+855 23 43 00 63

2

Sep, 2022

កិច្ចប្រជុំស្តីពីការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្តីពីការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធមកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ក្នុងកិច្ចប្រជុំថា ដើម្បីដាក់ឱ្យអនុវត្តថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាននៅក្នុងឆ្នាំ ២០២២ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានប្រមូលធាតុចូល និង ធ្វើការសិក្សាទាំងនីតិវិធីអនុវត្តការងារ និង ការអភិវឌ្ឍក្នុងប្រព័ន្ធ FMIS ស្ទើរតែទាំងស្រុងហើយ បើទោះជាការសិក្សាច្រើនលើកច្រើនសារហើយក្តី ក៏ការងារកែសម្រួលនីតិវិធីអនុវត្តការងារនេះនៅតែត្រូវមានការកែសម្រួល ការផ្តល់មតិយោបល់បន្ថែមពីអ្នកពាក់ព័ន្ធទាំងអស់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានសង្កត់ធ្ងន់ដល់អ្នកចូលរួមឱ្យគិតគូពីការងារកែទម្រង់ ដែលមកដល់ពេលនេះការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឈានមកដល់ដំណាក់កាលទី ៤ ហើយ ដូច្នេះ ប្រព័ន្ធ FMIS មិនត្រឹមតែជាឧបករណ៍ចូលរួមគាំទ្រដល់ការងារនោះទេ តែជាចលករមួយដែលសំខាន់ក្នុងការទាញ និង រុញការងារកែទម្រង់ ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងនេះតែម្តង ។
ក្នុងកិច្ចពិភាក្សាអគ្គនាយកដ្ឋានពាក់ព័ន្ធបានស្វែងយល់ពីនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង និង យល់ស្របតាមនីតិវិធីគឺការអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយមិនមាននីតិវិធីឯកសារខាងក្រៅនោះទេ ពិសេសការចូលរួម និង គាំទ្រពីអគ្គនាយកដ្ឋានរតនាគារជាតិដែលបញ្ជាក់ពន្យល់បន្ថែម និង គាំទ្រការអនុវត្តនេះថា នៅពេលចូលក្នុងប្រព័ន្ធ FMIS ទាំងស្រុងនីតិវិធីទាំងអស់នឹងបង្ហាញច្បាស់លាស់ក្នុងប្រព័ន្ធ ការយឺតយ៉ាវនៅកន្លែងណាក៏បង្ហាញបានច្បាស់លាស់ នៅពេលនោះភាគីទាំងអស់ ទាំងក្រសួង-ស្ថាប័ន និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនអាចរុញដាក់គ្នាថាមានការយឺតយ៉ាវនោះទេ ។
នីតិវិធីអនុវត្តថវិកាចរន្តក្នុងប្រព័ន្ធ FMIS ទាំងស្រុង នឹងត្រូវដាក់ឱ្យអនុវត្តនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាននៅក្នុងខែកញ្ញា ឆ្នាំ ២០២២ នេះ នឹងបន្តដាក់ឱ្យអនុវត្តដល់ក្រសួង-ស្ថាប័នផ្សេងទៀតជាបន្តបន្ទាប់ ។