+855 23 43 00 63

22

Nov, 2017

ប្រព័ន្ធ FMIS កំពុងត្រូវបានដំណើរការដាក់នៅតាមក្រសួង-ស្ថាប័នទាំង១០

ដោយ៖: | Tags: | មតិយោបល់: 0

រហូតមកដល់ពេលនេះ ពោលគឺមានរយៈពេលប្រម៉ាណជាង១ខែ ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា  FMIS បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងសស្រាក់សស្រាំដើម្បីសម្រេចតាមផែនការដែលខ្លួនបានកំណត់ ដោយក្នុងនោះ ក្រុមការងារបច្ចេកទេសមួយនេះ បាននិងកំពុងចុះបំពាក់ប្រព័ន្ធបណ្តាញខ្សែ Cable និង ដំឡើង Wall Points ដល់ក្រសួង-ស្ថាប័ន ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ។ បើតាមផែនការ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងធ្វើការរៀបចំដំឡើងឧបករណ៍បច្ចេកទេសមានដូចជា ប្រព័ន្ធបណ្តាញខ្សែ Cable, Wall Points, End-User Equipment និង WAN/LAN ឱ្យរួចរាល់នៅតាមក្រសួង-ស្ថាប័នទាំង ១០ ត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ។ គួររម្លឹកផងដែរថា ក្រសួង-ស្ថាប័នទាំង១០ ដែលត្រូវដំឡើងឱ្យរួចរាល់នោះរួមមាន៖  ក្រសួងបរិស្ថាន ( MOE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងឧស្សហកម្មនិងសិប្បកម្ម (MIH), ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (AFD-MEF), ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC), ក្រសួងសុខាភិបាល (MOH), ក្រសួងអប់រំយុវជនិងកីឡារាជធានីភ្នំពេញ(MOEYS), ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT), ក្រសួងកិច្ចការនារី (MOWA) និង ក្រសួងមុខងារសាធារណៈ (MCS) ។

ព័ត៌មានលម្អិត

21

Nov, 2017

ប្រកាសព័ត៌មាន លេខ ៤៣ (ខែតុលា ឆ្នាំ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ ២០១៨ ” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន  ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធពេញលេញផងដែរ។ ជាលទ្ធផល សិក្ខាកាមចូលរួមទាំងអស់បានយល់កាន់តែស៊ីជំរៅអំពីមុខងារ និងសមត្ថភាពនៃប្រព័ន្ធ FMIS, ការត្រៀមខ្លួនក្នុងការទទួលវគ្គបណ្តុះបណ្តាល និង ការពង្រីកវិសាលភាពនៃការអនុវត្តប្រព័ន្ធ FMIS ដល់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០១៨ នេះ។ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលរៀបចំកិច្ចពិភាក្សាជាមួយទីប្រឹក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា អំពីប្លង់គណនេយ្យ, មាតិកាថវិកា, និងកិច្ចបិទបញ្ជីការគណនេយ្យ ។ ស្របពេលជាមួយគ្នានេះ  មន្ត្រីនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០ រូបបានចូលរួមវគ្គបណ្តុះបណ្តាលអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករសាច់ប្រាក់ (Cash Planning and Cash Forecasting)” ដែលរៀបចំដោយអ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងក្នុងការអនុវត្តប្រព័ន្ធ FMIS ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក៏បានរៀបចំ និងចុះកិច្ចសន្យារួចរាល់ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដែលទទួលបានលើកញ្ចប់ដេញថ្លៃទាំងពីរ End User’s Equipment និង WAN/LAN Equipment […]

ព័ត៌មានលម្អិត

21

Nov, 2017

ស្វែងយល់ពី ទិដ្ឋភាពទូទៅ របស់មុខងារគណនីត្រូវសង (AP)

ដោយ៖: | Tags: | មតិយោបល់: 0

មុខងារគណនីត្រូវសង (AP) នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ប្រើប្រាស់សម្រាប់កត់ត្រាប្រតិបត្តិការចំណាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាការចុះអាណត្តិទូទាត់ត្រង់ ចុះបុរេប្រទាន ចុះរជ្ជទេយ្យបុរេប្រទាន អាណត្តិទូទាត់កិច្ចលទ្ធកម្ម។ មុខងារនេះអាចប្រើប្រាស់សម្រាប់កត់ត្រាប្រតិបត្តិការឧបត្ថម្ភធនពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ (ឃុំ-សង្កាត់) អាណត្តិចំណូលព្រម ចំណាយព្រម (អាណត្តិប្រាក់រង្វាន់) និងអាណត្តិទូទាត់ជូនអ្នកផ្គត់ផ្គង់ជាដើម។ លក្ខណៈពិសេសរបស់មុខងារគណនីត្រូវសង គឺការត្រួតពិនិត្យថវិកាដោយស្វ័យប្រវត្តិក្នុងប្រព័ន្ធ ដើម្បីធានាបាននូវការស្នើសុំទូទាត់មិនលើសពីដានថវិកា គណនាពន្ធកាត់ទុកដោយស្វ័យប្រវត្តិទៅតាមប្រភេទសហគ្រាសជាប់ពន្ធ (តូច មធ្យម ធំ) អាចធ្វើការទូទាត់អាណត្តិច្រើន ដោយការចេញមូលប្បទានបត្ររួមតែមួយសម្រាប់អាណត្តិដែលមានឈ្មោះអ្នកផ្គត់ផ្គង់និងធនាគារអ្នកផ្គត់ផ្គង់ដូចគ្នា និងការទូទាត់ជូនអ្នកផ្គត់ផ្គង់មូលប្បទានបត្រដាច់ដោយឡែក។ លើសពីនេះទៅទៀត មុខងារនេះបាននិងងកំពុងពង្រីកវិសាលភាពរបស់ខ្លួនដោយអាចធ្វើការទូទាត់តាមរយៈការទូទាត់រហ័ស (Express Payment) និងការទូទាត់តាមរយៈប្រព័ន្ធស្វ័យទំនើបកម្ម Electronic Fund Transfer (EFT) ទៅប្រព័ន្ធធនាគារជាតិនៃកម្ពុជា (NBC) ដោយពុំចាំបាច់ចេញមូលប្បទានបត្រឡើយ ។

ព័ត៌មានលម្អិត

15

Nov, 2017

តំណាងក្រុមហ៊ុនឯកជនមកពិភាក្សាពិនិត្យអំពីការបំពាក់កញ្ចប់ឧបករណ៍ End UserនិងWAN/LANសម្រាប់គម្រោង FMIS ជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងមកពីក្រុមហ៊ុន តែ អៀក ហុង បានមកពិភាក្សាផ្ទាល់ជាមួយនឹងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានក្រុមហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន ក្រុមការងារមូលដ្ឋានទិន្នន័យ និងក្រុមការងារផ្នែកសុវត្ថិភាពប្រព័ន្ធ ជាអ្នកទទួលបន្ទុក ក្នុងគោលបំណងរៀបចំបំពាក់ឧបករណ៍ End User និង WAN/LAN សម្រាប់គម្រោង FMIS ជំហានទី២ ដែលនឹងត្រូវដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏មានសារៈសំខាន់មួយនេះ នៅអង្គភាពថវិកាដែលជាអណាប័កផ្ទេរសិទ្ធ នៃក្រសួង-ស្ថាប័នចំនួន១០ នាពេលដ៏ខ្លីខាងមុខនេះ ។ គួរបញ្ចាក់ផងដែរថា ក្រសួង-ស្ថាប័នទាំង១០ ដែលនឹងត្រូវដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះរួមមាន៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និង កីឡា ។

ព័ត៌មានលម្អិត

14

Nov, 2017

គណៈប្រតិភូចិនមកសិក្សាស្វែងយល់ពីប្រព័ន្ធ FMIS របស់កម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lu Wenbin អនុប្រធាន វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ (SNAI) និង លោក Liu Xiaoqiang នាយករង វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ នៃវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ីប៉ាស៊ីភិច (AFDI) បានមកសិក្សាស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ។ នៅក្នុងជំនួបដែលបានប្រព្រឹត្តទៅអស់រយៈពេលជាង២ម៉ោងជាមួយនឹងគណប្រតិភូចិន លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីតួនាទីនិងភាពចាំបាច់នៃមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដោយក្នុងនោះរួមមាន៖ មុខងារសៀវភៅធំ (GL) មុខងារវិភាជន៍ថវិកា (BA) មុខងារការទិញ (PO) មុខងារគណនីត្រូវសង (AP) មុខងារគណនីត្រូវទារ (AR) មុខងារគ្រប់គ្រងសាច់ប្រាក់ (CM) និងការផលិតរបាយការណ៍ ជាពិសេសនោះអំពីវិសាលភាពរបស់គម្រោង FMIS ទាំងមូល ដែលត្រូវដាក់ឱ្យប្រើប្រាស់ជោគជ័យនូវប្រព័ន្ធ FMIS នៅទូទាំងប្រទេសកម្ពុជាឱ្យបានត្រឹមឆ្នាំ ២០២០ ។  ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូចិន បានបន្តទៅទស្សនកិច្ចផ្ទាល់ពីការអនុវត្តការងារជាក់ស្តែងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសនោះគឺការទៅពិនិត្យមើលប្រព័ន្ធ FMIS ជាក់ស្តែង ។ គួរជម្រាបជូនថា ក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមដំណើរការឱ្យមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល ហៅកាត់ថា GFMIS នៅក្នុងឆ្នាំ ២០០០ ក្រោមគម្រោង “Golden Finance Project” ក្នុងគោលបំណងបំពេញតម្រូវការនៃកំណែទម្រង់រតនាគារ និងភាពរីកចម្រើននៃថវិកា ។

ព័ត៌មានលម្អិត