
5
Nov, 2015
ប្រកាសព័ត៌មាន លេខ ១៩ (ខែ កញ្ញា-តុលា ឆ្នាំ ២០១៥)
ផែ្អកតាមផែនការ និង សមិទ្ធផលការងារសម្រេចបានជាក់ស្តែង ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដំណាក់កាលទី២ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃ ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ ។ ក្រុមការងាររួមបានកំពុងខិតខំយ៉ាងសកម្មដើម្បីអនុវត្តការងារគន្លឹះសំខាន់ៗធ្វើយ៉ាងណាឱ្យការងារទាំងអស់បញ្ចប់តាមផែនការដែលបានគ្រោងទុក ។ កាលពីដើមខែកញ្ញាកន្លងទៅនេះ ក្រុមការងារ FMWG ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច្ និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារ FMWG បានប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលពុំអាចសម្រេចបានក្នុងកម្រិតក្រុមការងារបច្ចេកទេសពាក់ព័ន្ធនឹងនីតិវិធីអនុវត្តការងារប្រចាំថ្ងៃ ។ ជាលទ្ធផល បញ្ហាប្រឈមទាំងនោះបានដោះស្រាយរួចរាល់ក្នុងកម្រិតថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះ ដែលជាទឡ្ហីករដ៏សំខាន់សម្រាប់ការដាក់ឱ្យប្រើប្រាស់ FMIS ប្រកបដោយរលូន និង ជោគជ័យ ។
ក្រុមការងាររួម និង មន្រ្តីបច្ចេកទេសមកពីអគ្គនាយដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ និង មន្រ្តីរតនាគារខេត្តចំនួន ៥ បានចូលរួមធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធ FMIS រួចរាល់ ហើយក្រុមការងារបានបញ្ជូនកំហុសឆ្គង រួមជាមួយនឹងភាពខ្វះចន្លោះទាំងឡាយ ឱ្យក្រុមការងារក្រុមហ៊ុនផ្គត់ផ្គង់ដើម្បីធ្វើការកែតម្រូវ និង ធ្វើការសាកល្បងជាបន្តទៀតបន្ទាប់ពីបានកែតម្រូវរួច រហូតទទួលបានលទ្ធផលត្រឹមត្រូវដូចការគ្រោងទុក ។ ក្រុមការងារបានធ្វើការសាកល្បងលើទិន្នន័យដែលធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA និង ប្រព័ន្ធធនាគារជាតិ (Bank Statement និង Electronic Fund Transfer) និង បានបញ្ចប់រួចរាល់ ៩៨% សម្រាប់ការត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការ ។ ដោយឡែក ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ Payroll របស់ក្រសួងមុខងារសាធារណៈ ពុំអាចដំណើរការបាននៅឡើយ ដោយសារបញ្ហាបចេ្ចកទេសមួយចំនួនពុំអាចដោះស្រាយបាន ។ ចំណែកក្រុមការងារ Data Conversion កំពុងទាញយក និង ផ្ទៀងផ្ទាត់ទិន្នន័យពីប្រព័ន្ធ KIT មកដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ឱ្យស្របតាមកាលបរិច្ឆេទដែលបានកំណត់ និងធានាឱ្យបាននូវភាពត្រឹមត្រូវសម្រាប់ការធ្វើប្រតិបត្តិការនៅក្នុងប្រព័ន្ធ FMIS ។
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងបន្តអនុវត្តការទំនាក់ទំនងផ្សព្វផ្សាយតាមរយៈគេហទំព័រ ព្រឹត្តបត្រព័ត៌មាន និង ជាពិសេសតាមការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ ក្នុងទិសដៅដើម្បីកៀរគរអ្នកពាក់ព័ន្ធគន្លឹះទាំងអស់ឱ្យចូលរួមគាំទ្ររឹតតែខ្លាំងដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ។ កន្លងទៅនេះក្រុមការងារបានបញ្ចប់ការចុះផ្សព្វផ្សាយអំពីវឌ្ឍនភាពគម្រោង និង ការដោះស្រាយបញ្ហាប្រឈមនៅតាមរតនាគារខេត្តចំនួន ១២ និងបានទទួលលទ្ធផលយ៉ាងផ្លែផ្កា ។ លើសពីនេះទៅទៀត កាលពីដើម្បីខែតុលាក្រុមការងាររួមជាមួយជំនាញការរបស់ធនាគារពិភលោកបាន ចុះជួបផ្ទាល់ជាមួយនឹងប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីជជែកពិភាក្សាអំពីបញ្ហាប្រឈមនានា និង ប្រមូលនូវសំណូមពរផ្សេងៗសម្រាប់ជាធាតុចូលក្នុងការបន្តអនុវត្តគម្រោង FMISក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងការផ្លាស់ប្តូរ ។
នៅចន្លោះពីចុងខែកញ្ញា រហូតដល់ ចុងខែតុលា ឆ្នាំ ២០១៥ មន្រ្តីបង្គោលរបស់នាយដ្ឋានព័ត៌មានវិទ្យាបានធ្វើការបណ្តុះបណ្តាលអ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ទៅតាមមុខងារ និង តួនាទីរៀងៗខ្លួន ដោយមានក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ជាក្រុមជំនួយ ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍បានរៀបចំដំឡើងម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីន និង ម៉ាស៊ីនស្កេន ជូនដល់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះរួចរាល់ជាស្ថាពរ សម្រាប់ត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ ។
សូមមន្រ្តីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ត្រៀមខ្លូនចូលរួមប្រើប្រាស់ប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះ ។ ក្រុមការងារដែលជាមន្រ្តីបង្គោលនឹងចុះជួយដល់អ្នកប្រើប្រាស់ទាំងអស់នៅតាមអគ្គនាយកដ្ឋាន-នាយកដ្ឋាន ដើម្បីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព និង រលូន ។
សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អីុមែល៖ fmis.info@mef.gov.kh ទូរស័ព្ទទំនាក់ទំនង៖ 023 430 063
លោកអ្នកអាចទាញយកប្រកាស់ព័ត៌មាននេះតាមរយៈ
https://fmis.mef.gov.kh/documents-and-publications/bulletins/