
5
Feb, 2016
ថវិកាឆ្នាំ ២០១៦ សម្រាប់ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បានដាក់បញ្ចូលរួចរាល់នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
បន្ទាប់ពីរដ្ឋសភាជាតិ បានអនុម័តលើកញ្ចប់ថវិកាឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានសហការគ្នាយ៉ាងសកម្មក្នុងការប្រមូលនូវទិន្នន័យថវិកាដែលមានលម្អិតដល់កម្មវិធី និង អនុកម្មវិធីពីគ្រប់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីដាក់បញ្ចូល (Upload)ក្នុងប្រព័ន្ធ FMIS សម្រាប់ត្រៀមអនុវត្តថវិកាឆ្នាំ ២០១៦ នេះ តាមប្រព័ន្ធ FMIS ។ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ក្រុមការងារបានប្រមូល និង សម្រួលទិន្នន័យទៅតាមទម្រង់ស្តង់ដាររួមមួយ ដើម្បីដាក់បញ្ចូលទៅក្នុងទៅប្រព័ន្ធ FMIS ដោយប្រើប្រាស់មុខងារវិភាជន៍ថវិកា (Budget Allocation) ។ ក្រុមការងារបានដាក់បញ្ចូលទិន្នន័យវិភាជន៍ថវិកាលម្អិតរួចរាល់សម្រាប់ថវិកាថ្នាក់ជាតិទាំងអស់ (គ្រប់ក្រសួង-ស្ថាប័ន) ដោយរួមទាំងក្រសួង-ស្ថាប័នដែលមានថវិកាកម្មវិធីចំនួន ២៣ ដូចខាងក្រោម៖
១. រដ្ឋសភា
២.ព្រឹទ្ធសភា
៣.ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
៤. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៥. ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់
៦. អាជ្ញាធរសវនកម្មជាតិ
៧. អង្គភាពប្រឆាំងអំពើពុករលួយ
៨. ក្រសួងយុត្តិធម៌
៩. ក្រសួងព័ត៌មាន
១០.ក្រសួងសុខាភិបាល
១១.ក្រសួងអប់រំ យុវជន និង កីឡា
១២.ក្រសួងបរិស្ថាន
១៣.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា
១៤.ក្រសួងកិច្ចការនារី
១៥.ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
១៦.រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
១៧.ក្រសួងពាណិជ្ជកម្ម
១៨.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
១៩.ក្រសួងអភិវឌ្ឍន៍ជនបទ
២០.ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍
២១.ក្រសួងសាធារណការ និង ដឹកជញ្ជូន
២២.ក្រសួងទេសចរណ៍
២៣.ក្រសួងធនធានទឹក និង ឧតុនិយម ។
ចំណែកថវិកាឆ្នាំ ២០១៦ សម្រាប់ថ្នាក់ក្រោមជាតិ មានចែកចេញជាបីកម្រិត រួមមានថ្នាក់រាជធានី-ខេត្ត, ថ្នាក់ក្រុង/ស្រុក/ខណ្ឌ និង ថ្នាក់ឃុំ/សង្កាត់ ។ បច្ចុប្បន្នក្រុមការងារបានដាក់បញ្ចូលរួចរាល់សម្រាប់ថ្នាក់រាជធានី-ខេត្ត និង ថ្នាក់ក្រុង/ស្រុក/ខណ្ឌ ដែលទិន្នន័យថវិកាទាំងនោះ ទទួលបានពីអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ដោយឡែកសម្រាប់ថវិកាលម្អិតថ្នាក់ឃុំ/សង្កាត់ រតនាគាររាជធានី-ខេត្ត ត្រូវបានដើរតួនាទីរ៉ាប់រងជាបណ្តោះអាសន្នលើការដាក់បញ្ចូលទិន្នន័យថវិកាទាំងនោះ ដោយមានក្រុមការងារ FMWG នៃនាយកដ្ឋានព័ត៌មានវិទ្យាចុះជួយគាំទ្រ និង បង្ហាត់បង្ហាញដោយផ្ទាល់អំពីការរៀបចំទម្រង់ និង របៀបដាក់បញ្ចូលទិន្នន័យថវិកាទៅក្នុងប្រព័ន្ធ FMIS ។ ជាងនេះទៀត សម្រាប់ការវិភាជន៍រេជ្ជទេយ្យនៅថ្នាក់ក្រោមជាតិ និង ការផ្ទេរ/បង្វែរថវិកាក្នុងឆ្នាំសម្រាប់ថ្នាក់ឃុំ/សង្កាត់ ក៏ត្រូវទទួលបន្ទុកជាបណ្តោះអាសន្នដោយរតនាគាររាជធានី-ខេត្តផងដែរ ដោយសារវិសាលភាពនៃការអនុវត្តគម្រោង FMIS នៅជំហានទី ១ នេះ ពុំទាន់បានដាក់ឱ្យប្រើប្រាស់ដល់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅឡើយ ។
ជារួមសមិទ្ធផលសម្រេចបាននេះ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យដំណើរការទៅមុខប្រកបដោយរលូន និង ផ្លែផ្កាសម្រាប់ការអនុវត្តថវិកាឆ្នាំ ២០១៦ ដែលជាការរំពឹងទុកជាយូរមកហើយពីសំណាក់អ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេសដៃគូអភិវឌ្ឍន៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ។ នៅពេលដែលការអនុវត្តគម្រោង FMIS ជំហានទី១ នេះ ទទួលបានជោគជ័យ ប្រាកដណាស់ជំហានទី ២ នៃការអនុវត្តគម្រោង FMIS នឹងចាប់ផ្តើមជាបន្តបន្ទាប់រហូតពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ដល់គ្រប់ក្រសួង-ស្ថាប័នអស់នៃរាជរដ្ឋាភិបាលកម្ពុជា។