
7
Feb, 2017
ប្រកាសព័ត៌មាន លេខ ៣៤ (ខែ មករា ឆ្នាំ ២០១៧)
ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការរៀបចំក្រុមការងារគ្រប់គ្រង និង អនុវត្តគម្រោង FMIS ជំហានទី២”កាលពីថ្ងៃទី ១១-១២ ខែមករា ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និង ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នចំនួន១០ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ ២០១៧ នេះ ។ កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
នៅក្នុងខែមករានេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានបញ្ចប់ការរៀបចំផែនការមេ និង ផែនការសកម្មភាពសម្រាប់គ្រប់គ្រងការផ្លាស់ប្តូរ និង បានត្រៀមចុះផ្សព្វផ្សាយស្តីពី “ការបញ្ជ្រាបការយល់ដឹងនៅតាមក្រសួង-ស្ថាប័ន” ដែលនឹងចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ២០១៧ ។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងតែបន្តរៀបចំកម្មវីធីទំនាក់ទំនងនិងផ្សព្វផ្សាយពីវឌ្ឍនភាព និង បច្ចុប្បន្នភាពព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និង កំពុងបន្តជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារនៅដើមខែមីនា មុននឹងចាប់ផ្តើម អនុវត្តគម្រោង FMIS ជំហានទី២ ។
ដោយឡែក ក្រុមការងារផ្នែកមុខងារប្រព័ន្ធ FMIS កំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធកាន់តែរលូន និង មានប្រសិទ្ធភាពសម្រាប់ការអនុវត្តប្រព័ន្ធ FMIS ពេញលេញនៅឆ្នាំ ២០១៧ នេះ ។ លើសពីនេះ ក្រុមមុខងារប្រព័ន្ធក៏បានរៀបចំនូវកម្រងសំណួរ និង ឯកសារពាក់ព័ន្ធនានា សម្រាប់ការចុះទៅសិក្សាអំពីនីតិវិធីអនុវត្តការងារនៅតាមក្រសួង-ស្ថាប័នទាំង១០ ដើម្បីធានាឱ្យការអនុវត្តគម្រោង FMIS ជាមួយក្រសួង-ស្ថាប័នប្រកបដោយប្រសិទ្ធភាព ។
ក្រុមការងារផ្នែកកសាងសមត្ថភាពក៏បានផ្តល់នូវវគ្គបណ្តុះបណ្តាលបន្ថែមអំពីប្រព័ន្ធ FMIS ជូនដល់មន្រ្តីនៃអគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការបណ្តុះបណ្តាលតាមមុខងារនីមួយៗនៃប្រព័ន្ធ FMIS ទៅដល់មន្រ្តីកិច្ចសន្យាថ្មីដែលទើបនឹងចូលបម្រើការងារ ។
ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានពិនិត្យប្លង់ការរៀបចំពង្រីក មជ្ឈមណ្ឌលទិន្នន័យ (Data Center) និងសិក្សាពីតម្រូវការបរិក្ខារ និង ឧបករណ៏បច្ចេកវិទ្យាសម្រាប់ត្រៀមទ្រទ្រង់ប្រព័ន្ធ FMIS ជំហានទី២។ ស្របពេលជាមួយគ្នានេះដែរក្រុមការងារក៏បានបន្តចុះទៅដំឡើងឧបករណ៍បច្ចេកទេសសម្រាប់មន្ត្រីប្រើប្រាស់ប្រព័ន្ធបន្ថែម និង ដំឡើងម៉ាស៊ីនភ្លើង, ឧបករណ៍សម្រួលចរន្តអគ្គិសនី និង ឧបករណ៍ភ្ជាប់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ នៅរតនាគារខេត្តឧត្តរមានជ័យ និង បន្ទាយមានជ័យ ។
ក្រុមការងារគម្រោង FMIS នឹងចុះអនុវត្តសកម្មភាពទៅតាមផ្នែកនីមួយៗ ជាមួយនឹងក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នទាំង ១០ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS ចាប់ពីខែកុម្ភៈនេះ ដូចនេះ សូមក្រុមការងារអនុវត្តគម្រោងFMIS តាមក្រសួង-ស្ថាប័នត្រៀមខ្លួនចូលរួមសហការ ដើម្បីភាពជោគជ័យនៃការអនុវត្តគម្រោង FMIS ។
សូមទាញយក ប្រកាសព័ត៌មាន លេខ ០៣៤ (ខែ មករា ឆ្នាំ ២០១៧) នៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2017/02/Bulletin-34_Khmer.pdf