
14
Aug, 2023
លទ្ធផលនៃការវាយតម្លៃលើឯកសារដេញថ្លៃផ្នែកទី១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព”
នារសៀលថ្ងៃ សុក្រ ១០រោច ខែ ទុតិយាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលជាគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និង សម្រេចលើលទ្ធផលនៃការវាយតម្លៃលើឯកសារដេញថ្លៃផ្នែកទី១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃដែលអញ្ជើញមកពី អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យមើលលទ្ធផលនៃការវាយតម្លៃសំណើឯកសារដេញថ្លៃនៃលទ្ធកម្មកញ្ចប់ទី១ មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពផ្នែកទី១ របស់គម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដែលបានវាយតម្លៃដោយគណៈកម្មាការវាយតម្លៃកិច្ចលទ្ធកម្មផ្គត់ផ្គង់គម្រោង FMIS ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់សមាជិកដែលបានចូលរួមឱ្យចូលរួមផ្តល់យោបល់ពិភាក្សា និង ពិនិត្យប្រកបដោយតម្លាភាព ភាពត្រឹមត្រូវស្របតាមនីតិវិធីអនុវត្តស្តង់ដាលទ្ធកម្ម និង ស្របតាមបទប្បញ្ញតិជាធរមាន ជាពិសេសគិតគូរដល់គុណប្រយោជន៍ជារួមសម្រាប់ប្រទេសជាតិ លើការពិនិត្យ និង វាយតម្លៃ ក៏ដូចជាការវាយតម្លៃឯកសារឱ្យកាន់តែមានប្រសិទ្ធភាព មានការប្រកួតប្រជែងដោយស្មើភាពត្រឹមត្រូវ និង យុត្តិធម៌ ។