
28
Mar, 2023
វគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ជូនក្រសួងស្ថាប័ន ១២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៧ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នំា ២០២៣ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំវគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃក្រសួង-ស្ថាប័ន ១២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៧ សរុបចំនួន ១៤៧ រូប ដែលក្នុងនោះសិក្ខាកាមជាស្ត្រីចំនួន ៦២ រូប ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមីនា រហូតដល់ថ្ងៃទី ២៦ ខែមេសា ឆ្នំា២០២៣ ហើយត្រូវបានបែងចែកទៅតាមអនុមុខងារក្នុងប្រព័ន្ធ និង អ្នកជំនាញអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះរួមមាន៖
១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
២ ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
៣. អនុមុខងាររៀបចំចំណូលថវិកា
៤. អនុមុខងាររៀបចំចំណាយថវិកា
៥.អនុមុខងាររៀបចំបៀវត្សមន្ត្រីរាជការ
៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា
៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម
៨. មុខងារររៀបចំផែនការថវិកា សម្រាប់អ្នកអនុម័ត
សូមបញ្ជាក់ថា បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់គ្រូឧទ្ទេសអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS, ប្រព័ន្ធជំនួយគាំទ្រ PK-The Helper និង អនុមុខងារនីមួយៗនៅក្នុងមុខងាររៀបចំផែនការថវិការួចរាល់, គ្រូឧទ្ទេស ក៏បានធ្វើការបង្ហាញពីរបៀបបង្កើត ត្រួតពិនិត្យ និង អនុម័ត នៃអនុមុខងារទាំងនេះនៅក្នុងប្រព័ន្ធជាក់ស្តែងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តប្រព័ន្ធនាពេលខាងមុខនេះ ។ ជាមួយគ្នានេះ, មានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល តាមមុខងារក្នុងប្រព័ន្ធជាមួយនឹងគ្រូឧទ្ទេសដែលមានបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធ ។

















