+855 23 43 00 63

10

May, 2018

ប្រកាសព័ត៌មាន លេខ ៤៨-៤៩ (ប្រចាំខែ មីនា-មេសា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ មីនា និងមេសា ឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន ១០  ថ្មីបន្ថែមដែលនឹងអនុវត្តនៅដើមឆ្នាំ ២០១៩ ។ ក្រុមការងារក៏បានចុះបេសកកម្មទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ២៥ ព្រមទាំងក្រសួង-ស្ថាប័ន១០ ដើម្បីសិក្សាពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ លំហូរការងារបច្ចុប្បន្ន ក៏ដូចជាទីតាំងដើម្បីដាក់ឧបករណ៍។ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានបញ្ចប់នីតិវិធីអនុវត្តកិច្ចលទ្ធកម្មលើមជ្ឈមណ្ឌលទិន្នន័យថ្មី ព្រមទាំងបានរៀបចំនីតិវិធីអនុវត្តការងារជាមួយក្រុមហ៊ុនដែញថ្លៃផងដែរ។

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

ថ្មីៗនេះក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានចុះទៅត្រួតពិនិត្យ ថែទាំម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍សម្ភារៈផ្សេងៗរបស់អ្នកប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដោយបានជួសជុល និងយកម៉ាស៊ីនដែលមិនអាចជួសជុលបានមកធ្វើការដោះដូរ។ ក្នុងនោះដែរ ក្រុមការងារក៏បានចុះត្រួតពិនិត្យទីតាំង សិក្សាកំលាំងអគ្គិសនី និងគូសប្លង់សម្រាប់តំឡើងឧបករណ៍សម្ភារៈប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នទាំង ១០ សម្រាប់គូសប្លង់ និងរៀបចំផែនការជាបន្តបន្ទាប់។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ក្រុមការងារមុខងារប្រព័ន្ធ បានអភិវឌ្ឍន៍ និងដាក់ឲ្យដំណើរការការទាញយកអត្រាប្តូរប្រាក់ស្វ័យប្រវត្តិពីធនាគារជាតិចូលទៅប្រព័ន្ធ FMIS ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញទាក់ទង នឹងការបញ្ជាទិញ ក៏ដូចជាការទូទាត់សាច់ប្រាក់ជាក់ស្តែង។ ក្នុងការជម្រុញនូវប្រសិទ្ធភាព និងលទ្ធភាពរបស់ប្រព័ន្ធ ក្រុមការងារបានបន្តធ្វើវឌ្ឍនភាពនៃការទូទាត់តាមអេឡិកត្រូនិក (EFT) ដោយបានសម្របសម្រួលធ្វើបច្ចុប្បន្នភាព និងកែតម្រូវព័ត៌មានអ្នកផ្គត់ផ្គង់ ដើម្បីអោយការប្រតិបត្តិការអាចអនុវត្តទៅបាន។ បន្ថែមពីនេះទៅទៀត EFT បានដាក់សាកល្បង ឲ្យអនុវត្តជាផ្លូវការ  ថែមទាំងបានកែសម្រួលការធ្វើសន្ធានកម្មរបាយការណ៍ធនាគារពាក់ព័ន្ធនឹងប្រភេទនៃការទូទាត់នេះផងដែរ។ ក្នុងនោះក្រុមការងារក៏បានចុះទៅសិក្សាកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន១០ ដើម្បីរៀបចំនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និងទំនាក់ទំនង បានសរសេរអត្ថបទព័ត៌មាន និងផលិតផ្ទាំងព័ត៌មាន Poster ផ្សេងៗពីវឌ្ឍនភាពប្រព័ន្ធក៏ដូចជាមុខងារក្នុងប្រព័ន្ធសម្រាប់ផ្សព្វផ្សាយលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម Facebook។ ក្រុមការងារក៏បានរៀបចំសិក្ខាសាលាបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួងទាំង ១០ថ្មី និងបានសិក្សាពីការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នចំនួន១០ ដើម្បីសិក្សាពីកម្រិតនៃការត្រៀមខ្លួន តម្រូវការព័ត៌មាន ដែលក្រុមការងារអាចផ្តល់និងរៀបចំផែនការសមស្របតាមតម្រូវការនិងគោលដៅ ៕

សូមទាញយកប្រកាសព័ត៌មានលេខ ៤៨-៤៩ (ប្រចាំខែ មីនា-មេសា ២០១៨) ៖ https://fmis.mef.gov.kh/contents/uploads/2018/05/bulletin-48-49-1.pdf