងស្រុង នៅក្រសួងសេដ្ឋ-កិច្ចនិងហិរញ្ញវត្ថុ,
៣).ប្រព័ន្ធ FMIS Portal ជំនាន់ទី១ ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ឃុំ-សង្កាត់ សរុបចំនួន ៥៤២ បន្ថែម,
៤).មុខងារស្នូល នៃប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០ បន្ថែមថ្មី,
៥).មុខងាររៀបចំផែនការថវិកា ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១២ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្ដាលចំនួន ១៧ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥,
៦).មុខងារលទ្ធកម្មពេញលេញ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាលចំនួន ២០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥
៧).គម្រោង “មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” នៅក្នុងប្រព័ន្ធ FMIS ជាមួយក្រសួង-ស្ថាប័នចំនួន ៥ គឺ ១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២. ក្រសួងបរិស្ថាន ៣. ក្រសួងសុខាភិបាល ៤. ក្រសួងមហាផ្ទៃ និង ៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
៨). នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងសម្រាប់ក្រសួងយុត្តិធម៌នៅក្នុងខែ មិថុនា ២០២៣ តទៅ ។
នៅចុងបញ្ចប់នៃអង្គពិធី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋ-កិច្ចនិងហិរញ្ញវត្ថុ បានរម្លឹកនូវឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងដាស់តឿនបុគ្គលិកមន្ត្រីរាជការទាំងអស់ជារឿយៗថា ៖ “កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់” និង “គ្មានលទ្ធផលណាដែលបានមកដោយមិនមានការបង់ថ្លៃនោះទេ ហើយក៏គ្មានកំណែទម្រង់ណាដែលសម្រេចបានដោយមិនមានការលះបង់នោះដែរ” ព្រមទាំងលើកទឹកចិត្ត និង ជំរុញថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីភារកិច្ចក្នុងការបំពេញកិច្ចការថវិកា និង ហិរញ្ញវត្ថុសូមលះបង់ប្រយោជន៍សួនតួកន្លងមកឱ្យអស់ និង សូមបែមកគិតគូរ ប្ដេជ្ញាចិត្តឱ្យបានមុតមាំតាមគំរូលះបង់ និង ប្រកបដោយវីរភាពដ៏អង់អាចរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ដែលតែងតែតម្កល់ប្រយោជន៍ជាតិជាធំ និង សូមផ្លាស់ប្ដូរផ្នត់គំនិតមកទទួលយកនូវបរិបទថ្មីនៃការផ្លាស់ប្ដូររបៀបរបបបំពេញការងារថ្មី និង សូមខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និង គិតជាធំទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ និង តម្លៃនៃលុយ ដើម្បីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ ។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះលទ្ធផលការងារដែលសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់តំណាងដៃគូអភិវឌ្ឍន៍ ,ក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមទាំងអគ្គភាពក្រោមឱវាទ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានគាំទ្រ និង ចូលរួមសហការកន្លងមកជាកម្លាំងរួមក្នុងការកសាងសម្រេចបាននូវសមិទ្ធផលជាច្រើនមកនេះ ៕