
29
Dec, 2017
អត្ថប្រយោជន៍ និងសុវត្ថិភាព របស់ប្រព័ន្ធ FMIS ថ្មី
នៅជំហានបន្តនៃដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការអនុវត្តគម្រោង FMIS ជំហានទី២ ផ្ដោតលើការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និង គុណភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចំណាយពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៧ ពោលគឺនៅថ្ងៃឈប់សម្រាក ដែលជាឱកាសក្នុងការបញ្ឈប់ដំណើរការប្រព័ន្ធ FMIS ទាំងមូលជាបណ្ដោះអាសន្ន ក្នុងការរៀបចំដំឡើងប្រព័ន្ធ FMIS ថ្មី សម្រាប់ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង គ្រប់គ្រងថវិកាឆ្នាំ ២០១៨ តទៅ ជាពិសេសនៅបណ្ដាក្រសួង-ស្ថាប័នចំនួន ១០ ដំបូង។
នៅឆ្នាំ២០១៨ ប្រព័ន្ធ FMIS ថ្មី នឹងអាចអោយអ្នកប្រើប្រាស់ទាំងអស់រួមមាន៖
-ក្រសួង-ស្ថាប័នទាំង១០៖ បញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា សម្រាប់ឆ្នាំសារពើពន្ធ២០១៨ (FY 2018) របស់ខ្លួនដោយជ្រើសរើសលេខកូដរបស់ក្រសួងផ្ទាល់ អង្គភាពថវិកា និងកម្មវិធីរបស់ខ្លួន។
-រតនាគាររាជធានី-ខេត្ត៖ បញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា សម្រាប់ឆ្នាំសារពើពន្ធ២០១៨ របស់ខ្លួនដោយជ្រើសរើសលេខកូដរបស់រតនាគាររាជធានី-ខេត្តទាំង២៥ (PT001-PT025) ដោយក្នុងលេខកូដរបស់រតនាគារនីមួយៗនឹងបង្ហាញលេខកូដជាក់លាក់របស់ឃុំ សង្កាត់ មន្ទីរ និងរដ្ឋបាលខេត្ត របស់រតនាគារដែលបានជ្រើសរើស។ ដោយឡែក រតនាគារក៏នៅតែអាចបញ្ចូលប្រតិបត្តិការរបស់ខ្លួនដែលមាននៅឆ្នាំ២០១៧ ដោយប្រើប្រាស់លេខកូដ CMB01 ដើម្បីធ្វើការបិទប្រតិបត្តិការឆ្នាំ២០១៧។
-អ្នកប្រើប្រាស់ថ្នាក់កណ្តាល៖ បញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា សម្រាប់ឆ្នាំសារពើពន្ធ២០១៨ (FY 2018) របស់ក្រសួង-ស្ថាប័ន ដោយប្រើប្រាស់ប្រព័ន្ធ FMIS ថ្មី ដែលធ្វើការជ្រើសរើសក្រសួង-ស្ថាប័ន និងអង្គភាពថវិកាជាក់លាក់របស់ក្រសួង-ស្ថាប័នទាំងនោះ តាមការកំណត់របស់អ្នកប្រើប្រាស់នីមួយៗ។
សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួង-ស្ថាប័នទាំង១០ នឹងត្រូវប្រើប្រាស់មុខងារចំនួន៤ គឺមុខងារវិភាជន៍ថវិកា មុខងារគណនីត្រូវសង មុខងារគណនីត្រូវទារ និងមុខងារទិញ ក្នុងចំណោមមុខងារចំនួន៦ របស់ប្រព័ន្ធ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ FMIS ត្រូវបានបណ្ដាប្រទេសនៅលើសាកលលោកផ្ដល់ការជឿទុកចិត្តថា ជាប្រព័ន្ធមួយដែលនឹងនាំមកនូវ ប្រសិទ្ធភាព, តម្លាភាព, និង គណនេយ្យភាព ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និង ការគ្រប់គ្រងថវិកា និង ជាឧបករណ៍មួយ ដែលនឹងទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពជឿនលឿន ទាន់សភាពការណ៍វិវិត្តន៍ប្រកបដោយចីរភាពនៃសមាហរណកម្មតំបន់ និង សាកលភាវូបនីយកម្ម។