+855 23 43 00 63

5

Jan, 2015

ប្រកាស​ព័ត៌មាន លេខ ១០ (ខែ ធ្នូ ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារនីតិវិធីអនុវត្តការងាររបស់ប្រព័ន្ធ FMIS បានសម្រេចការចងក្រងនីតិវិធីអនុវត្តការងារអនាគតរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះរួចរាល់អស់ហើយ លើកលែងតែអគ្គនាយកដ្ឋានថវិកាដែលតម្រូវឲ្យមានការជជែកបន្ថែមដើម្បីកែសម្រួលផ្នែកខ្លះនៃឯកសារនីតិវិធីអនុវត្តការងារអនាគត ដែលបច្ចុប្បន្នក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់ពិភាក្សាយ៉ាងលម្អិតហើយគ្រោងនឹងសម្រេចជាស្ថាពរនៅខែមករា ឆ្នាំ២០១៥។ ការធ្វើសន្ធានកម្ម (Interface) ជាមួយប្រព័ន្ធផ្សេងៗទៀត ក្រុមការងារកំពុងបន្តជួបពិភាក្សាជាមួយក្រុមជំនាញ ជាពិសេសខាងធនាគារ ពាក់ព័ន្ធនឹងវិធីសាស្រ្តចេញមូលប្បទានបត្រតាមប្រព័ន្ធ FMIS។ ចំណែកការធ្វើខេមរយាន្តកម្មពីភាសាអង់គ្លេសសម្រាប់កម្មវិធីរបស់ប្រព័ន្ធ FMIS ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាកំពុងជួយពិនិត្យឡើងវិញលើភាពខ្វះចន្លោះ និងអត្ថន័យ។

កាលពីចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាល សហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាចំនួន ៣ វគ្គ ជូនដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ និងក្រសួងស្ថាប័ន ស្តីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍លើការអនុវត្តគម្រោង FMIS” ក្រោមការធ្វើបទបង្ហាញរបស់ លោក Ali Hashim ជំនាញការរបស់ធនាគារពិភពលោក ដោយផ្តោតលើចំណុចសំខាន់មួយចំនួនដូចជា ចំណេះដឹងអំពីការអនុវត្តគម្រោង FMIS ការធ្វើសន្ធានកម្ម (Interface)រវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ  ផ្សេងៗ និងវិសាលភាពនៃការអនុវត្តប្រព័ន្ធ FMIS នាពេលអនាគតដែលនឹងដាក់ឱ្យអនុវត្តដល់គ្រប់ក្រសួងស្ថាប័នសាមី។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ និងក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធកំពុងផ្តោតសំខាន់លើការវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ ស្របទៅតាមការអនុវត្តប្រព័ន្ធ FMIS ដែលការងារនេះតម្រូវឲ្យមានការសហការ និងខិតខំយ៉ាងម៉ឺងម៉ាត់ពីអគ្គនាយកដ្ឋាន ពាក់ព័ន្ធទាំងអស់ដើម្បីរកឱ្យឃើញពីផលប៉ះពាល់សម្រាប់ដាក់ជូនថ្នាក់ដឹកនាំកសហវ។ ក្រៅពីនេះ ក្រុមការងារកំពុងខិតខំបន្តរៀបចំឱ្យមានការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់អំពីការអនុវត្តគម្រោង និងបង្ហាញពីប្រព័ន្ធ FMISជាក់ស្តែង ជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្ត សម្រាប់ត្រៀមខ្លួនទទួលយកប្រព័ន្ធនាពេលខាងមុខ។

ការរៀបចំដំឡើង និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យបានបញ្ចប់ជាស្ថាពរ ហើយក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់កំពុង    ប្រើប្រាស់សាកល្បង និងបង្ហាត់បង្រៀនដល់ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យាដូចជា System Developer, Database Administrator, និង Network Administrator ជាដើម។ ចំណែកការបណ្តុះបណ្តាលផ្សេងៗ នឹងត្រូវផ្តល់ជូនដល់អ្នកពាក់ព័ន្ធទាំងអស់នាពេលខាងមុខ តាម រយៈក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ ដើម្បីធានាដល់ការប្រើប្រាស់ប្រព័ន្ធប្រកបដោយជោគជ័យ និងចីរភាព។ ចំណែកការងាររៀបចំដំឡើងកម្មវិធី (System Application Configuration)កំពុងប្រព្រឹត្តិទៅជាបណ្តើរៗបន្ទាប់ពីទទួលបាននូវទិន្នន័យចាំបាច់មួយចំនួនពីអគ្គនាយកដ្ឋានពាក់ព័ន្ធ។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០០៩ (ខែ វិច្ឆិកា ឆ្នាំ ២០១៤) បានពីទំព័រនេះ៖
https://fmis.mef.gov.kh/documents-and-publications/bulletins/