+855 23 43 00 63

31

May, 2024

តាមការគ្រោងទុក នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ នេះ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មី នៃក្រសួង-ស្ថាប័នចំនួន ៦ បូកបន្ថែមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវដាក់ឱ្យដំណើរការ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងពង្រឹងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ការគ្រប់គ្រងថវិកាឱ្យបានកាន់តែប្រសើរឡើង ឯកឧត្តម  ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលដំណើរការអនុវត្ត  FMIS នៅក្នុងក្របខណ្ឌនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា នាព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៤ នាសាលប្រជុំធំ អគារនៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីនិងបុគ្គលិកជំនាញ នៃក្រុមការងារគ្រប់គ្រងគម្រោង  FMIS អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង នាយកដ្ឋានហិរញ្ញកិច្ច ។

ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំ គឺការស្នើសុំឱ្យមានការសម្របសម្រួល ស្វែងយល់អំពីបញ្ហាជាក់ស្ដែង, បញ្ហាប្រឈម និង ការដោះស្រាយបញ្ហាទាំងនោះរួមគ្នា ជាមួយក្រុមការងារគ្រប់គ្រងគម្រោង  FMIS ក្នុងគោលការណ៍ នៃភាពស្មោះត្រង់ និង ជឿជាក់គ្នាទៅវិញទៅមក ជាមួយនឹងការប្រកាន់ខ្ជាប់នៅអភិក្រមទាំង ៤ ដែលបានកំណត់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ការដោះស្រាយការងារទាំងនេះ គឺដើម្បីត្រៀមជាស្រេចក្នុងការគាំទ្រដល់ដំណើរការប្រគល់សិទ្ធិជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ជាពិសេស គឺការអនុវត្តនីតិវិធីចំណាយចរន្តតាម  FMIS ទាំងស្រុង​នៅតាមអង្គភាពថវិកាទាំងនោះ ។

ជាលទ្ធផល បញ្ហាប្រឈមដែលបានលើកឡើងដោយនាយកដ្ឋានហិរញ្ញកិច្ចចំនួន ១៣ ចំណុចត្រូវបានសម្របសម្រួលដោះស្រាយ ដែលក្នុងនោះបញ្ហាចំនួន ១១ ចំណុចត្រូវបានដោះស្រាយរួចរាល់, មួយចំណុចពាក់ព័ន្ធទៅនឹងសមត្ថភាព នៃមន្ត្រីត្រួតពិនិត្យថវិកា នៃអគ្គនាយកដ្ឋានថវិកា និង មួយចំណុចទៀត ក្រុមការងារបច្ចេកទេស នៃក្រុមការងារគ្រប់គ្រងគម្រោង  FMIS កំពុងសិក្សាអំពីតម្រូវការបច្ចេកទេសលម្អិតជាមួយអ្នកពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានហិរញ្ញកិច្ច ។ ក្នុងកិច្ចប្រជុំនេះដែរ  ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានបញ្ជាក់ពីគោលជំហររ​បស់ឯកឧត្តមផ្ទាល់ និង ថ្នាក់ដឹកនាំកំពូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងដំណើរការជំរុញឱ្យមានការបង្កើត និង ផ្ទេរសិទ្ធិជូនអង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញ ។ តាមការគ្រោងទុក នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ នេះ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មី នៃក្រសួងស្ថាប័នចំនួន ៦ បូកបន្ថែមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវដាក់ឱ្យដំណើរការ  FMIS ។ កិច្ចការនេះ គឺត្រូវមានលក្ខណៈស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងការធ្វើស្វ័យ​ប្រវត្តិ​កម្ម​លើការអនុវត្តនីតិវិធីហិរញ្ញវត្ថុតាម FMIS ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុដោយខ្លួនឯងផ្ទាល់ ព្រមទាំងបង្ហាញអំពីតម្លាភាព និង គណនេយ្យភាពច្បាស់លាស់ ៕