
9
May, 2017
ប្រកាសព័ត៌មាន លេខ ៣៧ (ខែ មេសា ឆ្នាំ ២០១៧)
នៅក្នុងខែមេសានេះ ក្រុមការងារគ្រប់គ្រងគម្រាង FMIS បានសហការជាមួយជំនាញការមកពីធនាគារពិភពលោក រៀបចំសិក្ខាសាលាស្តីអំពី “ការគ្រប់គ្រងការផ្លាស់ប្តូរ និងការរៀបចំនីតិវិធីអនុវត្តស្តង់ដារ (SOP)” ដែលប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួង-ស្ថាប័នចំនួន ១០ ។ ជាលទ្ធផល សិក្ខាកាមអាចទទួលបាននូវចំណេះដឹងបន្ថែមអំពីការគ្រប់គ្រងការផ្លាស់ប្តូរ អត្ថប្រយោជន៍នៃការរៀបចំនីតិវិធីអនុវត្តស្តង់ដារ (SOP) និងយល់កាន់តែច្បាស់អំពីតួនាទីក្នុងការគាំទ្រ និងអនុវត្តគម្រោង FMIS នៅក្នុងជំហានទី ២ ។
ទន្ទឹមពេលជាមួយគ្នានេះក្រុមការងារផ្នែកកសាងសមត្ថភាព និង ផ្សព្វផ្សាយ ព្រមទាំងក្រុមការងារនីតិវិធីអនុវត្តការងារ កំពុងមមាញឹកក្នុងការបណ្តុះបណ្តាលបំប៉នបន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់មន្ត្រីរតនាគាររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនៅតាមរតនាគាររាជធានី-ខេត្ត ក្នុងការអនុវត្តប្រព័ន្ធ FMIS ឱ្យកាន់តែមានប្រសិទ្ធភាព និង បញ្ចូលប្រតិបត្តិការឱ្យបានទាន់ពេលវេលា ។ ចំណែកឯមន្រ្តីនៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យាក៏ទទួលបាននូវវគ្គបណ្តុះបណ្តាលជំនាញទន់ ដើម្បីអភិវឌ្ឍសមត្ថភាព និងចំណេះដឹងបន្ថែមក្នុងការអនុវត្តការងារប្រចាំថ្ងៃឱ្យមានភាពរលូន ។
ក្រៅពីនេះ ក្រុមការងារផ្នែកមុខងារប្រព័ន្ធ FMIS នៅតែបន្តការជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីនៅតាមរតនាគាររាជធានី-ខេត្ត ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ហើយក្រុមការងារនីតិវិធីអនុវត្តការងារក៏បានផ្ញើរចេញនូវគំរូព្រាង និងធ្វើបទបង្ហាញអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នដែលបានកែប្រែរួចទៅកាន់ក្រសួង-ស្ថាប័នដើម្បីធ្វើការត្រួតពិនិត្យ និងចុះហត្ថ-លេខា។
ក្រៅពីការបន្តសកម្មភាពជួយ ដោះស្រាយ បញ្ហា ជួសជុល និង ថែទាំឧបករណ៍បច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តគម្រោង FMIS នៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធនៅថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ ក៏កំពុងបន្តសិក្សា ត្រួតពិនិត្យពីគុណភាព និងប្រព័ន្ធសុវត្ថិភាពរបស់ប្រព័ន្ធ FMIS ដើម្បីធ្វើការសិក្សាស្វែងយល់ពីចំណុចខ្វះខាតដែលត្រូវពង្រឹងបន្ថែម។
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងពិនិត្យលើឯកសារនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៃក្រសួង-ស្ថាប័ន និងនីតិវិធិអនុវត្តការងារតាមប្រព័ន្ធ FMIS ដើម្បីផលិតចេញជានីតិវិធីអនុវត្តការងារស្តង់ដារ (SOP) ដូច្នេះ សូមក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នចូលរួមសហការត្រួតពិនិត្យនីតិវិធីអនុវត្តការងារឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីឱ្យការអនុវត្តគម្រោង FMIS អាចសម្រេចបានជោគជ័យទៅតាមពេលវេលាដែលបានកំណត់។
សូមទាញយក ប្រកាសព័ត៌មាន លេខ ៣៧ (ខែ មេសា ឆ្នាំ ២០១៧): https://fmis.mef.gov.kh/contents/uploads/2017/05/Bulletin_37.pdf