+855 23 43 00 63

15

Jul, 2019

ប្រកាសព័ត៌មាន លេខ ៥៩ (ប្រចាំខែ មេសា ឧសភា មិថុនា ២០១៩)

ដោយ៖: | Tags: | មតិយោបល់: 0

ឈានចូលមកកាន់ត្រីមាសទី២នេះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានកំពុងរៀបចំឈ្មោះ និងកាលវិភាគអ្នកដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលសម្រាប់ក្រសួង-ស្ថាប័នទាំង ១៧ ដែលនឹងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMISនាឆ្នាំ ២០២០ ខាងមុខនេះ។ ដោយឡែក មន្រ្តីដែលជា អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នចំនួន ១០ និង បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ ក៏ត្រូវបានទទួលការបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពី គន្លឹះសំខាន់ៗនៃការប្រើប្រាស់ប្រព័ន្ធ FMIS លើមុខងារចំនួន ៤ រួមមានមុខងារវិភាជន៍ថវិកា, មុខងារការទិញ, មុខងារគណនីត្រូវសង និង មុខងារគណនីត្រូវទារផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារបានសម្រេចនូវសមិទ្ធផលធំៗមួយចំនួនប្រចាំត្រីមាសដែលរួមមានសកម្មភាពដូចខាងក្រោម៖

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបាននិង កំពុងសហការ និង ត្រួតពិនិត្យការចុះដំឡើងបណ្តាញតភ្ជាប់, បណ្តាញចរន្តអគ្គិសនី, Wall-points និង ទូ Rack របស់គម្រោង FMIS នៅក្រសួង-ស្ថាប័នទាំង១៧ ដែលការងារនេះត្រូវបានចាប់ផ្តើមកាលពីខែ ឧសភា ឆ្នាំ ២០១៩ និង គ្រោងនឹងបញ្ចប់បេសកកម្មនេះក្នុងខែ តុលា ឆ្នាំ ២០១៩ សម្រាប់ត្រៀមឱ្យរួចរាល់មុននឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នទាំង១៧ ជាផ្លូវការ។ ទន្ទឹមគ្នានេះដែរ ក្រុមការងារបានចុះទៅពិនិត្យមើល ជួសជុល និងថែទាំលើឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS នៅក្រសួង-ស្ថាប័នទាំង២០, បណ្តាអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង២៥ ដើម្បីធានាបាននូវគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ក្រុមការងារមុខងារប្រព័ន្ធបានសម្រេចលើការកែតម្រូវលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័នទាំង១៧រួចរាល់។ បន្ថែមពីនេះក្រុមការងារបានរៀបចំរួចរាល់លើលក្ខណៈបច្ចេកទេសនៃការធ្វើសន្ធានកម្មពីប្រព័ន្ធ  NRMIS មកប្រព័ន្ធ FMIS ប៉ុន្តែរង់ចាំការកែសម្រួលមួយចំនួនទៅតាមតម្រូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ។ក្រុមការងារក៏បានរៀបចំរួចរាល់ផងដែរចំពោះមជ្ឈមណ្ឌលដោះស្រាយបញ្ហា  (HelpDesk Center)    និង  ដាក់ឱ្យដំណើរការជាសាកល្បង ដោយមានការរៀបចំទីតាំងសម្រាប់ធ្វើការទ្រទ្រង់, មន្ត្រីសម្រាប់ទទួលបន្ទុកការងារដោះស្រាយ,នីតិវិធីសម្រាប់ដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងជំនួយគាំទ្រ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពាក់កណ្តាលខែ  កក្កដា   ឆ្នាំ ២០១៩ ខាងមុខដ៏ខ្លី សម្រាប់ដោះស្រាយបញ្ហាអ្នកប្រើប្រាស់។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបន្តរៀបចំផលិតវីដេអូព័ត៌មានប្រចាំសប្តាហ៍ និងវីដេអូថ្មីៗមួយចំនួនទៀតសម្រាប់ផ្សព្វផ្សាយទៅកាន់សាធារណៈជនឱ្យកាន់តែជ្រាបច្បាស់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ។ លើសពីនេះទៅទៀត ក្រុមការងារបានរៀបចំឯកសារកម្រងវាយតម្លៃស្តីពីលទ្ធផលនៃការអនុវត្តប្រព័ន្ធរបស់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ផងដែរ។ ក្រុមការងារក៏សហការក្នុងការសម្របសម្រួលជាមួយក្រុមហេដ្ឋារចនាសម្ព័ន្ធ និង ក្រសួង-ស្ថាប័ន សម្រាប់ការចុះទៅដំឡើង Wall Point និង ការចុះថែទាំកុំព្យូទ័រប្រកបដោយភាពរលូនស្របតាមផែនការ។

  • ការងារបន្ត

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS ត្រៀមរៀបចំផ្តល់វគ្គបណ្តុះបណ្តាលអំពីមុខងារគន្លឹះសំខាន់ៗ ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាអ្នកត្រៀមខ្លួនសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ២០២០ ប្រចាំក្រសួង-ស្ថាប័ន១៧ នាពេលឆាប់ខាងមុខនេះ។ សូមថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់មេត្តាត្រៀមលក្ខណៈ និង សហការក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ។

ទាញយកឯកសារជា PDF ៖ https://fmis.mef.gov.kh/contents/uploads/2019/07/Draft-Bulletin-59.pdf