
17
Aug, 2015
ប្រកាសព័ត៌មាន លេខ ១៧ (ខែ កក្កដា ឆ្នាំ ២០១៥)
កាលពីរសៀលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានរៀបចំពិធី “ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាជំហានទី១ នៃដំណើរឆ្ពោះទៅរកភាពល្អប្រសើរនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ទាំងអស់។ ការដាក់ឱ្យប្រើប្រាស់ក្នុងដំណាក់កាលទី១នេះ រួមមានពីរមុខងារ គឺមុខងារសៀវភៅធំ (GL) និងវិភាជន៍ថវិកា (BA)ដែលមានអ្នកប្រើប្រាស់មកពីអគ្គនាយដ្ឋានថវិកា, អគ្គនាយកដ្ឋាន រតនាគារជាតិ, និងនាយកដ្ឋានព័ត៌មានវិទ្យា។ ចំណែកមុខងារដទៃទៀតនឹងដាក់ឱ្យប្រើប្រាស់នៅខែតុលាខាងមុខនេះ។
ក្រុមការងារផ្នែកនីតិវិធីអនុវត្តការងារកំពុងសាកល្បងលើប្រព័ន្ធដោយភ្ជាប់ពីមុខងារមួយទៅមុខងារមួយទៀត (End-to-End Processes)ដើម្បីស្វែងរកកំហុសឆ្គងដែលអាចប៉ះពាល់ដល់ដំណើរការជាក់ស្តែងនៅពេលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ដោយមានការចូលរួមពីទីប្រឹក្សាផ្នែកកម្មវិធី Oracle PeopleSoft។ បន្ទាប់មកក្រុមការងារនឹងអនុវត្ត User Acceptance Test 2 ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធទាំងអស់អាចធ្វើការសាកល្បងគ្រប់លក្ខខណ្ឌទាំងអស់ ជាពិសេសទាក់ទងនឹងប្រតិបត្តិការការងារប្រចាំថ្ងៃតាមអគ្គនាយកដ្ឋាន-នាយកដ្ឋាននីមួយៗ ដែលនឹងចាប់ផ្តើមនៅចុងខែសីហា ដល់ ដើមខែកញ្ញាខាងមុខនេះ។ ក្រុមការងារ Data Conversion នៅតែកំពុងបន្តទាញយកទិន្នន័យពីប្រព័ន្ធ KIT មកដាក់បញ្ចូលក្នុងប្រព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធ FMIS ដែលនឹងត្រូវអនុវត្តរហូតដល់ពេលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការដំណាក់កាលទី២ នៅខែតុលា។ ដោយឡែកការធ្វើសន្ធានកម្មទៅលើ Electronic Fund Transfer (EFT) ក្រុមការងារបច្ចេកទេសប្រព័ន្ធ FMIS កំពុងពិភាក្សាបន្តជាមួយក្រុមការងារបច្ចេកទេសធនាគារជាតិដើម្បីសាកល្បងប្រើប្រាស់។ ជាមួយគ្នានេះដែរ ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗទៀតដូចជាប្រព័ន្ធ ASYCUDA និង Payroll ក្រុមការងារកំពុងពិភាក្សាបន្ត ហើយគ្រោងនឹងសម្រេចនាពេលដ៏ខ្លីខាងមុខនេះ។
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងរៀបចំផែនការទំនាក់ទំនងផ្ទាល់ជាមួយអ្នកពាក់ព័ន្ធនៅតាមអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្តទាក់ទងនឹងការផ្លាស់ប្តូរ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ព្រមទាំងការវាស់ស្ទង់កម្រិតយល់ដឹងរបស់អ្នកពាក់ព័ន្ធនៅក្នុងខែសីហា ដើម្បីធ្វើជាធាតុចូលក្នុងការកែលម្អយុទ្ធសាស្រ្ត និងសកម្មភាពរបស់ក្រុមការងារ ក្នុងគោលបំណងកៀរគរការគាំទ្រ និងចូលរួមនានាឱ្យកាន់តែខ្លាំងឡើង ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៃការផ្លាស់ប្តូរ។
សម្រាប់ការងារផ្នែកបណ្តុះបណ្តាល ក្រុមការងារបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ជាន់ខ្ពស់ “Training for Super User” ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះ និងរតនាគារខេត្តចំនួន៥។ វគ្គសិក្សានេះផ្តោតសំខាន់ទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់មុខងារទាំងអស់ ហើយសិក្ខាកាមទាំងអស់នេះនឹងក្លាយជាមន្ត្រីបង្គោលសម្រាប់ជួយជ្រោមជ្រែងដល់អ្នកប្រើប្រាស់ដទៃទៀតនៅពេលដែលប្រព័ន្ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដំណាក់កាលបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។ ក្រុមការងារក៏បានគ្រោងរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានកុំព្យូទ័រជូនដល់មន្រ្តីរតនាគារខេត្តទាំង ២៤ នៅក្នុងខែសីហានេះផងដែរ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងបន្តរៀបចំដំឡើងបណ្តាញតភ្ជាប់ហៅថា Wall Point ដល់គ្រប់ទីតាំងរបស់អ្នកប្រើប្រាស់នៅថ្នាក់កណ្តាលទាំងអស់។ ជាមួយគ្នានេះ ក្រុមការងារបានគ្រោងនឹងចុះតាមរតនាគារខេត្តមួយចំនួន ដើម្បីពិនិត្យលើគុណភាព សមត្ថភាព និងកម្រិតស្តងដារនៃការតភ្ជាប់ខែ្សបណ្តាញ Network ពីមជ្ឈមណ្ឌលទិន្នន័យទៅកាន់រតនាគារខេត្ត សម្រាប់ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ដែលតភ្ជាប់ដោយក្រុមហ៊ុនផ្គត់ផ្គង់នៅដំណាក់បន្តបន្ទាប់។
សូមមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់តាមដានព័ត៌មានអំពីការអនុវត្តគម្រោង និងចូលរួមវគ្គបណ្តុះបណ្តាល ឬព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំឡើងដោយក្រុមការងារគ្រប់គ្រងគម្រោងឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងយល់ឱ្យកាន់តែច្បាស់អំពីប្រព័ន្ធ FMIS។
សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣
លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១៧ (ខែ កក្កដា ឆ្នាំ ២០១៥) បានពីទំព័រនេះ៖
https://fmis.mef.gov.kh/documents-and-publications/bulletins/