+855 23 43 00 63

26

Apr, 2023

ការបញ្ចប់វគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ជូនក្រសួង-ស្ថាប័ន ចំនួន ១២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ១៧

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ ងៃពុធ ៧កើត ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នំា ២០២៣ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់វគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួង-ស្ថាប័ន ១២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៧ សរុបចំនួន ១៤៧ រូប ដែលក្នុងនោះសិក្ខាកាមជាស្ត្រីចំនួន ៦២ រូប ។
 
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ២៧ ខែ មីនា រហូតដល់ ថ្ងៃទី ២៦ ខែ មេសា ឆ្នំា ២០២៣ ដោយត្រូវបានបែងចែកទៅតាមអនុមុខងារ និង បានអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះមុខវិជ្ជារួមមាន៖
១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
២ ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
៣. អនុមុខងាររៀបចំចំណូលថវិកា-សម្រាប់អ្នកបញ្ចូល
៤. អនុមុខងាររៀបចំចំណាយថវិកា-សម្រាប់អ្នកបញ្ចូល
៥.អនុមុខងាររៀបចំចំណាយបៀវត្សមន្ត្រីរាជការ-សម្រាប់អ្នកបញ្ចូល
៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា-សម្រាប់អ្នកបញ្ចូល
៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម-សម្រាប់អ្នកបញ្ចូល
៨. មុខងាររៀបចំផែនការថវិកាសម្រាប់អ្នកអនុម័ត
 
សូមបញ្ជាក់ថា បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់គ្រូឧទ្ទេសអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS, ប្រព័ន្ធជំនួយគាំទ្រ PK-The Helper និង អនុមុខងារនីមួយៗនៅក្នុងមុខងាររៀបចំផែនការថវិការួចរាល់, គ្រូឧទ្ទេស ក៏បានធ្វើការបង្ហាញពីរបៀបបញ្ចូលប្រតិបត្តិការ ត្រួតពិនិត្យ និង អនុម័ត នៃអនុមុខងារទាំងនេះនៅក្នុងប្រព័ន្ធជាក់ស្តែងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តប្រព័ន្ធនាពេលខាងមុខនេះ ។ ស្របជាមួយគ្នានេះដែរ ក៏មានចូលរួមយ៉ាងផុសផុលគួរកត់សម្គាល់ពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលបានអញ្ជើញចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ តាមមុខងារ និង តួនាទីនៅក្នុងប្រព័ន្ធជាមួយនឹងគ្រូឧទ្ទេសដែលមានបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធ ។