
27
May, 2014
ប្រកាសព័ត៌មាន លេខ ០០៣ (ខែ ឧសភា ឆ្នាំ ២០១៤)
បច្ចុប្បន្ន “ក្រុមការងាររួម” របស់គម្រោង FMIS ( FMIS Joint Team) បាននឹងកំពុងបន្តខិតខំប្រឹងប្រែងអនុវត្តការងារពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទាន់ទៅនឹងកាលវិភាគនៃការអនុវត្តគម្រោងដែលបានចែកចេញជាប្រាំដំណាក់កាល ។ ស្ថិតក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅ ដែលជាដំណាក់កាលទី ២ ក្នុងចំណោមដំណាក់កាលទាំងប្រាំ ក្រុមការងាររួមបានបន្តអនុវត្តការងារយ៉ាងសកម្មទាក់ទងនឹងនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំមាតិកាគណនី ចំណាត់ថ្នាក់ថវិកា សិក្ខាសាលា ការបណ្តុះបណ្តាល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS ។
នៅដើមខែឧសភា ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS លេខ ០០១ បានចេញផ្សាយដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាព ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងព័ត៌មានសំខាន់ៗដែលមានសារៈសំខាន់សម្រាប់មន្រ្តីពាក់ព័ន្ធទាំងអស់។ មន្រ្តីពាក់ព័ន្ធទាំងអស់អាចចូលទៅកាន់គេហទំព័រគម្រោង FMIS ដើម្បីទាញយកព្រឹត្តិបត្រព័ត៌មាននេះ។ ជាមួយគ្នានេះដែរ ក្រុមការងារបានរៀបចំរួចរាល់នូវមាតិកា និងព័ត៌មានលម្អិតផ្សេងៗសម្រាប់គេហទំព័រគម្រោង FMIS ជាភាសាជាតិ ហើយសម្រាប់ភាសាអង់គ្លេសនឹងចាប់ដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ ទន្ទឹមនឹងនេះ ឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan)” សម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរត្រូវបានបញ្ចប់នាពេលថ្មីៗ និងបានទទួលនូវយោបល់កែលម្អពីទីប្រឹក្សាផងដែរ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តប្រកបដោយជោគជ័យ និងរលូន។
ក្រុមការងាររួមផ្នែកនីតិវិធីអនុវត្តការងារ បានរៀបចំឯកសារ និងគូសក្រាហ្វិកនៃនីតិវិធីអនុវត្តការងារបច្ចុប្បន្ន (Current Business Process)រួចរាល់ហើយ ដែលនឹងចុះហត្ថលេខាលើឯកសារដោយនាយកដ្ឋានពាក់ព័ន្ធនៅសប្តាហ៍ចុងក្រោយនៃខែឧសភា។ សម្រាប់ការងារបន្ទាប់ក្រុមការងាររួមនឹងបន្តរៀបចំនូវនីតិវិធីអនុវត្តការងារនាពេលអនាគត (To-be Process) ដើម្បីដាក់ចូលទៅក្នុងប្រព័ន្ធ FMIS ។ ជាមួយគ្នានេះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់នូវការរៀបចំជាឯកសារ រចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលទិន្នន័យ (DC) និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ (DRC) ដែលរួមមាន ទីតាំងសម្រាប់ម៉ាស៊ីនភ្លើង ម៉ាស៊ីនត្រជាក់ និងរចនាសម្ព័ន្ធនៃការតភ្ជាប់បណ្ដាញក្នុងបន្ទប់ DC និង DRC ជាដើម ។ លើសពីនេះ ឯកសារដើម្បីនាំចូលសម្ភារៈ និងឧបករណ៍សម្រាប់ដំឡើងនិងតភ្ជាប់ផ្សេងៗនៅក្នុងបន្ទប់ DC និង DRC ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ ត្រូវបានបញ្ចប់រួចរាល់ ។ ការស្ថាបនា DC នឹងចាប់ផ្តើមនៅដើមខែមិថុនា ដោយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗផងដែរ ។
ក្រុមការងារកំពុងរៀបចំបន្តនូវវគ្គបណ្តុះបណ្តាលមូលដ្ឋានមួយចំនួនពាក់ព័ន្ធនឹងការដំឡើងប្រព័ន្ធ FMIS ដូចជា On-the-job training of Instance Installing, Oracle Solaris 11 System Administration និង Oracle Database 11g Administration ជាដើម សម្រាប់ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា និងបច្ចេកទេសកម្មវិធីកុំព្យូទ័រ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែមិថុនា និងកក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ ។
មន្ត្រីដែលបានអានប្រកាសព័ត៌មាននេះ សូមជួយផ្សព្វផ្សាយបន្តនូវព័ត៌មានខាងលើនេះដល់មន្ត្រីពាក់ព័ន្ធទាំងឡាយ ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តគម្រោង FMIS ដែលជាប្រព័ន្ធដ៏មានសារៈប្រយោជន៍ និងចាំបាច់សម្រាប់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (PFMRP) ។
សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh
អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖ 023 430 063