+855 23 43 00 63

6

Dec, 2017

ឯកឧត្តម ចាន់ សុធី៖ បើមិនមាន FMIS ការរៀបចំថវិកាគឺមិនអាចមានព័ត៌មានពីការអនុវត្តបាននោះទេ

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីអំពី “សេចក្តីព្រាងយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា (២០១៧-២០២៥)” នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម ចាន់ សុធី  អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលស្គាល់ និង លើកឡើងថា ផ្នែកមួយនៃការកែទម្រង់ប្រព័ន្ធថវិកា គឺបានផ្អែកសំខាន់លើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្នុងការជួយ រៀបចំ និង អនុវត្តថវិកា។ ឯកឧត្តមបានគូសបញ្ចាក់ថា “បើមិនមាន FMIS ការរៀបចំថវិកាគឺមិនអាចមានព័ត៌មានពីការអនុវត្តបាននោះទេ ដូច្នេះត្រង់ចំណុចនេះសំខាន់គឺមាន FMIS។”

កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និង មានការពិភាក្សាយ៉ាងផុសផុល ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

គួរបញ្ជាក់ថា ក្រោយការធ្វើទស្សនៈកិច្ចសិក្សាទៅកាន់ប្រទេសជាច្រើន ជាពិសេសប្រទេសបារាំង ក្រុមការងារនៃអគ្គនាយកដ្ឋានថវិកាដែលដឹកនាំដោយឯកឧត្តម ចាន់ សុធី  បានសម្រចបានជាមូលដ្ឋាននូវឯកសារយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាសម្រាប់ឆ្នាំ២០១៧-២០២៥ ដែលឯកសារនេះមានសារៈសំខាន់គាំទ្រ និង សម្រួចផ្លូវដល់ការកែទម្រង់ប្រព័ន្ធថវិកានៃប្រទេសកម្ពុជា ដែលក្នុងនោះឯកសារបានរំលេចនូវ ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកា  យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថិវកាឆ្នាំ២០១៧-២០២៥ ព្រមទាំងផែនទីចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្ត្រឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការលើកឡើង និងវែកញែកជាបន្តបន្ទាប់ អំពីការឈរលើគោលការណ៍ Performance Based Budgeting ក្នុងការរៀបចំថវិកា ដែលកន្លងមកមានការយល់ខុសៗគ្នាទៅលើទស្សនទាន អំពីម៉ូដែលសម្រាប់គោលការណ៍នេះ ប៉ុន្តែបន្ទាប់ពីការពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំអោយភាគីពាក់ព័ន្ធទាំងអស់យល់ជារួមថាគោលការណ៍នេះមានម៉ូដែលចំនួន៣ រួមមាន ប្រព័ន្ធថវិកាបង្ហាញសមិទ្ធិកម្ម  ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធិកម្ម  និងប្រព័ន្ធថវិកាសមិទ្ធិកម្មផ្ទាល់ ដោយក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យបានចង្អុលបង្ហាញឱ្យជារួមឈរលើម៉ូដែល ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធិកម្ម។

អង្គប្រជុំបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ល្អដែលបន្ទាប់ពីការកែសម្រួលចុងក្រោយនៃឯកសារនេះ ក្រុមការងារនឹងធ្វើរបាយការណ៍គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះលទ្ធផលនៃការកែប្រែនេះក្នុងកម្រិតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដើម្បីសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច ដើម្បីដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រី ឬ សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីធ្វើការសម្រេចដ៏ខ្ពង់ខ្ពស់ចំពោះឯកសារនេះ ៕