+855 23 43 00 63

27

Jul, 2020

សារៈសំខាន់នៃមុខងាររៀបចំផែនការថវិការបស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

មុខងាររៀបចំផែនការថវិកានៃប្រព័ន្ធ FMIS ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ តើមុខងាររៀបចំផែនការថវិកាដើរតួនាទីយ៉ាងដូចម្តេចក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ? តើមុខងារថ្មីរបស់ប្រព័ន្ធ FMIS នេះ ផ្តល់ផលប្រយោជន៍អ្វីខ្លះ?

មុខងាររៀបចំផែនការថវិកា នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីអាចឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធិកម្ម ដែលស្របតាមទិសដៅ ជាយុទ្ធសាស្រ្តនៃការផ្សារភា្ជប់ថវិកាទៅនឹង គោលនយោបាយ និងគណនេយ្យភាពសមិទ្ធិកម្ម នៅឆ្នាំ ២០២៥ ។ ក្នុងនោះ មុខងាររៀបចំផែនការថវិកា នឹងក្លាយជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗរបស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តាក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ក្នុងដំណើរការរៀបចំផែនការថវិកា ដូចជា៖

  • ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាន ឬ ទិន្នន័យរបស់ថវិកាចរន្ត និងថវិកាមូលធន
  • ជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការរៀបចំ និងកែតម្រូវទិន្នន័យ នៅពេលមានការកែប្រែលើផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិល ក៏ដូចជាផែនការគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នំា បន្ទាប់ពីមានការសម្រេចឯកភាពកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ផ្តល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ បូកសរុបលើកញ្ចប់ថវិការួមរបស់បណ្តាក្រសួង-ស្ថាប័ន ក្នុងករណីមានការកែតម្រូវលើថវិកាដែលបានគ្រោងឡើង ។
  • ផ្តល់ភាពងាយស្រួលសម្រាប់ការត្រួតពិនិត្យ និង តាមដានរាល់ការចំណាយរបស់អង្គភាពថវិកានីមួយៗ ដែលអាចឱ្យយើងដឹងអំពីការចំណាយមិនចំគោលដៅ ឬ មិនស្របទៅតាមសូចនាករដែលបានកំណត់ដើមឆ្នាំ ឬ មិនស្របទៅតាមស្មារតីនៃការចរចាថវិកាប្រចាំឆ្នាំរវាងក្រសួង-ស្ថាប័ន ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ផ្តល់ភាពងាយស្រួលសម្រាប់ការកំណត់ពិដានថវិកា ក្នុងការរៀបចំគម្រោងចំណូល-ចំណាយប្រចាំឆ្នាំ
  • ជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់ឯកសារជាក្រដាស ។