+855 23 43 00 63

7

Aug, 2023

កិច្ចប្រជុំពិភាក្សាស្តីពី “ការចុះប្រតិបត្តិការដោយផ្ទាល់ ឬ តាមរយៈការបញ្ចូលទិន្នន័យ (upload) ចូលទៅក្នុងសៀវភៅធំ”

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និង គណនេយ្យដោយស្វ័យប្រវត្តិចូលទៅក្នុង FMIS តាមរយៈមុខងារសៀវភៅធំផ្ទាល់តែម្តង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំប្រជុំពិភាក្សាជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញបច្ចេកទេស ដែលអញ្ជើញមកពីគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ និង អគ្គនាយដ្ឋានរតនាគារជាតិក្នុងនាមជាគណនេយ្យករសាធារណៈ ស្តីពី “ការចុះប្រតិបត្តិការដោយផ្ទាល់ ឬ តាមរយៈការបញ្ចូលទិន្នន័យ (upload) ចូលទៅក្នុងសៀវភៅធំ” នាថ្ងៃទី ២, ទី ៣ និង ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូដោយប្រើប្រាស់កម្មវិធី Zoom ។
គោលបំណងនៃការបញ្ចូលទិន្នន័យដោយស្វ័យប្រវត្តិ (Auto Upload Data) នេះគឺ៖
១. សំដៅទៅលើការបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និង គណនេយ្យដោយស្វ័យប្រវត្តិចូលទៅក្នុង FMIS តាមរយៈមុខងារសៀវភៅធំផ្ទាល់តែម្តង
២. ការប្រើប្រាស់ការបញ្ចូលទិន្នន័យដោយស្វ័យប្រវត្តិ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំង ៤ ទើបតែបានអនុវត្តការប្រើប្រាស់ FMIS (យោងតាមសេចក្តីណែនាំលេខ ០១៥ សហវ.សណន.អល ចុះថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៣)
៣. យោងតាមការស្នើសុំពីអគ្គនាយកដ្ឋានរតនាគារជាតិ បានស្នើសុំក្រុមការងារ FMIS ក្នុងការសម្របសម្រួលលើផ្នែកបច្ចេកទេសជូនដល់អ្នកប្រើប្រាស់គណនេយ្យកររបស់គ្រឹះស្ថានទាំង ៤ លើការបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និង គណនេយ្យដោយស្វ័យប្រវត្តិចូលទៅក្នុង FMIS ដោយចាប់បញ្ចូលទិន្នន័យចាប់ពីដើមខែ មករា ឆ្នាំ ២០២៣ ដល់ចុងខែ កក្កដា ឆ្នាំ ២០២៣ ។
សូមរំលឹកផងដែរថា គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ រួមមាន៖ ១. គ្រឹះស្ថានអង្គរ, ២. វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា, ៣. រាជ្យបណ្ឌិតសភាកម្ពុជា និង ៤. មជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានប្រកាសដាក់ឱ្យប្រើប្រាស់ មុខងារស្នូលនៅក្នុង FMIS កាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ជាលទ្ធផល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញបច្ចេកទេស ដែលអញ្ជើញមកពីគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ បានទទួលធាតុចូលថ្មីៗបន្ថែម ស្តីពី ការបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និង គណនេយ្យដោយស្វ័យប្រវត្តិចូលទៅក្នុង FMIS តាមរយៈមុខងារសៀវភៅធំ ។ ទន្ទឹមនេះដែរ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ជាក់ថា ការបញ្ចូលទិន្នន័យដោយស្វ័យប្រវត្តិ (Auto Upload Data) ចូលទៅក្នុង FMIS តាមរយៈមុខងារសៀវភៅធំនេះ គឺ ជាការបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និង គណនេយ្យទាំងឡាយណាដែលបានបញ្ចប់ដោយជោគជ័យតែប៉ុណ្ណោះ ។