
2
Feb, 2018
FMWG ប្រជុំបើកឯកសារដេញថ្លៃជាមួយក្រុមហ៊ុនចូលរួមដេញថ្លៃលើកញ្ចប់មជ្ឍមណ្ឌលទិន្នន័យសម្រាប់គម្រោង FMIS
(ភ្នំពេញ)៖ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ហៅកាត់ថា FMWG បានប្រជុំបើកឯកសារដេញថ្លៃជាមួយក្រុមហ៊ុនចូលរួមដេញថ្លៃលើកញ្ចប់មជ្ឍមណ្ឌលទិន្នន័យ ក្នុងគោលបំណងបម្រើដល់ការអនុវត្តគម្រោង FMIS ជំហានទី ២ ។ កិច្ចប្រជុំបើកឯកសារដេញថ្លៃមជ្ឍមណ្ឌលទិន្នន័យនេះ ធ្វើឡើងនៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
គួរជម្រាបជូនថា ក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃលើកញ្ចប់មជ្ឍមណ្ឌលទិន្នន័យនេះមាន ក្រុមហ៊ុន First Cambodia Co., Ltd, ក្រុមហ៊ុន Campura Triangulum Corporation, ក្រុមហ៊ុន FPT Information System, ក្រុមហ៊ុន CiTOO Solution Pte., Ltd និងក្រុមហ៊ុន Te Aik Hong Office Machines Supplies Co., Ltd ។
បន្ទាប់ពីបានបញ្ចប់ការដេញថ្លៃលើកញ្ចប់ End Users’ Equipment, កញ្ចប់ឧបករណ៍ WAN/LAN និង Bandwidth សម្រាប់គម្រោង FMIS ជំហានទី ២ រួចមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅ បានផ្សព្វផ្សាយដាក់ឱ្យដេញថ្លៃជាផ្លូវការលើកញ្ចប់មជ្ឍមណ្ឌលទិន្នន័យតាមរយៈការសែតក្នុងស្រុកមួយចំនួនក្នុងនោះមាន កាសែតរស្មីកម្ពុជា និង កាសែតភ្នំពេញប៉ុស្តិ៍ ។ យោងតាមនីតិវិធីលទ្ធកម្ម លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃនេះផងដែរ ក៏បានសម្រេចរៀបចំកិច្ចប្រជុំមួយ ដើម្បីប្រជុំបើកឯកសារដេញថ្លៃជាមួយក្រុមហ៊ុនចូលរួមដេញថ្លៃលើកញ្ចប់មជ្ឍមណ្ឌលទិន្នន័យ ។
គួរបញ្ចាក់ផងដែរថា លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រហូតមកដល់ពេលនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់នៃការអនុវត្តគម្រោង FMIS របស់ខ្លួន ដោយសម្រេចបាននូវការដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់នៅតាមអគ្គនាយកដ្ឋានគន្លឹះៗ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងនៅរតនាគាររាជធានី-ខេត្តទាំង២៥ ហើយនៅជំហានទី ២ ថ្មីៗនេះ បាន និងកំពុងបន្តវិសាលភាពនៃការដាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅក្នុងក្រសួង-ស្ថាប័ន និងអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធ ព្រមទាំងនៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំង២៥ រាជធានី-ខេត្ត ៕