
14
Mar, 2016
ប្រកាសព័ត៌មាន លេខ ២៣ (ខែ កុម្ភៈ ឆ្នាំ ២០១៦)
មកដល់ខែកុម្ភៈនេះ ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ដល់រតនាគាររាជធានី-ខេត្ត ចំនួន ២៤ រួចរាល់ហើយ ដោយឡែករតនាគារខេត្តសៀមរាប នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែមីនាខាងមុខ។ ពីមួយថ្ងៃទៅមួយថ្ងៃ កម្រិតសមត្ថភាពប្រើប្រាស់ប្រព័ន្ធរបស់មន្រ្តីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលសបញ្ជាក់ឱ្យឃើញថាអ្នកប្រើប្រាស់ទាំងអស់ កាន់តែយល់ច្បាស់អំពីដំណើរការរបស់ប្រព័ន្ធ និង សារៈសំខាន់របស់ប្រព័ន្ធ ដែលអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន និង នាអនាគត។ ជាមួយគ្នានេះដែរ ក្រុមការងារនីតិវិធីអនុវត្តស្តង់ដារបានបញ្ចប់ការចងក្រងឯកសារនីតិវិធីអនុវត្តស្តង់ដារ (Standard Operating Procedures) ចាប់ពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយ (Procure To Pay Process) និងទទួលបានការអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យាបានបញ្ចប់ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធធនាគារជាតិ និង ប្រព័ន្ធធនាគារពាណិជ្ជក្នុងការទាញយក Bank Statement ។ ជាងនេះទៀត ក្រុមការងារបានសាកល្បងប្រើប្រាស់ Electronic Fund Transfer ជាមួយ នឹងធនាគារជាតិរួចរាល់ ដោយនៅរង់ចាំថ្នាក់ដឹកនាំសម្រេច មុខនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ចំណែកការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA និងប្រព័ន្ធ Payroll ក្រុមការងារក៏កំពុងបន្តពិភាក្សា និង បញ្ចប់ការងារបច្ចេកទេសដែលនៅសេសសល់មួយចំនួន ដើម្បីដាក់ឱ្យដំណើរការមុខងារសន្ធានកម្មជាមួយប្រព័ន្ធ FMIS ។
ការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ តាមគេហទំព័រ និង កិច្ចប្រជុំផ្សេងៗ រួមទាំងព្រឹត្តិការណ៍នានា ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការផ្សព្វផ្សាយអំពីវឌ្ឍនភាពធ្វើយ៉ាងណាឱ្យអ្នកពាក់ព័ន្ធទាំងអស់យល់កាន់តែច្បាស់អំពីគម្រោង។ បន្ថែមពីលើនេះ ភ្នាក់ងារផ្លាស់ប្តូរនៅតាមបណ្តារតនាគាររាជធានី-ខេត្តនីមួយៗ បាននិងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការ ផ្សព្វផ្សាយ គាំទ្រ ជំរុញ និង លើកកម្ពស់ដល់អ្នកប្រើប្រាស់ប្រព័ន្ធឱ្យមានសមត្ថភាពខ្ពស់ ។ ជំនាញការគ្រប់គ្រងការផ្លាស់ប្តូរក៏បាននិងកំពុងសិក្សាអំពីផលប៉ះពាល់ និង ការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ដោយរិះរកយុទ្ធសាស្ត្រដើម្បីជំរុញ បំផុសស្មារតី និងកៀរគរអ្នកប្រើប្រាស់ឱ្យទទួលបាននូវទស្សនៈវិជ្ជមានទៅលើប្រព័ន្ធ FMIS ។
ក្រុមការងារផ្នែកបណ្តុះបណ្តាលបានបញ្ចប់ការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ប្រព័ន្ធនៅតាមបណ្តារតនាគាររាជធានី-ខេត្តទាំង២៥រួចរាល់ ហើយក្រុមការងារបានបន្តជួយសម្របសម្រួលដល់ការអនុវត្តការងាររបស់មន្រ្តីទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត តាមរយៈអ៊ីម៉ែល, HelpDesk, និង តាមមធ្យោបាយអេឡិចត្រូនិចមួយចំនួនទៀត ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍បានបញ្ចប់ការដំឡើងឧបករណ៍តាមរតនាគាររាជធានី-ខេត្តទាំងអស់ ហើយបច្ចុប្បន្នកំពុងតាមដានស្ថានភាពដំណើរការរបស់ប្រព័ន្ធតាមទីតាំងដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ។
ជាថ្មីម្តងទៀត ប្រព័ន្ធFMIS កំពុងប្រើប្រាស់តាមរតនាគាររាជធានី-ខេត្ត ដូច្នេះសូមអ្នកប្រើប្រាស់ទាំងអស់ខិតខំយកចិត្ត ទុកដាក់អនុវត្តប្រើប្រាស់ប្រព័ន្ធឱ្យបានជោគជ័យ ។ ជាមួយគ្នាដែរ សូមអ្នកប្រើប្រាស់ទាំងអស់ សហការចូលរួមផ្តល់នូវធាតុចូលពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា មកក្រុមការងារគម្រោង FMIS ដើម្បីឱ្យក្រុមការងារជួយដោះស្រាយជូន ឬ ស្វែងរកយន្តការដើម្បីដោះស្រាយបញ្ហាទាំងឡាយប្រកបដោយរលូន ។
សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh ទូរស័ព្ទទំនាក់ទំនង៖ 023 430 063
លោកអ្នកអាចទាញយកប្រកាសព័ត៌មាននេះតាមរយៈ
https://fmis.mef.gov.kh/documents-and-publications/bulletins/