
14
Jun, 2016
ប្រកាសព័ត៌មាន លេខ ០២៧ (ខែ មិថុនា ឆ្នាំ ២០១៦)
ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានបន្តចុះពង្រឹងសមត្ថភាពលើចំណុចខ្វះខាត និងបន្តដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដល់មន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តចំនួន៤ ដូចជាខេត្តកំពង់ស្ពឺ កែប កំពង់ចាម និងខេត្តកណ្តាល។ ក្រៅពីចុះពង្រឹងសមត្ថភាពដល់មន្រ្តីនៅតាមរតនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា បានដឹកនាំកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងទាក់ទងនឹងដំណើរការប្រព័ន្ធ FMIS ក្នុងគោលដៅជំរុញការអនុវត្តប្រព័ន្ធដំណើរការបានកាន់តែរលូន។ ជារួមក្រុមការងារបានដោះស្រាយបញ្ហាជាច្រើនដែលនេះបាននឹងកំពុងបញ្ជាក់ពីឆន្ទៈមោះមុទ និងមានការគាំទ្រយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ។
ជាក់ស្តែងកាលពីពាក់កណ្តាលខែមិថុនាកន្លងមក ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យធនាគារកាណាឌីយ៉ាប្រើប្រាស់ប្រព័ន្ធសន្ធានកម្មរបាយការណ៍ និងប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ ASYCUDA ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏កំពុងសិក្សា និងអភិវឌ្ឍរបាយការណ៍នានា ទៅតាមតម្រូវការចាំបាច់របស់អគ្គនាយកដ្ឋាន-នាយកដ្ឋានដែលនឹងត្រូវប្រើប្រាស់ផងដែរ ។ ការដាក់ឱ្យដំណើរការប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធ FMIS មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគត ។ ដោយឡែក ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដោយបានផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាយរយៈកិច្ចប្រជុំ, គេហទំព័រ, ព្រឹត្តិការណ៍ផ្សេងៗ និងបណ្តាញទំនាក់ទំនងសង្គមជាដើម។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងរៀបចំកាលវិភាគ និងឯកសារពាក់ព័ន្ធនានាសម្រាប់ចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ទៅដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដើម្បីប្រមូលធាតុចូលបន្ថែម ព្រមទាំងស្ទាបស្ទង់កម្រិតយល់ដឹងអំពីប្រព័ន្ធ FMIS ដែលព័ត៌មានទាំងនេះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាពដែលត្រូវអនុវត្តលើមុខងារ និងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័ន នៅពេលអនុវត្តប្រព័ន្ធ FMISជំហានទី២ ។
ក្រុមការងារបណ្តុះបណ្តាលកំពុងបន្តសម្របសម្រួលដោះស្រាយរាល់បញ្ហាកើតមាន និងផ្តល់វគ្គបណ្តុះបណ្តាលដើម្បីបំពេញតម្រូវការជាក់ស្តែង និងបង្កើនចំណេះដឹងបន្ថែមដល់អ្នកប្រើប្រាស់។ ជាក់ស្តែង កាលពីចុងខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារបានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីនាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា ចំនួន២៥រូប ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ។ ដើម្បីឈានទៅដល់ការដាក់ឱ្យអនុវត្តគម្រោង FMIS ដំណាក់កាលទី២ ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព ក្រុមការងារបណ្តុះបណ្តាលក៏កំពុងទទួលការបណ្តុះបណ្តាលសមត្ថភាពបន្ថែមដើម្បីពង្រឹងសមត្ថភាពកាន់តែល្អប្រសើរ។ លើសពីនេះផងដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ កំពុងទទួលវគ្គបណ្តុះបណ្តាលបន្ថែម និងបន្តតាមដានសមត្ថភាពដំណើរការរបស់ប្រព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធដំណើរការបានដោយរលូន និងមានសុវត្ថិភាពខ្ពស់។
ស្ថិតក្នុងដំណាក់កាលនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ក្រុមការងារសំណូមពរ និង លើកទឹកចិត្តដល់ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់បន្ត និង ខិតខំប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយបុរេសកម្ម និង យកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួន ។ ក្រុមការងារនឹងបន្តផ្តល់ការសម្រសម្រួលគ្រប់ពេលវេលា ដើម្បីដោះស្រាយរាល់បញ្ហា ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធ ឱ្យកាន់តែមានភាពងាយស្រួល និង មានប្រសិទ្ធភាពខ្ពស់។
សូមទាញយក ប្រកាសព័ត៌មាន លេខ ០២៧ (ខែមិថុនា ឆ្នាំ២០១៦) នៅទីនេះ៖
https://fmis.mef.gov.kh/contents/uploads/2016/07/160711_Bulletin_27_KH.pdf