+855 23 43 00 63

5

May, 2015

ប្រកាស​ព័ត៌មាន លេខ ១៤ (ខែ មេសា ឆ្នាំ ២០១៥

ដោយ៖: | Tags: | មតិយោបល់: 0

 ស្របតាមផែនការមេរបស់គម្រោង FMIS ការដាក់ប្រព័ន្ធ FMIS ឲ្យប្រើប្រាស់ជាផ្លូវការនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៥ ខាងមុខ។ ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងាររួមគ្រោងនឹងរៀបចំបទបង្ហាញស្តីអំពីវឌ្ឍនភាពរបស់គម្រោង និងការបង្ហាញអំពីការប្រតិបត្តិផ្ទាល់របស់ប្រព័ន្ធ FMIS ដោយយកការងារប្រចាំថ្ងៃមកអនុវត្តនៅក្នុងប្រព័ន្ធផ្ទាល់ សម្រាប់បង្ហាញជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ឱ្យបានដឹងអំពីការអនុវត្តការងារនៅពេលមានប្រព័ន្ធ FMIS។ ពាក់ព័ន្ធនឹងការបញ្ជូនឈ្មោះ និងចំនួនមន្រ្តីដែលត្រូវប្រើប្រាស់មកក្រុមការងារ អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធបានបញ្ជូនរួចរាល់ហើយ ប៉ុន្តែក្រុមការងារកំពុងពិភាក្សា និងវិភាគជាមួយទីប្រឹក្សាគម្រោងដើម្បីរៀបចំចំនួនមន្រ្តី និងឈ្មោះមន្រ្តីឲ្យសមស្របរវាងការងារជាក់ស្តែងប្រចាំថ្ងៃជាមួយនឹងការប្រើប្រាស់ផ្ទាល់លើប្រព័ន្ធ FMIS។ ការងារនេះនឹងតម្រូវឱ្យធ្វើការពិភាក្សារវាងក្រុមការងារជាមួយនឹងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីបញ្ជាក់អំពីតម្រូវការចំនួនមន្រ្តីប្រើប្រាស់ប្រព័ន្ធឡើងវិញ សម្រាប់រៀបចំការបណ្តុះបណ្តាលទៅតាមផែនការ       បណ្តុះបណ្តាលដែលបានរៀបចំរួចរាល់។

 ក្រុមការងារ FMWG បានបញ្ចប់ការសាកល្បងប្រើប្រាស់ប្រព័ន្ធ (System Integration Test) លើកទី១ ដោយផ្អែកតាម Test Case និង Test Script ដើម្បីស្វែងរកកំហុសឆ្គងនានា និងកែសម្រួលមុនពេលដាក់ប្រព័ន្ធឲ្យប្រើប្រាស់ជាផ្លូវការរួចរាល់ ហើយរាល់កំហុសឆ្គងនានា ក្រុមការងារ FMWG បានបញ្ជូនឲ្យក្រុមហ៊ុនផ្គត់ផ្គង់ធ្វើការកែតម្រូវមុនពេលធ្វើ User Acceptance Test លើកទី១។  ក្រុមការងារ FMWG គ្រោងនឹងចាប់ផ្តើម User Acceptance Test លើកទី១ នៅក្នុងខែឧសភា ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីសាកល្បងប្រតិបត្តិការតាមទិន្នន័យជាក់ស្តែង។ ដំណាក់កាលនេះគឺជារយៈពេលមួយដែលតម្រូវឲ្យក្រុមការងារពីអគ្គនាយកដ្ឋាន-នាយកដ្ឋានដែលអនុវត្តការងារប្រចាំថ្ងៃ សាកល្បងអនុវត្តនៅក្នុងប្រព័ន្ធផ្ទាល់ ដើម្បីស្វែងរកកំហុសឆ្គង និងកែតម្រូវមុនពេលឈានទៅធ្វើ User Acceptance Test ជាលើកចុងក្រោយ មុនពេលដាក់ប្រព័ន្ធឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៥ និងគ្រប់មុខងារទាំងអស់នៅខែវិច្ឆិកា ឆ្នាំ២០១៥។ ការងារពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll និងប្រព័ន្ធធនាគារជាតិ ក្រុមការងារគ្រោងនឹងបញ្ចប់នាពេលខាងមុខ។  ជាមួយគ្នានេះក្រុម Data Conversion កំពុងទាញយកទិន្នន័យពីប្រព័ន្ធនានា ដូចជាប្រព័ន្ធ KIT របស់រតនាគារជាតិ ដើម្បីកែសម្រួលសម្រាប់ដាក់ចូលក្នុងប្រព័ន្ធ FMIS។

ការទំនាក់ទំនងផ្សព្វផ្សាយ តាមគេហទំព័រ កិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងបន្តអនុវត្ត និងកំពុងរៀបចំកែសម្រួលផែនការទំនាក់ទំនងផ្សព្វផ្សាយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធ FMIS ជាពិសេសមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ។ ចំណែកកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្តីប្រើប្រាស់ប្រព័ន្ធនឹងចាប់ផ្តើមនៅមុនពេលដាក់ប្រព័ន្ធឱ្យប្រើប្រាស់ជាផ្លូវការគ្រប់មុខងារនៅខែវិច្ឆិកា ឆ្នាំ២០១៥។ ក្រុមការងារ FMWG បានទទួលវគ្គបណ្តុះបណ្តាលផ្នែករដ្ឋបាល (Administrator) លើមុខងារសៀវភៅធំ (GL) និងមុខងារវិភាជន៍ថវិកា (BA) និងបន្តសម្រាប់មុខងារផ្សេងទៀតនៅខែបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពសម្រាប់បណ្តុះបណ្តាលបន្តដល់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍កំពុងបន្តសិក្សាលម្អិតបន្ថែមទៅលើទីតាំងសំខាន់សម្រាប់ដំឡើងប្រព័ន្ធបណ្តាញ Network ទៅតាមទីតាំងដែលបានកំណត់ទុកនិង កំពុងសិក្សាអំពីការទប់ស្កាត់ហានិភ័យដែលអាចកើតឡើងជាយថាហេតុទៅលើមជ្ឈមណ្ឌលទិន្នន័យមេ (Data Center)។

សូមក្រុមការងារ FMWG ទាំងអស់ ចូលរួមឲ្យបានសកម្មទាក់ទងនឹងសកម្មភាពការងារនានារបស់គម្រោង ជាពិសេសចូលរួម  ការធ្វើតេស្តទៅលើប្រព័ន្ធកម្រិតខ្ពស់ ដើម្បីកែសម្រួលប្រព័ន្ធឱ្យមានភាពត្រឹមត្រូវស្របតាមតម្រូវការការងារប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីឈានទៅរកការប្រើប្រាស់ជាផ្លូវការនាពេលខាងមុខបានដោយរលូន។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១៤ (ខែ មេសា ឆ្នាំ ២០១៥) បានពីទំព័រនេះ៖

https://fmis.mef.gov.kh/documents-and-publications/bulletins/