+855 23 43 00 63

23

Sep, 2015

ប្រកាស​ព័ត៌មាន លេខ ១៨ (ខែ​ សីហា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៥ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា បានរៀបចំវិបស្សនាមួយនៅខេត្តព្រះសីហនុ ស្តីពី “ការស្វែងរកជម្រើសគោលនយោបាយសម្រាប់បច្ចុប្បន្នភាព និងអនាគតនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ (FMIS) និង បញ្ហាពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)” ក្រោមការដឹកនាំរបស់លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ FMWG ដោយមានការចូលរួមពីក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា និងតំណាងធនាគារពិភពលោក។ វិបស្សនានេះ បានផ្តោតលើការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដែលកំពុងជួបប្រទះក្នុងការអនុវត្តគម្រោង FMIS, ពិភាក្សាពីទិសដៅការងារសម្រាប់អនុវត្តបន្តពាក់ព័ន្ធនឹងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង FMIS, និងការស្វែងរកជម្រើសជាគោលនយោបាយសម្រាប់បច្ចុប្បន្នភាព និងអនាគតសម្រាប់ដាក់ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្រុមការងារនីតិវិធីអនុវត្តការងារបានបញ្ចប់ការសាកល្បងលើប្រព័ន្ធដោយភ្ជាប់ពីមុខងារមួយទៅមុខងារមួយទៀត (End-to-End Processes) និងការកែតម្រូវកំហុសឆ្គងដែលបានរកឃើញ។ បច្ចុប្បន្ន ក្រុមការងារកំពុងធ្វើការប្រើប្រាស់សាកល្បងប្រព័ន្ធលើកទី២ (User Acceptance Test 2) ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអគ្គនាយដ្ឋានគន្លឹះៗ ដើម្បីសាកល្បងលើសមត្ថភាព និង សុក្រឹតភាពរបស់ប្រព័ន្ធ មុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាក់កាលទី២ នៃជំហានទី១ ដែលនឹងចាប់ផ្តើមនៅខែ តុលា ខាងមុខនេះ។ ការអនុវត្ត User Acceptance Test 2 នេះ ក៏មានការចូលរួមពីរតនាគារខេត្តចំនួន ៥ និងមានការសម្របសម្រួលពីទីប្រឹក្សា Oracle PeopleSoft ផងដែរ។ ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗទៀតដូចជាប្រព័ន្ធ ASYCUDA និង Payroll ក្រុមការងារកំពុងបន្តពិភាក្សា និង ដោះបញ្ហាប្រឈមនានាមុននឹងធ្វើការសាកល្បងប្រើប្រាស់។ ក្រុមការងារក៏កំពុងបន្តពិភាក្សាជាមួយក្រុមការងារបច្ចេកទេសធនាគារជាតិដើម្បីដោះស្រាយ និង សម្រេចលើទំម្រង់ទិន្នន័យដែលត្រូវធ្វើសន្ធានកម្មលើ Electronic Fund Transfer (EFT) និង Bank Statement។ ចំណែកក្រុមការងារ Data Conversion កំពុងទាញយក និង ផ្ទៀងផ្ទាត់ទិន្នន័យពីប្រព័ន្ធ KIT មកដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ឱ្យស្របតាមកាលបរិច្ឆេទដែលបានកំណត់ និងធានាឱ្យបាននូវភាពត្រឹមត្រូវសម្រាប់ការធ្វើប្រតិបត្តិការនៅក្នុងប្រព័ន្ធ FMIS។
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ កំពុងបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរ ជាពិសេសការទំនាក់ទំនងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយទាំងអស់ដើម្បីផ្សព្វផ្សាយព័ត៌មានដល់អ្នកពាក់ព័ន្ធដូចជា កិច្ចប្រជុំ គេហទំព័រគម្រោង និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងទិសដៅដើម្បីកៀរគរការគាំទ្រ និងការចូលរួមកាន់តែខ្លាំងឡើងក្នុងការអនុវត្តប្រព័ន្ធ FMIS។ នាពេលថ្មីៗនេះ ក្រុមការងារបានចុះបេសកកម្មទៅកាន់រតនាគារខេត្តមួយចំនួន ដើម្បីអនុវត្ត ការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និង មន្រ្តីនៃរតនាគារខេត្ត និង ប្រមូលនូវធាតុចូលផ្សេងៗតាមរយៈការបំពេញឯកសារស្ទង់មតិ ព្រមទាំងជ្រើសរើសភ្នាក់ងារផ្លាស់ប្តូរ (Change Agents) នៃរតនាគារខេត្តនីមួយៗសម្រាប់ជាមន្រ្តីបង្គោលក្នុងការអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរ។ ផែនការបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS “FMIS Training for End User” កំពុងត្រូវបានរៀបចំដោយក្រុមការងារបណ្តុះបណ្តាល ហើយនឹងត្រូវបញ្ចប់នៅដើមខែ កញ្ញា នេះ។ ក្រុមការងារផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍បានបង្កើតប្រព័ន្ធជំនួយ (Help Desk System) និង បានដាក់ឱ្យដំណើរការរួចរាល់ ដែលប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជូនបញ្ហាទាក់ទងនឹងមុខងាររបស់ខ្លួន ហើយក្រុមការងារពាក់ព័ន្ធនីមួយៗនឹងដោះស្រាយ រួចបញ្ជូនត្រលប់មកវិញ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍កំពុងចុះតាមរតនាគារខេត្តមួយចំនួន ជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ដើម្បីពិនិត្យលើគុណភាព និងកម្រិតស្តង់ដារនៃការតភ្ជាប់បណ្តាញ Network ពីមជ្ឈមណ្ឌលទិន្នន័យ ។
គម្រោង FMIS កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ដូចនេះសូមមន្រ្តីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់គាំទ្រ និងចូលរួមអនុវត្តគម្រោង FMIS ឱ្យកាន់តែសកម្ម ដើម្បីឱ្យការអនុវត្តគម្រោង FMIS របស់យើង ប្រកបដោយភាពរលូន និងជោគជ័យ ។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១៨ (ខែ សីហា ឆ្នាំ ២០១៥) បានពីទំព័រនេះ៖

https://fmis.mef.gov.kh/documents-and-publications/bulletins/