
11
Mar, 2015
ប្រកាសព័ត៌មាន លេខ ១២ (ខែ កុម្ភៈ ឆ្នាំ ២០១៥)
ឯកសារនីតិវិធីអនុវត្តការងារអនាគត (To Be Business Process) ត្រូវបានអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធចុះហត្ថលេខាទទួលយករួចរាល់ជាស្ថាពរហើយ សម្រាប់ដាក់ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះហត្ថលេខាជាផ្លូវការ។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) នៃនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបទបង្ហាញមួយស្តីអំពី “គុណប្រយោជន៍នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាប់ពីថ្នាក់អនុរដ្ឋលេខាធិការឡើង។ បទបង្ហាញបានចែកចេញជា២ផ្នែក ដោយផ្នែកទី ១ បានផ្តោតទៅលើទិដ្ឋភាពរួមនៃការអនុវត្តគម្រោង FMIS រួមមានដំណាក់កាលអនុវត្តគម្រោង វឌ្ឍនភាពរបស់គម្រោង និងការវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ និង ផ្នែកទី ២ បានផ្តោតទៅលើការបង្ហាញអំពីប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយនឹងគុណប្រយោជន៍របស់ប្រព័ន្ធ FMIS។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ https://fmis.mef.gov.kh/news/presentation-on-benefit-of-fmis/។ ក្រុមការងារនឹងរៀបចំនូវបទបង្ហាញរួមជាមួយនឹងការបង្ហាញអំពីប្រព័ន្ធជាក់ស្តែងជូនដល់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជ-ធានី-ខេត្តទៅតាមផែនការជាបន្តបន្ទាប់។
ជាក់ស្តែងការអនុវត្តគម្រោង FMIS សម្រេចបានប្រមាណជា ៥១% នៃដំណាក់កាលកសាងប្រព័ន្ធ ហើយកំពុងតែចាប់ដំណើរការអន្តរកាលបានប្រមាណ ៦% និង២%នៃដំណាក់កាលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការ។ ស្ថិតក្នុងដំណាក់កាលសំខាន់នេះ ក្រុមការងាររួមជាមួយ ទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរកំពុងសិក្សាលម្អិតលើការវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ ដោយនឹងផលិតនូវឯកសារវិភាគពីផលប៉ះពាល់សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចនៅក្នុងខែមីនា។ ចំណែកឯការសិក្សាលើ Fit Gap Analysis ក្រុមការងារគ្រប់គ្រងគម្រោងកំពុងសិក្សា និងពិនិត្យឡើងវិញលើសមត្ថភាពរបស់ប្រព័ន្ធជាមួយកិច្ចសន្យាផ្គត់ផ្គង់។ ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll និងប្រព័ន្ធធនាគារជាតិនិងធនាគារពាណិជ្ជ (ACLEDA និង CANADIA) កំពុងឈានទៅរកការសម្រេចចុងក្រោយលើវិធីសាស្រ្ត និងទិន្នន័យសម្រាប់ធ្វើសន្ធានកម្មនាពេលឆាប់ៗនេះ។ ស្របពេលនេះដែរ ក្រុមការងារ Data Conversion រួមជាមួយក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ កំពុងពិភាក្សាជាមួយអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ លើការទាញយកទិន្នន័យជាក់ស្តែងពីប្រព័ន្ធ KIT របស់អគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ដាក់ចូលក្នុងប្រព័ន្ធ FMIS ដើម្បីត្រៀមដាក់ប្រព័ន្ធប្រើប្រាស់ជាផ្លូវការ។ ចំពោះការធ្វើខេមរយាន្តកម្មពីភាសាអង់គ្លេសសម្រាប់ប្រព័ន្ធក៏កំពុងតែអនុវត្តជាបណ្តើរៗដោយផ្តោតទៅលើមុខងារនីមួយៗ។
ក្រុមហ៊ុនផ្គត់ផ្គង់កំពុងបន្តផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងការប្រើប្រាស់កម្មវិធី PeopleSoft កម្រិតបឋមជូនដល់ក្រុមការងារ FMWG លើមុខងារសំខាន់ទាំង៦ (ប្រកាសព័ត៌មានលេខ០០៩) របស់ប្រព័ន្ធ FMIS ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការចូលរួមទទួលការបណ្តុះបណ្តាល និងជាជំនួយក្នុងការបណ្តុះបណ្តាលបន្តដល់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បាននិង កំពុងសិក្សាផ្ទាល់តាមអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធដើម្បីបំពាក់បណ្តាញ Networkសម្រាប់ប្រព័ន្ធ FMIS។
សូមក្រុមការងារ FMWG បន្តអនុវត្តការងារតាមផែនការដែលបានកំណត់ និងចូលរួមឱ្យបានសកម្មក្នុងការឆ្លើយតបឱ្យបានទាន់ពេលទៅតាមតម្រូវការផ្សេងៗរបស់ក្រុមការងារក្រុមហ៊ុនផ្គត់ផ្គង់ ដើម្បីឲ្យដំណើរការកសាងប្រព័ន្ធសម្រេចបានតាមការគ្រោងទុក ជាពិសេសសមាជិកទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលឲ្យបានខ្ជាប់ខ្ជូន ធ្វើយ៉ាងណាទទួលបានចំណេះដឹងអំពីការប្រើប្រាស់កម្មវិធី PeopleSoft ឲ្យបានច្បាស់លាស់ដើម្បីជាទុនសម្រាប់ការប្រើប្រាស់ផ្ទាល់ សម្រាប់ជួយបង្ហាត់បង្រៀនបន្ថែមដល់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធនៅតាមអគ្គនាយកដ្ឋាន-នាយកដ្ឋានរៀងៗខ្លួននៅមុនពេលដាក់ប្រព័ន្ធឱ្យប្រើប្រាស់ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៥ នេះ។ ជាមួយគ្នាដែរ សូមសមាជិកក្រុមការងារ FMWG នៃអគ្គនាយកដ្ឋាន-នាយកដ្ឋានបន្តធ្វើការទំនាក់ទំនងផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ដល់មន្រ្តីពាក់ព័ន្ធទាំងឡាយតាមរយៈគ្រប់រូបភាព ដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពផ្សេងៗអំពីការអនុវត្តគម្រោង ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់គ្រប់មន្រ្តីពាក់ព័ន្ធ។
សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣
លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១២ (ខែ កុម្ភៈ ឆ្នាំ ២០១៥) បានពីទំព័រនេះ៖
https://fmis.mef.gov.kh/documents-and-publications/bulletins/