+855 23 43 00 63

22

Feb, 2017

ពីធីដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធី “ដាក់ឱ្យអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ” ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍ និង សមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ និង ជំហានទី ២ ។ ជាកិច្ចចាប់ផ្តើម លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានប្រចាំការ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរាយការណ៍ជូនអង្គពិធីថា ដើម្បីចូលរួមគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចអភិវឌ្ឍ គម្រោង FMIS ជំហានទី ១ នៅដើមឆ្នាំ ២០១៤ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគ្រប់ការដ្ឋានការងារនៅខែ មេសា ឆ្នាំ ២០១៦ ។ នៅក្នុងជំហានទី ១ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការចំនួន ៦ មុខងារសំខាន់គឺៈ ទី១. មុខងារវិភាជន៍ថវិកា, ទី២. មុខងារគណនី ត្រូវសង, ទី៣. មុខងារបញ្ជារទិញ, ទី៤. មុខងារគ្រប់គ្រងសាច់ប្រាក់, ទី៥. មុខងារគណនីត្រូវទារ និង ទី៦. មុខងារសៀវភៅធំ ហើយ ការអនុវត្តគឺធ្វើឡើងតែនៅតាមអគ្គនាយកដ្ឋានគន្លឹះ និង […]

ព័ត៌មានលម្អិត

20

Feb, 2017

ក្រុមការងារគ្រប់គ្រងគម្រោងពិភាក្សាផែនការនៃការអនុវត្តគម្រោង FMIS ជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកអង្គប្រជុំដើម្បីពិភាក្សាអំពីការបែងចែកមុខងារ តួនាទី និងទំនួលខុសត្រូវ ក៏ដូចជាណែនាំអំពីផែនការសកម្មភាព សម្រាប់ការងារអនុវត្តគម្រោង FMIS ជំហានទី២ ក្រោយពីការធ្វើការកែសម្រួលសមាសភាពក្រុមការងារនេះនាពេលកន្លងមក ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គប្រជុំនេះដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS មកពីអគ្គនាយកដ្ឋានគន្លឹះ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្ដម ហ៊ាន សាហ៊ីប បានលើកឡើងក្នុងអង្គប្រជុំនេះថា ការងារដាក់ឱ្យអនុវត្តគម្រោង FMIS ជំហានទី២នេះ ទាមទារដាច់ខាតនូវការតាំងចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៅតាមអគ្គនាយកដ្ឋាននីមួយៗ ដើម្បីជំរុញមន្ត្រីរបស់ខ្លួន ឱ្យបន្តខិតខំចូលរួមទាំងអស់គ្នា ដើម្បីទ្រទ្រង់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមបានបន្ថែមថាមិនមែនតែអ្នកដែលមានឈ្មោះក្នុងក្រុមការងារនោះទេ ដែលត្រូវធ្វើការងារនេះ ប៉ុន្តែវាជាទំនួលខុសត្រូវផ្ទាល់របស់ផ្ទៃក្នុងអគ្គនាយកដ្ឋាន ក្នុងការធានាថាការងារដែលពាក់ព័ន្ធនឹងអគ្គនាយកដ្ឋាននឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ដោយឡែក ឯកឧត្ដម វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានលើកឡើងអំពីការប្រឹងប្រែងប្ដេជ្ញាបំពេញការងារ ដែលនៅសេសសល់របស់អគ្គនាយកដ្ឋានរតនាគារជាតិ និងនៅតាមរតនាគាររាជធានី-ខេត្ត ដែលនៅខេត្តខ្លះ សមត្ថភាពមន្ត្រីនៅមានកម្រិត ហើយការបញ្ចូលប្រតិបត្តិការខ្លះអាចមានកំហុសឆ្គងដោយសារមន្ត្រីមិនទាន់យល់ពីនីតិវិធីក្នុងប្រព័ន្ធទាំងអស់នៅឡើយ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការធ្វើបទបង្ហាញស្ដីអំពីផែនការសកម្មភាព ក្នុងការអនុវត្តគម្រោងត្រីមាសទី១ ឆ្នាំ២០១៧ ដែលធ្វើឡើងដោយលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS ដើម្បីឱ្យក្រុមការងារអាចជ្រាបកាន់តែច្បាស់អំពីការងារ ដែលក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោងនឹងអនុវត្តតាម ដើម្បីបង្កើនកម្រិតយល់ដឹង ភាពជាម្ចាស់ ការចូលរួម និងសមត្ថភាពរបស់មន្ត្រី ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ននាពេលឆាប់ៗខាងមុខ។

ព័ត៌មានលម្អិត

17

Feb, 2017

ក្រសួងសុខាភិបាល៖ ប្រព័ន្ធ FMIS នឹងជួយជំរុញការអនុវត្តការងារនៅក្នុងក្រសួងសុខាភិបាល

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសដែលទទួលបានការអនុញ្ញាតពី ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងស្តីអំពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថាប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសុខាភិបាល។ កម្មវិធីបញ្ជ្រាបការយល់ដឹងនេះមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តការងាររដ្ឋបាល និងហិរញ្ញវត្ថុចំនួនជាង៣០រូប ក្រោមការដឹកនាំរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល។ កម្មវិធីនេះបានចាប់ផ្តើមដោយការរៀបរាប់ដោយសង្ខេបអំពីស្ថានភាពបច្ចុប្បន្នទាក់ទងទៅនឹងការអនុវត្តការងារហិរញ្ញវត្ថុប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមនានាទាក់ទងនឹងនីតិវិធីអនុវត្តការងារហិរញ្ញវត្ថុបច្ចុប្បន្ន ដែលអាចបង្កជាភាពរអាក់រអួល និងពន្យាពេលក្នុងការអនុម័តថវិកា ហើយធ្វើឱ្យប៉ះពាល់ទៅដល់ការអនុវត្តសកម្មភាពសំខាន់ៗមួយចំនួន ក្នុងការប្រើប្រាស់ថវិកាដើម្បីអនុវត្តការងារក្នុងក្រសួង និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកជំទាវបានបន្ថែមថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នឹងធ្វើឱ្យដំណើរការនៃការអនុវត្តថវិកាមានភាពប្រសើរជាងមុន ដោយសារប្រព័ន្ធនឹងជួយសម្រួលច្រើនទៅលើការប្រតិបត្តិនីតិវីធីការងារ ជាពិសេសទាក់ទងទៅនឹងការងារហិរញ្ញវត្ថុ។ លើសពីនេះទៀត លោកជំទាវក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងចំពោះការឈានមកដល់ការចាប់ផ្តើមបន្តអនុវត្តគម្រោង FMIS នៅក្រសួងសុខាភិបាលផ្ទាល់។ កិច្ចប្រជុំបានបន្តដោយមានការធ្វើបទបង្ហាញស្តីអំពីចក្ខុវិស័យ និងបេសកកម្ម វឌ្ឍនភាពគម្រោងជំហានទី១ និងទិសដៅអនុវត្តជំហានទី២ រួមជាមួយផែនការអនុវត្តសកម្មភាពជំហានទី២ របស់ក្រុមការងារនៅឆ្នាំ២០១៧ ក៏ដូចជាសារៈប្រយោជន៍សំខាន់ៗ ដែលប្រព័ន្ធនឹងផ្តល់ជូនជាពិសេស ទៅដល់មន្រ្តីហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នផ្ទាល់។ ការផ្សព្វផ្សាយនេះពិតជាបានផ្តល់ នូវផ្លែផ្កាយ៉ាងប្រសើរ ដោយទទួលបានការសហការ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំហានបន្ទាប់រវាងក្រុមការងាររបស់លេខាធិការដ្ឋានគ្រប់គ្រងគម្រោង និងក្រុមការងារអនុវត្តគម្រោងផ្ទាល់របស់ក្រសួងសុខាភិបាល ក្នុងការចុះសិក្សាអំពីនីតិវិធីការងារនាពេលបច្ចុប្បន្ន ដើម្បីធ្វើការរួមគ្នាជាក្រុមតែមួយ ធានាថាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនឹងទទួលបានភាពជោគជ័យ និងសម្រួលកាងារជាច្រើនដល់ក្រសួង ក៏ដូចជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុទាំងអស់។

ព័ត៌មានលម្អិត

10

Feb, 2017

ការចុះផ្សព្វផ្សាយអំពីការអនុវត្តគម្រោង FMIS ជំហានទី២នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានព័ត៌មានវិទ្យា) បានធ្វើការផ្សព្វផ្សាយអំពីចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនទៅ កាន់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ មន្ត្រីអនុវត្តការងារគ្រប់គ្រង និង អនុវត្តថវិកាអំពីការអនុវត្តគម្រោង មុននឹងឈានដល់ការដាក់ប្រព័ន្ធ FMIS ឱ្យមន្ត្រីប្រើប្រាស់នាពេលខាងមុខ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដឹកនាំដោយឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (កសហវ) កិច្ចប្រជុំត្រូវបានចាប់ផ្ដើមដោយការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធនៅជំហានទី១ ព្រមទាំងអត្ថប្រយោជន៍ និងផែនការអនុវត្តសកម្មភាពបន្ទាប់របស់ក្រុមការងារនៅឆ្នាំ ២០១៧។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយការពិភាក្សាទាញយកធាតុចូលយ៉ាងរស់រវើក និងមានការលើកឡើងនូវចម្ងល់ បញ្ហប្រឈម ក៏ដូចជាសំណើនានា រួមជាមួយនឹងការស្វាគមន៍យ៉ាងពេញទំហឹងចំពោះវត្តមានប្រព័ន្ធ FMIS ក្នុងអគ្គលេខាធិការដ្ឋាន កសហវ។ ជាក់ស្ដែង ឯកឧត្ដម យ៉េត វីណែល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន មានប្រសាសន៍ថា ឯកឧត្ដមគាំទ្រឱ្យមានការប្រើប្រាស់ប្រព័ន្ធ FMIS តែមួយគត់ ហើយជំរុញឱ្យមានការសិក្សាយ៉ាងច្បាស់លាស់អំពីបរិបទ និងរចនាសម្ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុនៅតាមស្ថាប័នទាំងអស់ ដើម្បីធានាការដាក់ប្រព័ន្ធប្រើប្រាស់ប្រព្រឹត្តទៅដោយរលូន។ ក្រុមការងារអគ្គលេខាធិការដ្ឋានបានប្តេជ្ញាចូលរួមសហការអនុវត្តការងាររួមគ្នា និងផ្តល់ឯកសារពាក់ព័ន្ធនានានានា ។ ឯកឧត្ដមបន្ថែមថា ការអនុវត្តគម្រោង FMIS នឹងធ្វើឱ្យមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ ប្រឹងប្រែងធ្វើការងារលើការរៀបចំត្រៀមថវិកា ព្រោះកាលមិនទាន់មានប្រព័ន្ធគ្រប់គ្រងរួមតែមួយ មន្ត្រីមានការលំបាកក្នុងការប្រមូលព័ត៌មាន និងអាចមានភាពខ្ជះខ្ជាយក្នុងការគ្រោងថវិកាបានល្អិតល្អន់ ដោយមិនបានធ្វើលម្អិតក្នុងការរៀបចំសកម្មភាព និងចង្កោមសកម្មភាពច្បាស់លាស់នៅឡើយ។ មន្ត្រីនៃអគ្គលេខាធិការដ្ឋានក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង ដើម្បីជំរុញឱ្យការអនុវត្តគម្រោង និង ទទួលយកប្រព័ន្ធមកប្រើប្រាស់ឱ្យបានឆាប់រហ័ស ព្រោះប្រព័ន្ធនេះនឹងជួយសម្រួលការងារយ៉ាងច្រើនសម្រាប់អគ្គលេខាធិការដ្ឋាន។ គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាក្រសួងមួយក្នុងចំណោមក្រសួងទាំង១០ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅក្នុងឆ្នាំ២០១៧នេះ ជាពិសេសគឺនៅក្នុងអគ្គលេខាធិការដ្ឋានកសហវ បន្ថែមពីលើអគ្គនាយកដ្ឋានគន្លឹះ និងរតនាគាររាជធានី-ខេត្តទាំង២៥ ដែលបានប្រើប្រាស់ប្រព័ន្ធតាំងពីឆ្នាំ២០១៦មក។

ព័ត៌មានលម្អិត

7

Feb, 2017

ប្រកាសព័ត៌មាន លេខ ៣៤ (ខែ មករា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការរៀបចំក្រុមការងារគ្រប់គ្រង និង អនុវត្តគម្រោង FMIS ជំហានទី២”កាលពីថ្ងៃទី ១១-១២ ខែមករា ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និង ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នចំនួន១០ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ ២០១៧ នេះ ។ កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ នៅក្នុងខែមករានេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានបញ្ចប់ការរៀបចំផែនការមេ និង ផែនការសកម្មភាពសម្រាប់គ្រប់គ្រងការផ្លាស់ប្តូរ និង បានត្រៀមចុះផ្សព្វផ្សាយស្តីពី “ការបញ្ជ្រាបការយល់ដឹងនៅតាមក្រសួង-ស្ថាប័ន” ដែលនឹងចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ២០១៧ ។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងតែបន្តរៀបចំកម្មវីធីទំនាក់ទំនងនិងផ្សព្វផ្សាយពីវឌ្ឍនភាព និង បច្ចុប្បន្នភាពព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និង កំពុងបន្តជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារនៅដើមខែមីនា មុននឹងចាប់ផ្តើម អនុវត្តគម្រោង FMIS ជំហានទី២ ។ ដោយឡែក ក្រុមការងារផ្នែកមុខងារប្រព័ន្ធ FMIS កំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធកាន់តែរលូន និង មានប្រសិទ្ធភាពសម្រាប់ការអនុវត្តប្រព័ន្ធ FMIS ពេញលេញនៅឆ្នាំ ២០១៧ នេះ ។ លើសពីនេះ ក្រុមមុខងារប្រព័ន្ធក៏បានរៀបចំនូវកម្រងសំណួរ និង ឯកសារពាក់ព័ន្ធនានា សម្រាប់ការចុះទៅសិក្សាអំពីនីតិវិធីអនុវត្តការងារនៅតាមក្រសួង-ស្ថាប័នទាំង១០ ដើម្បីធានាឱ្យការអនុវត្តគម្រោង FMIS ជាមួយក្រសួង-ស្ថាប័នប្រកបដោយប្រសិទ្ធភាព ។ ក្រុមការងារផ្នែកកសាងសមត្ថភាពក៏បានផ្តល់នូវវគ្គបណ្តុះបណ្តាលបន្ថែមអំពីប្រព័ន្ធ FMIS ជូនដល់មន្រ្តីនៃអគ្គនាយកដ្ឋាន […]

ព័ត៌មានលម្អិត