
21
Feb, 2018
តើប្រព័ន្ធ FMIS នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះសម្រាប់ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ?
គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះគាំទ្រ និងទ្រទ្រង់ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការធ្វើប្រតិបត្តិការ ត្រួតពិនិត្យ និងអនុម័តផ្ទាល់ក្នុងប្រព័ន្ធ បានគ្រប់ចំនួនក្រសួងទាំង១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធចំនួន១០ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ។ ដោយឡែក មិនដល់កន្លះខែទៀតទេ ពោលគឺនៅក្នុងកំឡុងខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការចុះពិនិត្យការដ្ឋានផ្ទាល់ ប្រមូលព័ត៌មាន និង សិក្សាពីទីតាំងផ្ទាល់សម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMIS នៅគ្រប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំង២៥ រាជធានី-ខេត្ត ។ ទន្ទឹមនឹងនេះ ដើម្បីជ្រាបកាន់តែច្បាស់ និងស៊ីជម្រៅ អំពីអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS យើងសូមលើកយក៨ចំណុច ដែលក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានបន្ទាប់ពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយនេះទទួលបានជោគជ័យ ។ អត្ថប្រយោជន៍ទាំង ៨ចំណុច នេះរួមមាន៖
១. ពង្រឹងគណនេយ្យភាពស្ថាប័ន និង ភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា ។
២. កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ ។
៣. តាមដានការអនុវត្តថិវកាបានកាន់តែមានប្រសិទ្ធភាពជាងមុន ទាំងថវិកាថ្នាក់ក្រសួង, ថ្នាក់មន្ទីរ និង អង្គភាពថ្នាក់ក្រោមជាតិនៅក្រោមឱវាទ តាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ និង ថវិកាបានដោយខ្លួនឯង និងទាន់ពេលវេលា ។
៤. ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា ។
៥. មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ ។
៦. មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកាសម្រាប់ថវិកាថ្នាក់ក្រសួង, មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិបានដោយខ្លួនឯង និងទាន់ពេលវេលា ។
៧. ប្រើប្រាស់ប្រព័ន្ធដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារនានា ។ ជាការពិតណាស់ ដែលនៅពេលដាក់ឱ្យអនុវត្តដំបូង នឹងមានការប្រើប្រាស់ឯកសារក្រដាសស្នាម ប៉ុន្តែជាបណ្តើរៗ ការប្រើប្រាស់ក្រដាសស្នាមនឹងត្រូវលុបបំបាត់បន្តិចម្តងៗ ។
៨. អាចតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមរយៈលំហូរការងារក្នុងប្រព័ន្ធ FMIS (ពេលបញ្ជូន ពេលពិនិត្យរួច និងពេលអនុម័តរួច ) ។