
18
Sep, 2018
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី៖ បើសិនអត់មាន FMIS ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាពិសេសការកែទម្រង់ប្រព័ន្ធថវិកា មិនអាចទទួលបានជោគជ័យឡើយ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ប្រព័ន្ធ FMIS គឺជាឧបករណ៍ដ៏មានសារៈសំខាន់បំផុត ជាសសរទ្រូងមួយសំខាន់សម្រាប់កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការកែទម្រង់ប្រព័ន្ធថវិកា ក៏មិនអាចទទួលបានជោគជ័យដែរ បើសិនគ្មានប្រព័ន្ធទំនើបកម្មមួយនេះ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះ នៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈមនានា និងផែនការអនុវត្តគម្រោង FMIS នៅដំណាក់កាលបន្តបន្ទាប់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា “គិតមកដល់ថ្ងៃនេះ គឺមានរយៈពេលបួនឆ្នាំហើយ ដែលយើងបានអនុវត្តគម្រោង FMIS នេះ ដែលយើងបានធ្វើកិច្ចការច្រើន ដំបូងធ្វើជាមួយរតនាគារ និងតាមអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរហូតបច្ចុប្បន្ននេះកំពុងអនុវត្តជាមួយក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តផងដែរ។ កិច្ចការនេះ ជាកិច្ចការដ៏មានសារៈសំខាន់ ហើយជាមោទនភាពមួយសម្រាប់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ព្រោះកម្ពុជាយើងធ្វើបានល្អជាងគេ និងបានលឿនជាងបណ្តាប្រទេសជិតខាង ហើយបើតាមការវាយតម្លៃរបស់ធនាគារពិភពលោក គឺលឿនជាងប្រទេស ហ្វីលីពីន ឡាវ និងថៃ ជាដើម”។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានរតនាគារដែលជាអង្គភាពកំពុងអនុវត្តប្រព័ន្ធ FMIS ក៏បានលើកឡើងពីការរីកចម្រើនរបស់ប្រព័ន្ធ FMIS ផងដែរ ដោយឯកឧត្តមបានបញ្ជាក់ថា របាយការណ៍ចំណូល-ចំណាយ ថ្នាក់ក្រោមជាតិដែលបានទាញចេញពីប្រព័ន្ធ FMIS គឺមានភាពត្រឹមត្រូវអាចប្រើប្រាស់បាន ។
ក្រៅពីការលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ក្នុងកិច្ចប្រជុំក៏មានការលើកឡើងពីបញ្ហាប្រឈមផងដែរ ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា បញ្ហាប្រឈមនៃការអនុវត្តគម្រោង FMIS កន្លងមកនោះគឺពាក់ព័ន្ធនឹងអ្នកអនុវត្តផ្ទាល់ និងចំណេះជំនាញអ្នកប្រើប្រាស់ប្រព័ន្ធនៅមានកម្រិត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា “យើងមានប្រព័ន្ធល្អជារឿងមួយហើយ តែមនុស្សជាអ្នកអនុវត្ត ។ ជំនាញដែលត្រូវការនោះគឺផ្នែក ព័ត៌មានវិទ្យា (IT) និងហិរញ្ញវត្ថុសាធារណៈ (Public Finance)។ ”
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើការងារដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS និងអ្នកពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានជិតស្និតបំផុតក្នុងការអនុវត្តគម្រោង FMIS ដែលត្រូវផ្តោតសំខាន់លើ ការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ដែលជាចំណុចគន្លឹះចំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ជាពិសេសលើការកំណត់ នីតិវិធីអនុវត្តការងារ (Business Process Mapping) ឱ្យបានច្បាស់លាស់ និងការអភិវឌ្ឍមុខងារថ្មីៗផងដែរ ៕