+855 23 43 00 63

1

Jun, 2016

ប្រកាសព័ត៌មាន លេខ ២៥ (ខែ មេសា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមខែមេសានេះ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ បានរយៈពេលប្រមាណ ៤ខែ មកហើយ ចំណែកឯសមត្ថភាពរបស់មន្ត្រីក្នុងការប្រើប្រាស់ប្រព័ន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់ការអនុវត្តគម្រោង FMIS នៅក្នុងជំហានទី ១ ។ ទន្ទឹមនឹងនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតែបន្តជួយជ្រោមជ្រែងបណ្តុះបណ្តាលបន្ថែមគ្រប់កាលៈទេសៈ ធ្វើយ៉ាងណាឱ្យការប្រើប្រាស់ប្រព័ន្ធរបស់មន្រ្តីកាន់តែល្អប្រសើរជាងមុន ទាំងចំណេះដឹង និង ចំណេះធ្វើ ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា ក៏កំពុងបញ្ចប់នូវការរៀបចំទម្រង់ឯកសារនីតិវិធីអនុវត្តស្តង់ដារ (Standard Operating Procedure) ចាប់ពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយ (Procure To Pay Process) ដើម្បីបោះពុម្ព និងចែកជូនដល់អង្គភាពពាក់ព័ន្ធ សម្រាប់ប្រើប្រាស់ជាជំនួយដល់ការអនុវត្តប្រព័ន្ធ FMIS ។ លើសពីនេះទៀត ក្រុមការងារបាននឹងកំពុងពិនិត្យឡើងវិញលើសេចក្តីព្រាងឯកសារនីតិវិធីអនុវត្តស្តង់ដារទាក់ទងនឹងមុខងារសំខាន់ផ្សេងៗដែលនៅសេសសល់ ជាពិសេសទាក់ទងនឹងនីតិវិធីអនុវត្តការងាររបស់រតនាគាររាជធានី-ខេត្ត ដោយមានការចូលរួមពីទីប្រឹក្សាជំនាញរបស់ធនាគារពិភពលោកផងដែរ ។

ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់មុខងារ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិទៅក្នុងប្រព័ន្ធ FMIS រួចរាល់ហើយ ប៉ុន្តែស្ថិតនៅក្នុងការរង់ចាំ ដើម្បីឱ្យថ្នាក់ដឹកនាំសម្រេចនិងអនុម័ត មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ចំពោះការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ក្រុមការងារក៏កំពុងខិតខំពិភាក្សាដើម្បីបញ្ចប់ការងារបច្ចេកទេសដែលនៅសេសសល់មួយចំនួន ហើយគ្រោងនឹងសម្រេចនាពេលឆាប់ៗនេះ។ ដោយឡែកប្រព័ន្ធ Payroll ក្រុមការងារ FMWG បានផ្អាកការធ្វើសន្ធានកម្មដោយសារ ទិន្នន័យពុំទាន់មានលក្ខណៈគ្រប់គ្រាន់តាមតម្រូវការរបស់ប្រព័ន្ធ FMIS ។

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តផ្សព្វផ្សាយព័ត៌មានដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាមរយៈកិច្ចប្រជុំ គេហទំព័រគម្រោង និង ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីពង្រឹងការគាំទ្រ និង ចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធ FMIS ហើយក្រុមការងារក៏បានរៀបចំឯកសារមួយចំនួនដើម្បីសិក្សាពីតម្រូវការបន្ថែមរបស់រតនាគាររាជធានី-ខេត្តទាំងអស់សម្រាប់ការចុះគាំទ្រលើកទី២នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ ដើម្បីប្រមូលនូវធាតុចូលបន្ថែម សម្រាប់បន្តអនុវត្តគម្រោង FMISជំហានទី២ ក្រុមការងារនឹងរៀបចំសិក្ខាសាលាជាមួយគ្រប់ក្រសួង-ស្ថាប័ន នៅចុងខែ ឧសភា ខាងមុខនេះ ។

ក្រុមការងារផ្នែកបណ្តុះបណ្តាលនៅតែបន្តជួយសម្របសម្រួល និងត្រៀមរៀបចំរួចរាល់ដើម្បីចុះបណ្តុះបណ្តាល និង បង្ហាត់បង្ហាញបន្ថែមចាប់ពីដើម្បីខែ ឧសភា ខាងមុខនេះ ស្របតាមសំណូមពររបស់រតនាគាររាជធានី-ខេត្តទាំងអស់ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យកាន់ស្ទាត់ជំនាញ និង ទូលំទូលាយ ។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍នៅតែបន្តតាមដានស្ថានភាពដំណើរការរបស់ប្រព័ន្ធ ជាមួយគ្រប់ការដ្ឋានរបស់ FMIS និង គ្រោងចុះបង្ហាត់បង្ហាញពីការថែទាំ និង សិក្សាបន្ថែមពីបញ្ហាប្រឈមមួយចំនួននៅតាមរតនាគាររាជធានី-ខេត្តទាំងអស់ស្របពេលជាមួយនឹងក្រុមការងារបណ្តុះបណ្តាល ។

សូមអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់នៅតាមបណ្តារតនាគាររាជធានី-ខេត្ត យកចិត្តទុកដាក់និង ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការបញ្ចូល និង អនុវត្តប្រតិបត្តិការនៅក្នុងប្រព័ន្ធ FMIS ឱ្យបានទាន់ពេលវេលា ។ យើងជាក្រុមការងារគាំទ្រ នឹងផ្តល់ការជ្រោមជ្រែងគ្រប់កាលៈទេសៈ ដល់អ្នកប្រើប្រាស់ទាំងអស់ ដើម្បីបន្តសម្រេចបាននូវភាពជោគជ័យនៃការប្រើប្រាស់ប្រព័ន្ធ ។

សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

លោកអ្នកអាចទាញយកប្រកាសព័ត៌មាននេះតាមរយៈ
fmis.mef.gov.kh/documents-and-publications/bulletins/