+855 23 43 00 63

2

Mar, 2023

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “មុខងាររៀបចំផែនការថវិកា” ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន១៦បន្ថែម

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃពុធ ១០ កើត ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែ មីនា គ្រិស្តសករាជ ២០២៣, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “មុខងាររៀបចំផែនការថវិកា” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ចំនួន ១៦ បន្ថែម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់ កណ្តាល នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា “មុខងាររៀបចំផែនការថវិកា” អនុញ្ញាតឱ្យអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ អាចគ្រប់គ្រងវដ្ដនៃដំណើរការរៀបចំផែនការថវិកាប្រចាំឆ្នាំ ដែលរួមមាន៖ ការរៀបចំផែនការយុទ្ធសាស្ត្រថវិការយៈពេល ៣ ឆ្នាំរំកិល, ការរៀបចំកញ្ចប់ថវិកា និង ការអនុម័តថវិកា ក្នុងក្របខណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ទន្ទឹមនេះ, អ្នកប្រើប្រាស់អាចកត់ត្រាគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំលម្អិត ទៅតាមចំណាត់ថ្នាក់ថវិកា, ចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់សេដ្ឋកិច្ច ទៅតាមដំណាក់កាលនីមួយៗ នៃការរៀបចំផែនការថវិកា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា “មុខងាររៀបចំផែនការថវិកា” មានអនុមុខងារចំនួន ៩ ដែលក្នុងនោះ អនុមុខងារចំនួន៤ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពថវិកានីមួយៗ រួមមាន៖ ១-អនុមុខងាររៀបចំចំណូលថវិកា, ២-អនុមុខងាររៀបចំចំណាយថវិកា, ៣-អនុមុខងាររៀបចំចំណាយបៀវត្សមន្ត្រីរាជការ និង ៤-អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម ។ ដោយឡែក, អនុមុខងារចំនួន ៥ ផ្សេងទៀត ត្រូវបានប្រើប្រាស់សម្រាប់តែអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើការក្រើនរំលឹកទៅកាន់អង្គភាពថវិកាទាំងអស់ ក្នុងការបន្តពង្រឹងសមត្ថភាពជូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រោះថា ការកែទម្រង់ និង ការផ្លាស់ប្តូរនៅតែបន្តមានឥតឈប់ឈរ និង មិនអាចបកក្រោយបានឡើយ ស្របទៅតាមការអភិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចជាតិ និង ដើម្បីតាមឱ្យទាន់ស្ថានភាពនៃការអភិវឌ្ឍ របស់ប្រទេសក្នុងតំបន់ និង សកលលោក ។ ជាមួយនេះ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងបន្តអភិវឌ្ឍកម្មវិធី និង មុខងារថ្មីៗ នៅក្នុងប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រសួង-ស្ថាប័ន និង អង្គភាពប្រតិបត្តិ សំដៅលើកកម្ពស់កម្រិតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់ ដែលកំពុងចូលរួមកម្មវិធីថ្ងៃនេះ ឱ្យបន្តចូលរួម និង ផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្ថែមទៀត និង ត្រៀមកិច្ចការងារមួយចំនួន ជាពិសេស ការពិនិត្យមើលនីតិវិធីអនុវត្តការងារខាងក្រៅប្រព័ន្ធ និង គិតគូរក្នុងការកាត់បន្ថយជំហាននៃរំហូរនីតិវិធី ដែលមិនមានតម្លៃបន្ថែម ពីព្រោះថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងសម្របសម្រួលក្នុងការតម្រឹមនីតិវិធីអនុវត្តការងារស្របតាម “ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS (២០២០-២០២៥)” និង តាមផែនការរួមដំណាក់កាលទី ៤ ២០២៣-២០២៧ នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
សូមជម្រាបជូនថា “មុខងាររៀបចំផែនការថវិកា” ជាមុខងារថ្មីមួយរបស់ប្រព័ន្ធ FMIS ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ចាប់តាំងពីឆ្នាំ ២០២១ មក, ដោយជំហានដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្រសួងចំនួន ២ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី, ហើយបន្តពង្រីកការប្រើប្រាស់ក្នុងឆ្នាំ ២០២២ ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១១ បន្ថែម និង គ្រោងបន្តពង្រីកការប្រើប្រាស់ក្នុងឆ្នាំ ២០២៣ នេះ ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១២ បន្ថែម, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់ និង អង្គភាពថវិកាថ្មីៗ រួមមានអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំង ១៦ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានចូលរួមនៅក្នុងកម្មវិធីនាថ្ងៃនេះដែលមានដូចជា៖
១. អគ្គនាយកដ្ឋានថវិកា;
២. អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ;
៣. អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ;
៤. អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ;
៥. អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍;
៦. អគ្គាធិការដ្ឋាន;
៧. អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង;
៨. អគ្គនាយកដ្ឋានគោលនយោបាយ;
៩. អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល;
១០. វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ;
១១. អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ;
១២. អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ញកម្មកម្ពុជា;
១៣. អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ;
១៤. និយ័តករបរធនបាលកិច្ច;
១៥. និយ័តករធានារ៉ាប់រងកម្ពុជា និង
១៦. និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ។