
21
Sep, 2021
អត្ថប្រយោជន៍នៃមុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅ បានរៀបចំកម្មវិធី “ការបញ្ជ្រាបការយល់ដឹងអំពីមុខងារលទ្ធកម្មពេញលេញ និង មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ។ នៅដើមឆ្នាំ ២០២២ ខាងមុខ មុខងារលទ្ធកម្មពេញលេញ (Full Procurement Module) នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័ន ចំនួន ៣៤ និង មុខងាររៀបចំផែនការថវិកា (Budget Planning Module) នៅក្រសួង-ស្ថាប័នចំនួន ១១ ។ ស្របពេលជាមួយគ្នានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមលើកយកនូវអត្ថប្រយោជន៍របស់មុខងារទាំងពីរនេះ ដូចតទៅ៖
១.មុខងារលទ្ធកម្មពេញលេញ
មានសមត្ថភាពអាចគ្រប់គ្រងរាល់ដំណើរការនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈទាំងអស់ ដែលរួមមាន ការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ, ការរៀបចំផែនការលទ្ធកម្ម, ការគ្រប់គ្រងដំណើរការដេញថ្លៃ និង ការគ្រប់គ្រងកិច្ចសន្យា។
អត្ថប្រយោជន៍៖
- ចំណេញពេលវេលា និងអាចត្រួតពិនិត្យបានគ្រប់ប្រតិបត្តិការ
- ផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង តាមដានផែនការលទ្ធកម្មពេញលេញ
- ប្រព័ន្ធរក្សាទុកទិន្នន័យយូរអង្វែង ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យ
- កាត់បន្ថយចំណាយលើការប្រើប្រាស់ឯកសារ
- លទ្ធភាពត្រួតពិនិត្យ និងតាមដានរាល់ការរៀបចំផែនការលទ្ធកម្មរបស់ក្រសួង-ស្ថាប័ន និងអង្គភាពថវិកា
២.មុខងាររៀបចំផែនការថវិកា
គ្រប់គ្រងវដ្ដនៃដំណើរការរៀបចំផែនការថវិកាប្រចាំឆ្នាំ ដែលរួមមានការរៀបចំផែនការយុទ្ធសាស្ត្រថវិកាបីឆ្នាំរំកិល, ការរៀបចំកញ្ចប់ថវិកា និង ការអនុម័តថវិកា ក្នុងក្របខណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ក្រសួង-ស្ថាប័ន អាចកត់ត្រាគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំលម្អិតទៅតាមចំណាត់ថ្នាក់ថវិកា ដែលរួមមានទាំង ចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់សេដ្ឋកិច្ច និង បញ្ជូនតាមប្រព័ន្ធទៅកាន់ដំណាក់កាលនីមួយៗនៃការរៀបចំផែនការថវិកា។
អត្ថប្រយោជន៍៖
- ទិន្នន័យ ឯកសារពាក់ព័ន្ធ ត្រូវបានរក្សាទុកនៅក្នុងប្រពន្ធតែមួយដែលមានសុវត្ថិភាព និងមិនងាយបាត់បង់
- ផ្តល់ភាពងាយក្នុងការកែតម្រូវលើគម្រោងចំណូលចំណាយថវិកា និងចំណេញពេលវេលា
- អាចត្រួតពិនិត្យគម្រោងថវិកាឆ្នាំចាស់ និងគម្រោងថវិកាឆ្នាំថ្មី
- គ្រប់គ្រងព័ត៌មាន ផ្ទៀងផ្ទាត់ និងបូកសរុបលើកញ្ចប់ថវិកា
- ត្រួតពិនិត្យ និងតាមដានរាល់ការចំណាយរបស់អង្គភាពថវិកានីមួយៗ
- កំណត់ពិតានថវិកាក្នុងការរៀបចំគម្រោងចំណូលចំណាយប្រចាំឆ្នាំ
- បន្ថយការចំណាយលើការប្រើប្រាស់ឯកសារជាក្រដាស
- ងាយស្រួលក្នុងការប្រៀបធៀបលើកញ្ចប់ថវិកាដែលបានអនុវត្ត ទៅនឹងផែនការដែលបានគ្រោង ។