
11
Jul, 2017
ប្រកាសព័ត៌មាន លេខ ៣៩ (ខែ មិថុនា ឆ្នាំ ២០១៧)
នៅក្នុងខែ មិថុនា នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការរៀបចំឯកសារដេញថ្លៃផ្គត់ផ្គង់ ឧបករណ៍ សម្ភារបច្ចេកវិទ្យាព័ត៌មាន សម្រាប់គាំទ្រដល់ដំណើរការអនុវត្តគម្រោង FMIS ជំហានទី២ និងបានជួបប្រជុំពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS លើកិច្ចលទ្ធកម្មសម្រាប់ផ្គត់ផ្គង់ឧបករណ៍ សម្ភារ និងសេវាបច្ចេកវិទ្យាព័ត៌មាន។ លើសពីនេះក្រុមការងារក៏បានចូលរួមធ្វើបទបង្ហាញអំពីប្រព័ន្ធ FMIS នៅក្នុងការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន កម្ពុជា ២០១៧ ដែលធ្វើឡើងនៅក្នុងវិទ្យាស្ថានគមនាគមន៍កម្ពុជា និងបន្តឈានដល់ការចូលរួមវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ខាងមុខ។
ក្រុមការងារផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ និង ប្រាស្រ័យទាក់ទងបានបញ្ចប់ការប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកែលម្អនីតិវិធីអនុវត្តស្តង់ដារនៃជំហានទី ១ ដែលជាលទ្ធផលក្រុមការងារប្រមូលបានធាតុចូល សំខាន់ៗដែលជាមូលដ្ឋានក្នុងការរៀបចំ កែលម្អនីតិវិធីអនុវត្តស្តង់ដារនៅជំហានទី១ និងការត្រៀមផ្សារភ្ជាប់ជាមួយនីតិវិធីអនុវត្តស្តង់ដារនៅជំហានទី២ របស់ក្រសួង-ស្ថាប័ន។ ទន្ទឹមនឹងនេះ ក្រុមការងារបាននិងកំពុងបន្តពិនិត្យ និងរៀបចំឯកសារសម្រាប់កែលម្អនីតិវិធីអនុវត្តស្តង់ដារនេះ ដោយមានការចូលរួមសហការផ្តល់នូវធាតុចូល ពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុពិនិត្យ និង សម្រេច។
ដោយឡែកក្រុមការងាររៀបចំនីតិវិធីអនុវត្តការងារបាន បញ្ចប់ការគូសលំហូរការងារ និង ការបរិយាយលំហូរនីតិវិធីអនុវត្តការងារនាពេលអនាគត (To-Be Business Processes) របស់ក្រសួង-ស្ថាប័នទាំង ១០ និង កំពុងរង់ចាំការអនុម័តលើលំហូរនីតិវិធីអនុវត្តការងារនាពេលអនាគតពីក្រសួង-ស្ថាប័នទាំង១០។ ក្រៅពីនេះ ក្រុមការងារក៏បានរៀបចំការប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះៗ ដើម្បីចូលរួមផ្តល់ជាធាតុចូលបន្ថែមអំពីលំហូរការងារនាពេលអនាគតរបស់ក្រសួង-ស្ថាប័ន ។ ស្របពេលជាមួយគ្នានេះ ក្រុមការងារក៏នៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការជួយគាំទ្រ និង សម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់អ្នកប្រើប្រាស់ផងដែរ។
ពាក់ព័ន្ធនឹងការងារសន្ធានកម្ម បច្ចុប្បន្ន ក្រុមការងារផ្នែកមុខងារប្រព័ន្ធ FMIS បានកំពុងធ្វើការសាកល្បងការធ្វើសន្ធានកម្មទិន្នន័យរវាងធនាគារវឌ្ឍនៈ ជាមួយប្រព័ន្ធ FMIS ដោយគ្រោងនឹងបញ្ចប់នៅដើមខែ កក្កដា ខាងមុខនេះ ។ ចំណែកក្រុមការងារផែ្នក ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ បាននិងកំពុងធ្វើការរៀបចំកែលម្អប្រព័ន្ធសុវត្ថិភាពបន្ថែមសម្រាប់ប្រព័ន្ធ FMIS និង ចុះបេសកកម្មត្រួតពិនិត្យ ជួសជុល និង ថែទាំឧបករណ៍បច្ចេកវិទ្យាព័ត៌មាននៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ៕
ក្រុមការងារគ្រប់គ្រងគម្រោង FMIS សំណូមពរ ឱ្យគ្រប់ភាគឺពាក់ព័ន្ធ ក៏ដូចជាក្រសួង-ស្ថាប័នទាំង១០ ចូលរួមសហការយ៉ាងសកម្ម ដើម្បីបញ្ចប់នូវនីតិវិធីអនុវត្តការងារនាថ្ងៃអនាគត និង កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ឱ្យបានចប់សព្វគ្រប់នៅក្នុងខែ កក្កដា ខាងមុខនេះ ។
សូមទាញយក ប្រកាសព័ត៌មាន លេខ៣៩ (ខែ មិថុនា ឆ្នាំ ២០១៧) https://fmis.mef.gov.kh/contents/uploads/2017/07/Bulletin_39.pdf