
5
Jun, 2015
ប្រកាសព័ត៌មាន លេខ ១៥ (ខែ ឧសភា ឆ្នាំ ២០១៥)
ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនឹងចាប់ផ្តើមនៅខែកក្កដាខាងមុខនេះ ជាមួយនឹងមុខងារចំនួនពីររួមមាន សៀវភៅធំ (GL) និងវិភាជន៍ថវិកា (BA) ចំណែកមុខងារដទៃទៀតនឹងចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០១៥។ ទន្ទឹមនឹងនេះ ក្រុមការងាររួមគ្រោងនឹងបង្ហាញពីប្រព័ន្ធ FMIS ជាក់ស្តែង និងផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះៗ ដើម្បីឱ្យបានយល់កាន់តែស៊ីជម្រៅលើផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការទាំងក្នុងខែកក្កដា និងនៅក្នុងខែតុលា ឆ្នាំ២០១៥។ ពាក់ព័ន្ធនឹងចំនួន និងឈ្មោះមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ដោយយោងតាមនីតិវិធី Add និង Confirm ក្រុមការងារកំពុងគិតគូររៀបចំស្នើសុំឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះជ្រើសរើសមន្រ្តីរបស់ខ្លួនក្នុងចំណោមឈ្មោះមន្រ្តីដែលបានបញ្ជូនមកក្រុមការងារគម្រោងនៃនាយកដ្ឋានព័ត៌មានវិទ្យាសម្រាប់ដំណាក់កាលទី១ជាមុនសិន ដើម្បីរៀបចំដំឡើងបណ្តាញតភ្ជាប់អ្នកប្រើប្រាស់មកប្រព័ន្ធ FMIS ដែលហៅកាត់ថា Wall Point។ ក្រុមការងារផ្នែកមុខងារបានបញ្ចប់ User Acceptance Test លើកទី១ ផ្តោតសំខាន់លើមុខងារសៀវភៅធំ (GL) និងមុខងារវិភាជន៍ថវិកា (BA) ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីសាកល្បងប្រតិបត្តិការតាមទិន្នន័យជាក់ស្តែង។ ចំណែកឯមុខងារផ្សេងទៀតនឹងអនុវត្តនាពេលបន្ទាប់នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៥ មុនពេលដាក់ឱ្យអនុវត្តគ្រប់មុខងាររបស់ប្រព័ន្ធ។ ការងារពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធធនាគារជាតិ ក្រុមការងារបានពិភាក្សាគ្នាអំពីការសាកល្បងប្រព័ន្ធ Electronic Fund Transfer (EFT) រវាងប្រព័ន្ធ FMIS និងប្រព័ន្ធធនាគារជាតិ ដោយទទួលបានការព្រមព្រៀងគ្នាក្នុងការតភ្ជាប់ប្រព័ន្ធ EFT នៅក្នុងប្រព័ន្ធ FMIS រួចជាស្រេចទុកសម្រាប់ការប្រើប្រាស់នាពេលអនាគត។ ជាមួយគ្នានេះក្រុមការងារ Data Conversion កំពុងខិតខំទាញយកទិន្នន័យពីប្រព័ន្ធនានា ដូចជាប្រព័ន្ធ KIT របស់រតនាគារជាតិ ដើម្បីធ្វើការកែសម្រួលឱ្យបាន ត្រឹមត្រូវដើម្បីដាក់ចូលក្នុងប្រព័ន្ធ FMIS សម្រាប់ ការដាក់ឱ្យអនុវត្តនៅខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ។
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តនិងកែសម្រួលយុទ្ធសាស្ត្រទំនាក់ទំនងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ តាមរយៈ គេហទំព័រ កិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងគោលបំណងឱ្យអ្នកពាក់ព័ន្ធទាំងអស់យល់ជ្រាបកាន់តែច្បាស់អំពីការផ្លាស់ប្តូរនៃ ការអនុវត្តគម្រោង អត្ថប្រយោជន៏ផ្សេងៗ និងការត្រៀមខ្លួនសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខ។ ក្រុមការងារផ្នែកមុខងារបានទទួលវគ្គបណ្តុះបណ្តាលជាគ្រូបង្គោល (Training of Trainer) សម្រាប់មន្រ្តីបង្គោលដើម្បីក្លាយជាមន្ត្រីជំនាញមានសមត្ថភាពផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗសម្រាប់ការអនុវត្តប្រព័ន្ធ FMIS។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍កំពុងរៀបចំដំឡើងប្រព័ន្ធបណ្តាញនៅតាមទីតាំងដែលបានកំណត់ទុកនិង និងរៀបចំដំឡើង Wall Point ដើម្បីតភ្ជាប់ទៅបណ្តាញប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS។
សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣
លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១៥ (ខែ ឧសភា ឆ្នាំ ២០១៥) បានពីទំព័រនេះ៖
https://fmis.mef.gov.kh/documents-and-publications/bulletins/