
15
Jan, 2016
ប្រកាសព័ត៌មាន លេខ ២១ (ខែ ធ្នូ ឆ្នាំ ២០១៥)
បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការគ្រប់មុខងារទាំងអស់នៅថ្នាក់កណ្តាល ការដាក់ឱ្យប្រើប្រាស់បន្តដល់រតនាគាររាជធានី-ខេត្តទាំង ២៥ នឹងចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០១៦ ខាងមុខនេះដោយផ្តោតតែមុខងារសំខាន់ចំនួន៥ប៉ុណ្ណោះ ។ ក្រោយពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការតាមអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះប្រមាណជាជិត២ខែកន្លងមក អ្នកប្រើប្រាស់មានការយល់ដឹងពីប្រព័ន្ធប្រសើជាងមុន និង មានប្រសិទ្ធភាពប្រើប្រាស់ល្អជាងមុន ដែលអាចបញ្ជាក់ឱ្យឃើញថាអ្នកពាក់ព័ន្ធទាំងអស់មានការចូលរួមគាំទ្រដល់ដំណើរការប្រព័ន្ធ FMISនេះយ៉ាងខ្លាំងក្លា។ ក្រុមការងារគម្រោងបានរៀបចំឯកសារនីតិវិធីអនុវត្តស្តង់ដារ (Standard Operating Procedures) រួចរាល់ហើយ ដែលជានីតិវិធីសំខាន់មួយចាប់ពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយសម្រាប់ប្រើប្រាស់ជាឯកសារគំរូដើម្បីបង្កើនប្រសិទ្ធភាពការងារដល់អង្គភាពពាក់ព័ន្ធទាំងអស់។
ក្រុមការងារបន្តធ្វើសន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅដូចជាប្រព័ន្ធ DMFAS និង ប្រព័ន្ធធនាគារជាតិ (Bank Statement និង Electronic Fund Transfer) ចំណែកឯប្រព័ន្ធ ASYCUDA និងប្រព័ន្ធ Payroll ក្រុមការងារបច្ចេកទេសបន្តពិភាក្សា និង ដោះស្រាយបញ្ហានានាដើម្បីទាញយកទិន្នន័យបញ្ចូលក្នុប្រព័ន្ធ FMIS។ ដោយឡែកក្រុមការងារនូវមានបញ្ហាមួយចំនួនដែលតម្រូវឲ្យមានការជជែកពិភាក្សារវាងអគ្គនាយកដ្ឋានទាំងអស់ទាក់ទង និង ការងារបច្ចេកទេសគណនេយ្យ ដូចជាការចុះកាលបរិច្ឆេទគណនេយ្យ ការបិទបញ្ជីចុងឆ្នាំ ការផ្ទៀងផ្ទាត់ថវិកាឆ្នាំចាស់ជាដើម។
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរតាមរយៈការទំនាក់ទំនងផ្ទាល់ជាមួយអ្នកពាក់ព័ន្ធ ឬ តាមរយៈគេហទំព័រ កិច្ចប្រជុំ និង ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីពង្រីកការយល់ដឹងទាក់ទងនឹងការផ្លាស់ប្តូរដល់អ្នកប្រើប្រាស់ប្រព័ន្ធទាំងអស់។ កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រុមការងារបានរៀបចំសិក្ខាសាលាស្តីអំពី “អ្នកគាំទ្រនាំមុខ និង បណ្តាញភ្នាក់ងារផ្លាស់ប្តូរ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានព័ត៌មានវិទ្យា មន្ត្រីតំណាងធនាគារពិភពលោក និង មន្រ្តីភ្នាក់ងារផ្លាស់ប្តូរដែលត្រូវបានជ្រើសរើស និង ចាត់តាំងដោយប្រធានរតនាគារខេត្តទាំង ២៥ ក្នុងគោលបំណងដើម្បីបង្ហាញជូនមន្រ្តីភ្នាក់ងារផ្លាស់ប្តូរទាំងអស់ ឱ្យយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍ស្វ័យប្រវត្តិកម្មនៃការផ្លាស់ប្តូរពីការងារដោយដៃទៅការងារអនុវត្តប្រព័ន្ធ FMIS និង តួនាទី និង ភារកិច្ចរបស់មន្ត្រីភ្នាក់ងារផ្លាស់ប្តូរ ដើម្បីគាំទ្រ និង ជំរុញការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តទាំងអស់។
ក្រុមការងារបានផ្តល់វគ្គបណ្តុះបណ្តាលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធដល់អ្នកប្រើប្រាស់របស់រតនាគាររាជធានី-ខេត្តទាំង២៥ លើមុខងារសំខាន់ចំនួន៤៖ មុខងារគណនេយ្យត្រូវទារ មុខងារគណនេយ្យត្រូវសង ការគ្រប់គ្រងសាច់ប្រាក់ និងមុខងារសៀវភៅធំ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍កំពុងចុះតាមរតនាគារខេត្តដើម្បីតម្លើងម៉ាស៊ីនកុំព្យូទ័រ ព្រីនធ័រ និង ស្កេនន័រសម្រាប់ប្រើប្រាស់ដំណាក់កាលក្រោយ ហើយការតម្លើងនេះគ្រោងនឹងបញ្ចប់នៅខែមករាខាងមុខនេះ។
គម្រោង FMIS កំពុងឈានដល់ការដាក់ឲ្យប្រើប្រាស់ទូទាំងរតនាគាររាជធានី-ខេត្ត ដូច្នេះសូមមន្រ្តីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង FMIS ឱ្យកាន់តែខ្លាំងក្លាជាងមុនដើម្បីឱ្យការអនុវត្តគម្រោង FMIS របស់យើង ប្រកបដោយភាពរលូន និង ជោគជ័យ។
សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh ទូរស័ព្ទទំនាក់ទំនង៖ 023 430 063 លោកអ្នកអាចទាញយកប្រកាស់ព័ត៌មាននេះតាមរយៈ https://fmis.mef.gov.kh/documents-and-publications/bulletins/ |