+855 23 43 00 63

15

Jun, 2020

កិច្ចប្រជុំលក្ខណៈបច្ចេកទេសក្នុងការដាក់ឱ្យអនុវត្តផែនការសកម្មភាពសម្រាប់ការរៀបចំ និងការអភិវឌ្ឍមុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃ ចន្ទ ទី ១៥ ខែមិថុនា ឆ្នាំ ២០២០ លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តរៀបចំកិច្ចប្រជុំលក្ខណៈបច្ចេកទេសជាមួយក្រុមហ៊ុនផ្គត់ផ្គង់លើមុខងាររៀបចំផែនការថវិកា២០២០ – ២០២១ ។ កិច្ចប្រជុំពីចង្ងាយនេះបានរៀបចំឡើងតាមកម្មវិធី Zoom បន្ទាប់ពីបានប្រកាសដាក់ឱ្យអនុវត្តនូវមុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ FMIS កាលពីព្រឹកថ្ងៃសុក្រ ទី ០២ ខែ មិថុនា ឆ្នាំ ២០២០ កន្លងមក ដែលមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ផ្អែកតាមផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី២ ដើម្បីឈានដល់ការដាក់ឱ្យអនុវត្តមុខងាររៀបចំផែនការថវិកានៅក្នុងប្រព័ន្ធ FMIS ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្នុងការរៀបចំឯកសារតម្រូវការរបស់អ្នកប្រើប្រាស់រួចរាល់ និង បានសម្រេចជ្រើសរើសយកផលិតផលបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមហ៊ុន International Business Machines Corporation (IBM) ។

គួរបញ្ជាក់ផងដែរថា មុខងាររៀបចំផែនការថវិកានឹងត្រូវបានរៀបចំ និង អភិវឌ្ឍដោយយកចិត្តទុកដាក់ខ្ពស់ផ្នែកសុវត្ថិភាព និង ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖

  • ចំណេញពេលវេលា និងផ្តល់ភាពងាយស្រួលក្នុងការបញ្ចូលទិន្នន័យគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ ដោយសារមុខងារនេះមានទម្រង់ច្បាស់លាស់ និងមានការណែនាំជាជំហាន សម្រាប់ការបញ្ចូលទិន្នន័យ។
  • ងាយស្រួលត្រួតពិនិត្យ និង តាមដានរាល់ការចំណាយរបស់អង្គភាពថវិកានីមួយៗ ដែលចំណាយមិនចំគោលដៅ ឬ មិនស្រួលទៅតាមសូចនាករដែលបានកំណត់ដើមឆ្នាំ ឬ មិនស្របទៅតាមស្មារតីនៃការចរចាថវិកាប្រចាំឆ្នាំរវាងក្រសួង-ស្ថាប័ន និង ក្រសួងសេដ្ឋកិច្ច
  • ផ្តល់ភាពងាយស្រួលការកំណត់ពិដានថវិកា ក្នុងការរៀបចំគម្រោងចំណូល-ចំណាយប្រចាំឆ្នាំ
  • កាត់បន្ថយកំហុសឆ្គងចំពោះការ Upload ទិន្នន័យដោយប្រើ Template Upload ទៅក្នុងប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS)
  • កាត់បន្ថយចំណាយលើការប្រើប្រាស់ក្រដាស
  • កាត់បន្ថយបន្ថយកំហុសឆ្គងចំពោះការ Upload ទិន្នន័យ និង ចំណេញពេលវេលាក្នុងការពិនិត្យ និង កែសម្រួលទិន្នន័យ
  • រាល់ពេលកាត់បន្ថយ/កែសម្រួលនូវកញ្ចប់ថវិកាពីមួយដំណាក់កាល ទៅមួយដំណាក់កាល មានភាពងាយស្រួលជាងមុន
  • ក្រសួង-ស្ថាប័នអាចមើល និងតាមដាននូវថវិកាដែលបានកែហើយ ពីខាងអគ្គនាយកដ្ឋានថវិកា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។