+855 23 43 00 63

4

Jul, 2014

ប្រកាសព័ត៌មានលេខ០០៤ (ខែមិថុនា)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នគម្រោង FMIS កំពុងឆ្លងពីដំណាក់កាលទី ២ ចូលដល់ដំណាក់កាលទី ៣ គឺដំណាក់កាលស្ថាបនាប្រព័ន្ធ ដែលជាដំណាក់កាលដ៏សំខាន់បំផុតក្នុងការឈានទៅប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បង និងផ្លូវការនៅឆ្នាំ ២០១៥ ខាងមុខនេះ។ ការរៀបចំចងក្រងនីតិវិធីអនុវត្តការងារបច្ចុប្បន្នបានបញ្ចប់ជាស្ថាពរ ហើយក្រុមការងារកំពុងខិតខំរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត (To-Be Process) សម្រាប់ដាក់ចូលទៅក្នុងប្រព័ន្ធ FMIS ។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារ FMWG បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអំំពីទិសដៅសម្រាប់រៀបចំនីតិវិធីអនុវត្តការងារអនាគត និងបានទទួលអនុសាសន៍ពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើជម្រើសទាំង ៣ ដែលក្រុមការងារបានបង្ហាញជូន។ ក្នុងចំណោមជម្រើសចំនួន៣នោះ ថ្នាក់ដឹកនាំសម្រេចជ្រើសយកជម្រើសទី៣ សម្រាប់ជាទិសដៅនៃការរៀបចំនីតិវិធីអនុវត្តការងារអនាគតសម្រាប់ដាក់ប្រើប្រាស់ប្រព័ន្ធ FMIS ដែលមានន័យថានីតិវិធីអនុវត្តការងារនៅចំណុចត្រួតពិនិត្យនីមួយៗនៅក្នុងប្រព័ន្ធ FMIS នឹងមានការងារជាជំហានចំនួនពីរពាក់ព័ន្ធនឹង Add (បញ្ចូលទិន្នន័យ និងព័ត៌មាន) និង Confirm (សម្រេច និងអនុម័ត) ដើម្បីធានាឱ្យការអនុវត្តប្រព័ន្ធ FMIS នៅកម្ពុជានៅឆ្នាំ២០១៥ ប្រកបដោយឧត្តមានុវត្តដូចប្រទេសនៅក្នុងតំបន់ និងសាកលលោក។ ចំណែកឯការងារផ្សេងៗ ដែលត្រូវការអនុវត្តដោយដៃ (Manual Processes)ពាក់ព័ន្ធនឹងការពិនិត្យ និងអនុម័ត ដែលពុំផ្ដល់នូវតម្លៃបន្ថែមដល់ប្រព័ន្ធ FMIS នឹងត្រូវបន្តអនុវត្តនៅក្រៅប្រព័ន្ធ FMIS ហើយការងារដែលនៅក្រៅប្រព័ន្ធទាំងនោះនឹងត្រូវធ្វើសនិទានកម្មដោយ ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និងនាយកដ្ឋាន និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បន្ទាប់ពីនោះនៅថ្ងៃទី ២៣-២៤-២៥ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារនីតិវិធីអនុវត្តការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ក៏បានរៀបចំ សិក្ខាសាលា ដើម្បីចែកជូនអគ្គនាយកដ្ឋានពាក់ព័ន្ធនូវឯកសារព្រាងនីតិវិធីអនុវត្តការងារអនាគត ដែលក្រុមហ៊ុនបានរៀបចំឡើង ព្រមទាំងធ្វើបទបង្ហាញត្រួសៗពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ដែលមានភាពងាយស្រួលក្នុងការអនុវត្តការងារបច្ចុប្បន្ន។

ស្របគ្នានេះដែរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងអនុវត្តការងារយ៉ាងស្អិតរមួតជាមួយទីប្រឹក្សាគម្រោង ដើម្បីកែលម្អលើឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan) និងការវិភាគអំពីអ្នកពាក់ព័ន្ធ ( Stakeholder Analysis)” ដែលរៀបចំឡើងដោយភាគីក្រុមហ៊ុនផ្គត់ផ្គង់ សម្រាប់ពង្រឹងការអនុវត្តគម្រោង FMIS ឲ្យកាន់តែប្រសើរឡើង។ ក្រុមការងារគ្រោងនឹងរៀបចំសិក្ខាសាលាជាបន្តបន្ទាប់នៅក្នុងខែកក្កដា សម្រាប់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីទទួលបាននូវអនុសាសន៍លើការងាររៀបចំ និងវិភាគផលប៉ះពាល់ពីនីតិវិធីអនុវត្តការងារអនាគតសម្រាប់ដាក់ចូលប្រព័ន្ធ FMIS ។

មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្រ្គោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលកំពុងត្រូវបានស្ថាបនាយ៉ាងរលូន ដោយភាគីក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ។ ការស្ថាបនានេះរំពឹងថានឹងបញ្ចប់នៅក្នុងពាក់កណ្តាលខែសីហា ខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានទទួលនូវម៉ាស៊ីនមេ (Server) ចំនួន ២ ពីក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធសម្រាប់ការអភិវឌ្ឍ សាកល្បង និង បណ្តុះបណ្តាល។ ក្រុមការងាររួមក៏បាននឹងកំពុងបន្តសហការគ្នារៀបចំឯកសារសម្រាប់នាំចូលនូវសម្ភារៈ និងឧបករណ៍ជាដំណាក់កាលទី២ ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។

យើងកំពុងឈានចូលដំណាក់កាលសំខាន់ ដូចនេះសូមក្រុមការងារ និងមន្រ្តីនៅអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រៀមខ្លួនចូលរួមអនុវត្តនីតិវិធីអនុវត្តការងារអនាគត និងសហការជាមួយនឹងក្រុមការងាររួមរបស់គម្រោង ដើម្បីឱ្យការអនុវត្តគម្រោង FMIS របស់យើង ប្រកបដោយភាពរលូន និងជោគជ័យ។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖

គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh

ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

ឯកសារភ្ជាប់ជា PDF៖ ភាសាខ្មែរ /English