+855 23 43 00 63

26

Aug, 2014

ប្រកាស​ព័ត៌មាន លេខ ០០៥ (ខែ កក្កដា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

 មកដល់ពេលនេះ ការអនុវត្តប្រព័ន្ធ FMIS បានឆ្លងចូលដល់ដំណាក់កាលទី៣ហើយ ដែលជាដំណាក់កាលស្ថាបនាប្រព័ន្ធ។ ក្រុមការងារទាំងអស់របស់គម្រោងកំពុងធ្វើការយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត ដើម្បីឲ្យការងារសម្រេចបានតាមផែនការសកម្មភាព។ បន្ទាប់ពីទទួលបាននូវការកំណត់ទិសដៅពីថ្នាក់ដឹកនាំលើការរៀបចំនីតិវិធីអនុវត្តការងារអនាគតកាលពីខែមិថុនា ពេលនេះក្រុមការងារបានរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រេចបានប្រមាណជា៩០%នៃការងារសរុបដែលជាការងារសំខាន់សម្រាប់ជាធាតុចូលក្នុងការស្ថាបនាប្រព័ន្ធ FMIS។ ទីប្រឹក្សាគម្រោងរួមជាមួយ   ក្រុមការងារនីតិវិធីអនុវត្តការងារ កំពុងពិភាក្សារួមគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ   នីតិវិធីអនុវត្តការងារអនាគតជាមួយអគ្គ-នាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ  ដែលការងារនេះគ្រោងនឹងបញ្ចប់ក្នុងខែសីហា។ ដោយសារក្រុមហ៊ុនផ្គត់ផ្គង់បានរៀបចំត្រឹមតែតាមមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដូចនេះមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យាបានរៀបចំ End-To-End To-Be Business Process បន្ថែមលើពីអ្វីដែលក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើ។ ការងារនេះបានបញ្ចប់ប្រហែល៨០%ហើយនាពេលនេះ ហើយក្រុមការងារក៍កំពុងរៀបចំការវាយតម្លៃលើផលប៉ះពាល់នៅពេលអនុវត្តប្រព័ន្ធ FMIS ជាបណ្តើរៗផងដែរ។ បន្ទាប់ពីសម្រេចនូវលទ្ធផលសរុបរួមមួយ ក្រុមការងារនឹងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានពិនិត្យ និងកែសម្រួលជាមួយទីប្រឹក្សាគម្រោង លើឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan) ជាថ្មីម្តងទៀត និងពិនិត្យឯកសារព្រាងស្តីពី    “ការវិភាគអំពីអ្នកពាក់ព័ន្ធ (Stakeholder Analysis) ដែលឯកសានេះ គឺជាមូលដ្ឋានចម្បងក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងអ្នកពាក់ព័ន្ធក្នុងពេលអនុវត្តការគ្រប់គ្រងការផ្លាស់ប្តូរ ហើយនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅតាមការប្រែប្រួលពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។ កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅនេះ ប្រធានក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានរៀបចំនូវកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃការទំនាក់ទំនងផ្សព្វផ្សាយ និងការងារបន្ត ជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញឲ្យការងារគ្រប់គ្រងការផ្លាស់ប្តូរមានសន្ទុះជាងមុន ក្នុងគោលបំណងកៀរគរអ្នកពាក់ព័ន្ធឲ្យចូលរួម និងយល់កាន់តែច្បាស់អំពីការគ្រប់គ្រងការផ្លាស់ប្តូរនៃការអនុវត្តគម្រោង FMIS។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធ FMIS និងពង្រឹងការទំនាក់ទំនងផ្សព្វផ្សាយដល់ថ្នាក់ខេត្ត ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរគ្រោងនឹងចុះជួបទូទាំង ២៥ រតនាគាររាជធានី-ខេត្ត នាពេលខាងមុខនេះ ស្របតាមយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ។ ជំហានដំបូង ក្រុមការងារនឹង     ចាប់ផ្តើមសាកល្បងចុះទៅកាន់រតនាគារខេត្តចំនួនពីរនៅចុងខែសីហា និងដើមខែកញ្ញា។

ដោយឡែកការសាងសង់បន្ទប់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលបញ្ចប់បានប្រមាណ៧០%ទៅ ៨០% ហើយ។ ជាមួយគ្នាដែរ ក្រុមការងាររួមបាននាំចូលនូវសម្ភារៈ និងឧបករណ៍ជាដំណាក់កាលទី២ រួចរាល់ហើយ និងកំពុងបន្តសហការគ្នារៀបចំឯកសារសម្រាប់នាំចូលដំណាក់កាលទី ៣ ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។ ក្រុមហេដ្ឋារចនាសម្ព័ន្ធគម្រោងបានកំពុងសិក្សាលើប្លង់សម្រាប់តម្លើងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS នៅតាមអគ្គនាយក-ដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ។ លើសពីនេះ ក្រុមការងារក៍បានគ្រោងនឹងចុះធ្វើការត្រួតពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMISនៅតាមរតនាគារទូទាំង ២៥ រាជធានី-ខេត្ត  នាពេលខាងមុខផងដែរ។

គម្រោង FMIS កំពុងឈានទៅមុខពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតស្របតាមផែនការសកម្មភាពមេ ដូច្នេះសូមមន្រ្តីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង FMIS ឱ្យកាន់តែក្លាំងខ្លាជាងមុនដើម្បីឱ្យការអនុវត្តគម្រោង FMIS របស់យើង ប្រកបដោយភាពរលូន និងជោគជ័យ។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

ឯកសារភ្ជាប់ជា PDF៖ ភាសាខ្មែរ /English